តៃវ៉ាន់​ទិញ​គ្រឿង​សឹក​ទំនើបៗ ត្រៀម​ធ្វើសង្គ្រាម​រយៈពេល​យូរ បើ​ចិន​ឡោមព័ទ្ធ​ជាប់​

ព័ត៌មានអន្តរជាតិ
0
71
ទីក្រុង​តៃប៉ិ​៖ ដោយសារ​ប្រទេស​ចិន កំពុងតែ​បង្កើន​នូវ​ការដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​កោះ​តៃវ៉ាន់​នោះ រដ្ឋាភិបាល​ក្រុង​តៃប៉ិ បាន និង កំពុងតែ​បង្កើន​នូវ​ការចំណាយ លើ​កញ្ចប់​ថវិកាជាតិ កាន់តែ​ច្រើនឡើង សម្រាប់​ទិញ​គ្រឿង​ចម្បាំង​ទំនើបៗ មកពី​សហរដ្ឋអាមេរិក យកមក​ត្រៀមខ្លួន​ទុកជាមុន សម្រាប់​ការធ្វើ​សង្គ្រាម រយៈពេល​យូរ ប្រសិនបើ​ត្រូវ​ចិន​ឡោមព័ទ្ធ​ជាប់​។​

​សារព័ត៌មាន Taipei Timews បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែសីហា ថា បើតាម​សេចក្ដីរាយការណ៍ កាលពី​ថ្ងៃ​សុក្រ បាន​អះអាងថា តៃវ៉ាន់ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ មាន​រយៈពេល​៦​ឆ្នាំ ជាមួយនឹង​សហរដ្ឋអាមេរិក មាន​ទឹកប្រាក់​ទំហំ ១,៣៦​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើនឹង​៤៥,១៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ កុងត្រា​នេះ បាន​ផ្ដោតទៅលើ​គ្រឿងបន្លាស់ និង គ្រាប់រំសេវ សម្រាប់​ឧទ្ធម្ភាគចក្រ ជាច្រើន​គ្រឿង ប្រភេទ Apache និង Black Hawk ។​



​បើតាម​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ កាលពីពេល​ថ្មីៗ​នេះ បាន​បង្ហាញថា រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) កំពុងតែ​រៀបចំ​កញ្ចប់​គ្រឿង​សព្វាវុធ​ថ្មី សម្រាប់​តៃវ៉ាន់ នៅក្នុង​ខែកញ្ញា ខាងមុខនេះ ខណៈ​ចិន​កំពុងតែ​បន្តធ្វើ​សមយុទ្ធ​យោធា និង បញ្ជូន​យន្តហោះ​ចម្បាំង ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​សារព័ត៌មាន The Liberty Times បាន​រាយការណ៍​ថា កិច្ច​ព្រម​ព្រៀ​ថ្មី​នេះ មិនបាន​រាប់បញ្ចូល​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ទិញ​គ្រឿង​សព្វាវុធ​ថ្មី​នោះឡើយ​។ ប៉ុន្ដែ​កិច្ចព្រមព្រៀង​នេះ ក៏ត្រូវ​បានរៀបចំ​ឡើង ដើម្បី​ជួយ​ធ្វើឱ្យ​ប្រសិទ្ធភាព​ដល់​ឧទ្ធម្ភាគចក្រ​របស់​តៃវ៉ាន់ រួច​ផុតពី​ការឡោមព័ទ្ធ​រយៈពេល​យូរ ពី​កងទ័ព​ចិន​។​


​សេចក្ដីរាយការណ៍ ដដែល​នោះ បាន​បន្ដ ថា ថា កងទ័ព​តៃវ៉ាន់ បានប្រគល់​ឱ្យ​តំណាង​យោធា​របស់ខ្លួន ប្រចាំ​នៅ​សហរដ្ឋអាមេរិក ចុះហត្ថលេខា​លើ​ឯកសារ​នេះ ជាមួយនឹង​វិទ្យាស្ថាន​សហរដ្ឋអាមេរិក នៅ​តៃវ៉ាន់ (AIT) ដោយ​គ្របដណ្តប់ រយៈពេល ចាប់ពី​ខែ​មុន រហូតដល់​ខែធ្នូ ឆ្នាំ​២០២៨ ហើយ​វា​មាន​ទំហំ​ទឹកប្រាក់​ជាង ១,៣៦៤​ពាន់​លាន​ដុល្លារ (១ ៣៦៤ ៦៤០ ០០០​ដុល្លារ​) តៃវ៉ាន់ ឬ​ស្មើនឹង​ជាង ៤៥,០៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​រដ្ឋាភិបាល​តៃប៉ិ បានបញ្ជាក់ កាលពី​ថ្ងៃទី​២៥ ខែសីហា ថា តៃវ៉ាន់ បាន​ស្នើសុំ​កញ្ចប់​ថវិកា លើ​វិស័យ​ការពារជាតិ សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣ មាន​ទំហំ​ទឹកប្រាក់ ៥៨៦,៣​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើនឹង​ជាង ១៩,៣៥៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំនួន​ថវិកា​សម្រាប់​វិស័យ​ការពារជាតិ នា​ឆ្នាំ​២០២៣​នេះ បានកើត​ឡើង រហូតដល់ ១៣,៩​ភាគរយ បើ​ធៀប​នឹង​ការចំណាយ កាលពី​ឆ្នាំ​មុខ​។​



​តៃវ៉ាន់ បាន​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣ ដ៏​ច្រើន​បែបនេះ ក៏​ដោយសារតែ​មានការ​គំរាមកំហែង ពី​ប្រទេស​ចិន ចេះតែ​កើនឡើង មកលើ​សន្ដិសុខ នៅលើ​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​។ ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​តៃវ៉ាន់ ជា​ដែនដី​របស់​ចិន ហើយ​ខ្លួន​នឹង​ប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស​ពី​ឯករាជភាព កាត់ផ្ដាច់​ចេញពី​ចិន​៕​