ជប៉ុន​ចាប់ដៃ​អាមេរិកធ្វើ​សមយុទ្ធ​យោធា បង្កើន​សមត្ថភាព​ការពារ​កោះដាច់​ស្រយាលរ​បស់​ខ្លួន​

ព័ត៌មានអន្តរជាតិ
0
163
រាជធានី​តូ​ក្យូ​៖ ដោយសារតែ​ស្ថានការណ៍​នយោបាយ នៅក្នុង​តំបន់ កំពុងតែ​ឡើងក​ម្ដៅ​ខ្លាំង​នោះ ជប៉ុន និង សហរដ្ឋអាមេរិក បានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា បាញ់​គ្រាប់​ពិត សម្រាប់​បង្កើន​សមត្ថភាព​ដល់​កងទ័ព​ជប៉ុន ការពារ​ដែន​កោះដាច់​ស្រយាល​របស់ខ្លួន ដោយ​ប្រើប្រាស់​មី​ស៊ី​ល​ដ៏​ទំនើប ប្រឆាំងនឹង​រថក្រោះ​រប​ស់ស​ត្រូវ​។​

​សារព័ត៌មាន​របស់​ជ​ប៉ុន NHK (​អិន​ហះ​កា​) បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែសីហា ថា កម្លាំង​ថ្មើរជើង​របស់​កងទ័ព​ស្វ័យការពារ​ជប៉ុន និង កងទ័ព​សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ បានធ្វើ​សមយុទ្ធ​រួមគ្នា​មួយ ឈ្មោះ Orient Shield 22 នៅលើ​កោះ​គ្យូស៊ូ (Kyushu) ជា​កោះ​ដ៏​ធំ​បំផុត​មួយ ស្ថិតនៅ​ភាគ​និរតី ប្រទេស​ជប៉ុន​។ កងទ័ព ជា​សម្ពន្ធមិត្ត នៃ​ប្រទេស​ទាំង​២​នេះ បាន​ប្រើប្រាស់​មី​ស៊ី​លបាញ់​លើ​ស្មា សម្រាប់​ប្រឆាំងនឹង​រថក្រោះ ចា​វេ​លីន (Javelin) នៅក្នុង​ការធ្វើ​សមយុទ្ធ​របស់​ពួកគេ​។ ចំណែក​មី​ស៊ី​ល ប្រភេទ​នេះ ក៏​ត្រូវបាន​សហរដ្ឋអាមេរិក ផ្គត់ផ្គង់ ទៅ​ឲ្យ​កងទ័ព​អ៊ុយ​ក្រែ​ន យកទៅ​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព សម្រាប់​ទប់ទល់​នឹងរ​ថ​ចម្បាំង​របស់​រុស្ស៊ី ផងដែរ​។​


​នៅ​ថ្ងៃ​ដំបូង នៃ​ការធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ រវាង​កងទ័ព ប្រទេស​ជា​សម្ពន្ធមិត្ត ទាំង​២​នេះ គឺ​សហរដ្ឋអាមេរិក បាន​បាញ់​មី​ស៊ី​ល Javelin ខណៈ​ជប៉ុន បាន​បាញ់​មី​ស៊ី​ល ប្រភេទ 01 LMAT ជា​ប្រភេទ​មី​ស៊ី​ល​កែ​ពី Javelin របស់​ជប៉ុន នៅ​កន្លែង​សមយុទ្ធ Oyanohara ស្ថិតក្នុង​ទីក្រុង​យ៉ាម៉ា​តូ (Yamato) ខេត្ត​គូ​ម៉ា​ម៉ូតូ (Kumamoto)​។

​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា រវាង​ប្រទេស ជា​សម្ពន្ធមិត្ត​ទាំង​២​នេះ បានចាប់ផ្ដើម ពីថ្ងៃ​អាទិត្យ ទី​២៨ ខែសីហា រហូតដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម ពី​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ចំនួន ១ ៤០០​នាក់ និង កងទ័ព​សហរដ្ឋអាមេរិក ចំនួន​៧០០​នាក់​។ សមយុទ្ធ​យោធា​នេះ បាន​ផ្ដោ​ល​គោលដៅ​យ៉ាងសំខាន់ ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែន​កោះ ស្ថិតក្នុង​តំបន់​ដាច់ស្រយាល នៃ​ប្រទេស​ជប៉ុន​។​



សហរដ្ឋអាមេរិក បាន​ផ្គត់ផ្គង់​មី​ស៊ី​ល​ប្រឆាំងនឹង​រថក្រោះ ប្រភេទ Javelin ទៅដល់​កងទ័ព​អ៊ុយ​ក្រែ​ន សម្រាប់​ប្រើប្រាស់ ប្រឆាំងនឹង​រថ​ចម្បាំង​របស់​ទាហាន​រុ​ស្ស៉ី ហើយ​កងកម្លាំង​ស្វ័យការពារ​របស់​ជប៉ុន និង បណ្ដា​ប្រទេស ជា​សម្ពន្ធមិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន ជាច្រើន​ផ្សេងទៀត ក៏បាន​ប្រើ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រភេទ​នេះ​ផងដែរ​៕​