តៃវ៉ាន់ អត់ទ្រាំ​លែង​គំរាម​បាញ់​ទម្លាក់​បា​ឡុង ហោះ​ចេញពី​ចិនដីគោក​

ព័ត៌មានអន្តរជាតិ
0
0


​ទីក្រុង​តៃប៉ិ​៖ ក្រោយពេល​បណ្ដាញ​ទូរទស្សន៍​របស់​ចក្រភព​អង់គ្លេស បាន​រាយការណ៍ អំពី​កម្មវិធី​បា​ឡុង​ចារកម្ម​របស់​ក្រុង​ប៉េកាំង តម្រង់​គោលដៅ ទៅលើ​ប្រទេស​ជប៉ុន និង កោះ​តៃវ៉ាន់ នោះមក កងទ័ព​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ កំពុងតែ​តាមដាន​នូវ​សកម្មភាព​ណាមួយ​របស់​បា​ឡុង​ហោះ នៅក្នុង​រយៈកម្ពស់​ខ្ពស់ ហោះ​ចេញពី​ចិនដីគោក ដោយ​គំរាម​បាញ់​ក​ម្ទេ​ចោល​។​

​សារព័ត៌មាន Channel News Asia បាន​ផ្សាយ នៅ​ថ្ងៃ​ពុធ ទី​២៨ ខែមិថុនា ថា មន្ដ្រី​ចារកម្ម​មួយរូប​របស់​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​អះអាង ថា កងទ័ព​តៃវ៉ាន់ នឹង​បាញ់​ទម្លាក់​បា​ឡុង​ទាំងឡាយណា​របស់​ចិនដីគោក ប្រសិនបើ​វា​បង្ហាញ​នូវ​ការគំរាមកំហែង មកលើ​ដែន​កោះ​របស់ខ្លួន​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការពារជាតិ​តៃវ៉ាន់ កាលពី​ថ្ងៃ​អង្គារ (​ទី​២៧ ខែមិថុនា​) បានកើត​ឡើង ស្របពេល​មាន​របាយការណ៍​ជាថ្មី អំពី​កម្មវិធី «​បា​ឡុង​ចារកម្ម​» របស់​ក្រុង​ប៉េកាំង​នៅក្នុង​តំបន់ ជាមួយនឹង​ការរកឃើញ​ចុងក្រោយ​របស់ BBC បានបង្ហាញ ថា តៃវ៉ាន់ និង ជប៉ុន​កំពុងតែ​ក្លាយជា​គោលដៅ នៅក្នុង​តំបន់​អាស៊ី​បូព៌ា​។​

​បណ្ដាញ​ទូរទស្សន៍ BBC បាន​រាយការណ៍ ថា «​រូបភាព​ជាច្រើន នៃ​បា​ឡុង បាន​ឆ្លងកាត់​តំបន់​អាស៊ី​បូព៌ា​» ក្រោយពេល​មាន​គម្រោង​រួមគ្នា ជាមួយ​ក្រុមហ៊ុន​បញ្ញា​សិប្បនិម្មិត Synthetaic ដែល​បាន​វិភាគ​ទិន្នន័យ តាម​ផ្កាយរណប​។ របាយការណ៍​នោះ បាន​អះអាង ថា មាន​ភស្តុតាង​អំពី​បា​ឡុង បាន​ហោះ​ឆ្លងកាត់​ប្រទេស​ជប៉ុន និង តៃវ៉ាន់ នៅក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១​។​

​ប្រទេស​ជប៉ុន ក៏បាន​បញ្ជាក់​ផងដែរ ថា បា​ឡុង បាន​ហោះហើរ​ពីលើ​ដែនអាកាស​របស់ខ្លួន ហើយ​កងទ័ព​ជប៉ុន បាន​ត្រៀមលក្ខណៈ​រួចរាល់ សម្រាប់​ការបាញ់​កម្ទេច​បា​ឡុង​ទាំងអស់ នាពេល​អនាគត​។​

​ជាមួយនឹង​ការប្រកាស អំពី​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា​នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ លោក​ឧ​ត្ត​ម​សេនីយ៍ លីន វ៉ែន​-​ហ៊ួ​ង (Lin Wen-huang) នាយ​ផែនការ​ប្រតិបត្តិ​ការរួម នៃ​ក្រសួងការពារជាតិ​តៃវ៉ាន់ បានបញ្ជាក់ ថា «​ប្រសិនបើ​បា​ឡុង​ទាំងនេះ បង្ក​ការបំភិតបំភ័យ ឬ គំរាមកំហែង​ដល់​កោះ​តៃវ៉ាន់ យើង​នឹង​បាញ់​ទម្លាក់ និង បំផ្លាញ​បា​ឡុង​ទាំងនោះ​ចោល ដើម្បី​ថែរក្សា​ដល់​សន្តិសុខ​របស់​យើង​»​។​

​លោក​វរសេនីយ៍ឯក ឡូ ចេង​-​យូ (Lo Cheng-yu) មន្ដ្រី​យោធា នៃ​មជ្ឈមណ្ឌល​ស៊ើបការណ៍​សម្ងាត់​របស់​ក្រសួងការពារជាតិ​តៃវ៉ាន់ បានបញ្ជាក់ ថា កងទ័ព បាន​បោះ​មូលដ្ឋាន នៅ​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់ ក្រោម​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង កំពុងតែ​តាមដាន​រាល់​សកម្មភាព​របស់​បា​ឡុង ហោះ​នៅក្នុង​រយៈកម្ពស់​ខ្ពស់ ចេញ​មកពី​ប្រទេស​ចិន​៕​