សហរដ្ឋអាមេរិក ចោទ​អ៊ីរ៉ង់ និង កូរ៉េខាងជើង ផ្គត់ផ្គង់​អាវុធ​ឲ្យ​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
71



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ សហរដ្ឋអាមេរិក បាន​ចោទប្រកាន់​អ៊ីរ៉ង់ និង កូរ៉េខាងជើង កំពុងតែ​ផ្គត់ផ្គង់​គ្រឿងយុទ្ធោបករណ៍ ដល់​ប្រទេស​រុស្ស៊ី សម្រាប់​បំពេញតម្រូវការ នៅក្នុង​សង្គ្រាម​របស់​ក្រុង​មូ​ស្គូ នៅ​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន Los Angeles Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២ ខែវិច្ឆិកា ថា លោក ច​ន ឃើ​រ​ប៊ី (John Kirby) អ្នកនាំពាក្យ សន្ដិសុខ​ជាតិ​សេត​វិមាន កាលពី​ថ្ងៃ​ពុធ លើកឡើង ថា សហរដ្ឋអាមេរិក មាន​ព័ត៌មាន បង្ហាញ ថា កូរ៉េខាងជើង កំពុងតែ​ផ្គត់ផ្គង់​កាំភ្លើង​ធំ​មួយចំនួនធំ ទៅដល់​រុស្ស៊ី ដើម្បី​ជួយ​គាំទ្រ​ដល់​សង្គ្រាម​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​បញ្ហា​គោលនយោបាយ​ការបរទេស​ដ៏​តឹងតែង​បំផុត​មួយចំនួន កំពុងតែ​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក ប្រ​ឈ​មុខ​នៅ​អឺរ៉ុប អាស៊ី​បូព៌ា និង មជ្ឈិមបូព៌ា ដែល​បានចាប់ផ្តើម​ដាក់បញ្ចូល​គ្នា​។ ជាមួយគ្នានេះដែរ មន្ត្រី​សហរដ្ឋអាមេរិក បាន​ចោទប្រកាន់​ដល់​កូរ៉េខាងជើង ថា ក្រុង​ព្យុងយ៉ាង បាន​ចូលរួម​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ជួយ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ ទៅដល់​ប្រទេស​រុស្ស៊ី សម្រាប់​សង្គ្រាម​របស់​ក្រុង​មូ​ស្គូ កំពុងតែបន្ត នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក ច​ន ឃើ​រ​ប៊ី (John Kirby) អ្នកសម្របសម្រួល​ទំនាក់ទំនង​យុទ្ធសាស្ដ្រ ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ សហរដ្ឋអាមេរិក បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ពុធ ថា ក្រុង​ព្យុងយ៉ាង កំពុងតែ​ផ្គត់ផ្គង់ ដោយ​សម្ងាត់ ជួយ​ដល់​សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជាមួយនឹង​គ្រាប់កាំភ្លើង​ធំ​ជាច្រើន​គ្រាប់ ខណៈ​ធ្វើឱ្យមាន​ការភ័ន្តច្រឡំ លើ​ការដឹកជញ្ជូន ដោយ​ការធ្វើឱ្យ​ដូចជា​ពួកគេ​កំពុងតែ​ធ្វើដំណើរ​ទៅកាន់​បណ្ដា​ប្រទេស​មជ្ឈិមបូព៌ា និង អាហ្វ្រិក​ខាងជើង​។​

​លោក ច​ន ឃើ​រ​ប៊ី (John Kirby) ក៏បាន​ពិភាក្សា អំពី​ការវាយតម្លៃ កាលពី​ពេលមុន ដោយ​បង្ហាញ ថា អ៊ីរ៉ង់ បាន​បង្វែរ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន​ទៅកាន់​ប្រទេស​រុស្ស៊ី​។ សកម្មភាព​បែបនេះ ត្រូវបាន​មើល​រួចមកហើយ នៅក្នុង​អ៊ុយ​ក្រែ​ន ហើយ​ឥឡូវនេះ ក៏​អាច​ស្ថិតក្នុង​ដំណើរការ​បញ្ជូន​មី​ស៊ី​ល បាញ់​ពីលើ​ដី​ទៅ​អាកាស សម្រាប់​ប្រើប្រាស់ នៅក្នុង​ជម្លោះ រវាង​ក្រុង​កៀវ និង ក្រុង​មូ​ស្គូ ថែម​ទៀតផង​។​

​លោក ច​ន ឃើ​រ​ប៊ី បានបញ្ជាក់ ថា «​ឥឡូវ រដ្ឋការ​របស់លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធាន​ធិបតី​សហរដ្ឋអាមេរិក មាន​ព្រួយបារម្ភ​ខ្លាំង​ជាង​ពេល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បានចាប់ផ្ដើម​ធ្វើសង្គ្រាម នៅ​ថ្ងៃ​ដំបូង ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​ទៅទៀត​។ ដោយសារ​ពេលនោះ មេដឹកនាំ​រុស្ស៊ី មិនបាន​ពឹង​ផ្អែកលើ​ប្រភព​គាំទ្រ មកពី​ប្រទេស​ណាមួយ​នោះឡើយ​»​។​

​អ្នកសម្របសម្រួល​ទំនាក់ទំនង​យុទ្ធសាស្ដ្រ ក្រុមប្រឹក្សាសន្ដិសុខ​ជាតិ សហរដ្ឋអាមេរិក រូបនេះ បាន​បន្ថែម ថា «​ឥឡូវនេះ ដោយសារតែ​លោក ពូ​ទីន បន្ត​បាត់បង់​ដែនដី​គ្រប់គ្រង បាត់បង់​កម្លាំង​ទាហាន បាត់បង់​សន្ទុះ​មិនអាច​វាយ​រុលទៅមុខ​បាន ពូ​ទីន កំពុងតែ​រត់​ហួស​ព្រំដែន​របស់គាត់ សម្រាប់​ជំនួយ​គាំទ្រ​។ នេះ​ជា​សញ្ញា​បង្ហាញ ពី​ភាព​ឯកោ ដោយសារ​គាត់​បន្ត​មាន​សម្ពាធ​លើ​សេដ្ឋកិច្ច មាន​មូលដ្ឋាន​ផ្អែកលើ​ឧស្សាហកម្ម​ការពារជាតិ​ផ្ទាល់ខ្លួន​របស់គាត់ មិនអាច​រត់តាម​ទាន់​ល្បឿន ដែល​គាត់​កំពុងតែ​ប្រើប្រាស់​គ្រឿង​សព្វាវុធ នៅក្នុង​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​»​។​

​លោក ច​ន ឃើ​រ​ប៊ី បាន​បន្ដ ថា «​នេះ​វា​ក៏​ជាស​ញ្ញា​មួយ​បង្ហាញ អំពី​ចំនួន​គ្រឿង​សព្វាវុធ ដែល​លោក ពូ​ទីន កំពុងតែ​ថយចុះ​ទ្វេដង នៅក្នុង​ការបន្ត​សង្គ្រាម ទើប​ពូ​ទីន សុខចិត្ត​ចេញទៅ​ក្រៅប្រទេស ដូចជា ការស្វែងរក​អ្នកផ្គត់ផ្គង់​គ្រឿង​ចម្បាំង​ពី​បរទេស ដើម្បី​បន្ត​សម្លាប់​ជនជាតិ​អ៊ុយ​ក្រែ​ន​។ បញ្ហា​នេះ ពាក់ព័ន្ធ​នឹង​រដ្ឋ​ណាមួយ នៅ​ជុំវិញ​ពិភពលោក នឹង​គាំទ្រ​លោក ពូ​ទីន ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​»​។​

​លោក Kirby បានលើកឡើង​ទៀត ថា វា​មិន​ទំនង ថា កម្រិត​គាំទ្រ​បច្ចុប្បន្ន សង្ស័យ ថា ក្រុង​ម៉ូស្គូ កំពុងតែ​ទទួលបាន​ពី​ក្រុង​ព្យុងយ៉ាង ឬ ក្រុង​តេ​អ៊ីរ៉ង់ នឹង​គ្រប់គ្រាន់ សម្រាប់​ផ្លាស់ប្តូរ​ជំនោរ​ជម្លោះ​នេះ​។ ប៉ុន្ដែ​សហរដ្ឋអាមេរិក នឹង​បន្ត​អនុវត្ត​វិធានការ​ទទួលខុសត្រូវ​សមស្រប ប្រឆាំងនឹង​ប្រទេស​ទាំងពីរ​នេះ ដោយ​ចាប់ផ្តើម​ជាមួយ​អង្គការសហប្រជាជាតិ​។​

​ការអត្ថាធិប្បាយ​របស់​លោក ច​ន ឃើ​រ​ប៊ី បានកើត​ឡើង ចំពេល​មាន​ការវិវឌ្ឍ​ដ៏​ចលាចល​ដាច់ដោយឡែក ជុំវិញ​កូរ៉េខាងជើង និង អ៊ីរ៉ង់ ដោយ​បង្ហាញ​ពី​ការពង្រីក​វិសាលភាព នៃ​បញ្ហា​ប្រឈម​អន្តរជាតិ ដោយ​រដ្ឋបាល​របស់លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក កំពុងតែ​ប្រឈមមុខ​៕​