សហរដ្ឋអាមេរិក និង អង្គការ​ណា​តូ នៅតែ​មិនអាច​រារាំង​ការវាយប្រហារ​របស់​រុស្ស៊ី លើ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
217


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ រហូតមកដល់​ពេលនេះ ថ្វីបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានផ្ដល់​ជំនួយ​យោធា មាន​ទំហំ​ទឹកប្រាក់ ប្រហែល​ជាង​១៨,៥​ពាន់​លាន​ដុល្លារ ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ យ៉ាង​ក៏ដោយ ប៉ុន្ដែ​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក នៅតែ​អះអាង ថា ក្រុង​វ៉ាស៊ីនតោន និង អង្គការ​ណាត​តូ កំពុងតែ​ទទួល​បរាជ័យ មិនអាច​រារាំង​ដល់​ការបំផ្លិចបំផ្លាញ​របស់​រុស្ស៊ី ប្រឆាំងនឹង​បណ្ដាញទឹក ភ្លើង និង កម្ដៅ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន ខណៈ​រដូវរងា​ចូលមក​ដល់​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៣០ ខែវិច្ឆិកា ថា លោក រ៉ូ​ប៊ឺ​ត ហាន់​ធ័​រ (Robert Hunter) អតីត​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​នៅ​អង្គការ​ណា​តូ បាន​សម្តែង​ការព្រួយបារម្ភ ចំពោះ​ទំហំ​ជំនួយ​យោធា​ពី​បណ្ដា​ប្រទេស ជា​សមាជិក​របស់​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក ហូរ​ចូលទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក Hunter បាន​ប្រាប់​ដល់ Al Jazeeera ពី​រដ្ឋធានី​វ៉ាស៊ីនតោន ថា «​វា​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំងណាស់ ខណៈ​សម្ពន្ធមិត្ត ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅតែ​មិនទាន់​ធ្វើ​អ្វី ឲ្យ​បាន​ច្រើន​លើសពីនេះ​ទៀត នៅឡើយ ទាក់ទង​នឹង​ប្រព័ន្ធ​ការពារ​ប្រឆាំងនឹង​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន និង ប្រព័ន្ធ​ប្រឆាំងនឹង​មី​ស៊ី​ល​។ ទាហាន​រុស្ស៊ី នៅតែ​បន្ដ​វាយប្រហារ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង សំណង់​អគារ​ស៊ីវិល​»​។​

​អតីត​ប្រេសិត ប្រចាំ​អង្គការ​ណា​តូ រូបនេះ បានបញ្ជាក់ ថា វា​ច្បាស់​ណាស់ ពេញ​មួយ​រដូវ​ស្លឹកឈើ​ជ្រុះ ខណៈ​រដូវរងា​បាន​ចូលមក​ដល់ បើទោះជា​អ៊ុយ​ក្រែ​ន បន្ដ​ខិតខំ​ប្រយុទ្ធ​ជាមួយនឹង​ភាព​ដ៏​អង់អាច​ក្លាហាន​យ៉ាង​ក៏ដោយ ក៏​រុស្ស៊ី នឹង​នៅតែ​ព្យាយាម​ទាញយក​ផលប្រយោជន៍​បាន ដោយ​កំណត់​គោលដៅ វាយប្រហារ​កម្ទេច​ប្រភព​ថាមពល និង កម្ដៅ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បានដែរ​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន នៅមុន​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស អង្គការ​ណា​តូ នៅក្នុង​រដ្ឋធានី​ប៊ូ​ចា​រ៉ែ​ស្ដ (Bucharest) ប្រទេស​រ៉ូ​ម៉ា​នី នោះ លោក Hunter បាន​បន្ថែម ថា «​ស្ថានភាព​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នាពេលនេះ ចាំបាច់ ត្រូវតែ​បញ្ជូន​ប្រព័ន្ធ​ប្រឆាំងនឹង​ដ្រូ​ន និង មី​ស៊ី​ល ឲ្យ​បាន​លឿន លឿន​បំផុត​។ នេះ​មានន័យថា ត្រូវតែ​បញ្ជូន​គ្រឿង​សព្វាវុធ​ទាំងនោះ​ភ្លាមៗ មិនមែនជា​អ្វីដែល​ត្រូវ​និយាយ​បន្ដទៀត​ដែរ ហើយ​ប្រហែលជា​ធ្វើ នៅក្នុង​រយៈពេល​ត្រឹមតែ​ពីរ​ទៅ​បី​ខែ​ទៅទៀត​តែប៉ុណ្ណោះ​»​។​

​លោក Hunter បាន​សង្កត់ធ្ងន់ ថា វិធានការ​បែបនេះ អាច​ត្រូវធ្វើ ដើម្បី​ប្រឆាំងនឹង​ការបំផ្លិចបំផ្លាញ បង្កឡើង​ដោយ​ទាហាន​រុស្ស៊ី ដែល​កំពុងតែ​អនុវត្ដ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជាជាង​ការជួសជុល​ការខូចខាត​។​

​ជាការ​ឆ្លើយតប​នឹង​ការវាយប្រហារ ដោយ​មី​ស៊ី​ល បំផ្លិចបំផ្លាញ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ថាមពល ពី​កម្លាំង​ទាហាន​រុស្ស៊ី នោះ អាល្លឺម៉ង់ បានបញ្ជាក់ ថា ក្រុង​ប៊ែ​រ​ឡាំង នឹង​បន្ដ​ផ្ដល់​ម៉ាស៊ីនភ្លើង ជាង​៣៥០​គ្រឿង​បន្ថែមទៀត ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្រៅពីនេះ ក៏មាន​បណ្ដា​ប្រទេស​លោកខាងលិច និង សម្ពន្ធមិត្ត ជាច្រើន បាន​បន្ដ​ជួយ​ផ្គត់ផ្គង់ តាម​តម្រូវការ​ចាំបាច់​របស់​អ៊ុយ​ក្រែ​ន ផងដែរ​។​

​លោក ស្ដែ​ហ្វ​ហ្វែ​ន ហេ​បេ​ស្ដ្រេ​ត​(Steffen Hebestreit) អ្នកនាំពាក្យ រដ្ឋាភិបាល​អាល្លឺម៉ង់ បានបញ្ជាក់ ថា លោក អូ​ឡា​ហ្វ សូល​ហ្ស៍ (Olaf Scholz) អធិការបតី​អាល្លឺម៉ង់ បាន​ថ្លែង​ទៅកាន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ថា រដ្ឋាភិបាល​ក្រុង​ប៊ែ​រ​ឡាំង នឹង​បញ្ជូន​ម៉ាស៊ីនភ្លើង ក៏ដូចជា ការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ សម្រាប់​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល មានតម្លៃ​៥៦​លាន​អឺរ៉ូ (​លុយ​ប្លុក​អឺរ៉ុប​) ឬ​ស្មើនឹង​ប្រហែល​៥៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជួយ​ដល់​ក្រុង​កៀវ​៕​