ឥណ្ឌា​ចាប់ផ្ដើម​បង្កើន​សង្គ្រាមពាក្យសម្ដី​ដាក់​ចិន​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
102
រដ្ឋធានី​ញូ​វ​ដេលី​៖ ស្របពេល​ស្ថានការណ៍​កាន់តែ​មាន​ភាព​តានតឹង​ឡើង រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង ក្រុង​តៃប៉ិ នោះ ឥណ្ឌា បានចេញ​មុខមក ទទួលស្គាល់​ដ៏​កម្រ​មួយ អំពី​ការរៀបចំ​ធ្វើសង្គ្រាម​របស់​ចិន នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​សារព័ត៌មាន The Guardian បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​៣០ ខែសីហា ថា ឥណ្ឌា តែងតែ​រក្សា​នូវ​ភាពស្ងប់ស្ងាត់ ជុំវិញ​សកម្មភាព​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ទៅលើ​តៃវ៉ាន់​។ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី ជា​លើក​ទី​១ បាន​ចោទប្រកាន់​ចិន ខណៈ​មាន​ភាព​តានតឹង​កើនឡើង ជុំវិញ​នាវា​តាមដាន​ផ្កាយរណប​របស់​ចិន ប្រភេទ យួន វ៉ាង ៥ (Yuan Wang 5) ចូល​ចត នៅ​កំពង់ផែ​ហាម​បាន​តូ​តា (Hambantota) ស្ថិតនៅ​ភាគខាងត្បូង ស្រីលង្កា​។​


​ឥណ្ឌា បាន​ចោទប្រកាន់​ចិន អំពី​«​ការធ្វើ​យោ​ធូប​នីយកម្ម នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​»​។ សង្គ្រាមពាក្យសម្តី រវាង​ក្រុង​ញូ​វ​ដេលី និង ក្រុង​ប៉េកាំង កាន់តែខ្លាំង​ឡើង ក្រោយពេល​នាវា​យោធា​ចិន​ចូល​ចត នៅ​កំពង់ផែ​ស្រីលង្កា​ដ៏​ចម្រូងចម្រាស​មួយ​នេះ​។​

​ការចោទប្រកាន់​នេះ បាន​យោងទៅលើ​សេចក្តីថ្លែងការណ៍​មួយ ចេញ​ដោយ​គណៈកម្មការ​ជាន់ខ្ពស់​ឥណ្ឌា ប្រចាំ​នៅ​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃអាទិត្យ ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា ជា​លើកដំបូង ដែល​រដ្ឋាភិបាល​ឥណ្ឌា បាន​ប្រើប្រាស់​ការពណ៌នា និង អន្តរាគមន៍​ដ៏​កម្រ​មួយ លើ​បញ្ហា​ឆ្លង​ច្រក​សមុទ្រ ខណៈ​ឥណ្ឌា​កំពុង​ប្រឈមមុខ​នឹង​ភាព​តានតឹង ដោយ​ខ្លួនឯង លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ចិន​។​

​សារព័ត៌មាន​ឥណ្ឌា The Hindu បាន​រាយការណ៍​ថា គណៈកម្មការ​ជាន់ខ្ពស់ នៃ​ប្រទេស​ឥណ្ឌា ប្រចាំ​នៅ​រដ្ឋធានី​កូឡុំបូ (Colombo) ប្រទេស​ស្រីលង្កា បាន​សរសេរ នៅលើ​បណ្ដ​ញ​សង្គម​ធ្វី​ធើរ ជា​បន្ដបន្ទាប់ ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍ ជា​លាយលក្ខណ៍អក្សរ​រ​បស់​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​ប្រទេស​ស្រីលង្កា ដោយបាន​ចោទប្រកាន់​មកលើ​ឥណ្ឌា ថា ក្រុង​ញូ​វ​ដេលី បាន​ជ្រៀត​ជ្រែកចូល នៅក្នុង​កិច្ចការ​របស់​ស្រីលង្កា​។

​គណៈកម្មការ​ជាន់ខ្ពស់​ឥណ្ឌា បាន​រិះគន់​ចំពោះ​ការអត្ថាធិប្បាយ​របស់​ឯក​អគ្គរដ្ឋទូត​ចិន ថា ជាការ​រំលោភបំពាន លើ​សីលធម៌​ការទូត ជា​មូលដ្ឋាន និង អាចជា​ចរិត​ផ្ទាល់ខ្លួន ឬ​ឆ្លុះបញ្ចាំង អំពី​អាកប្បកិរិយា​ជាតិនិយម​ធំ​ជាង​។ ជាមួយគ្នានេះ គណៈកម្មការ​ជាន់ខ្ពស់​ឥណ្ឌា បានទទួល​ស្គាល់ អំពី​ទំនាក់ទំនង រវាង​ការធ្វើ​យោ​ធូប​នីយកម្ម​របស់​ក្រុង​ប៉េកាំង ទៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់ ជាមួយនឹង​ការចាត់ទុក​កំពង់ផែ សម្រាប់​នាវា​តាមដាន​ផ្កាយ​រណ​ម​របស់​ចិន Yuan Wang 5 ស្ថិតក្នុង​ប្រទេស​ស្រីលង្កា ក្លាយជា​បញ្ហា​ផ្សេងៗ​ទៀត​»​។
 

​ក្រោយ​ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន ដើម្បី​ឆ្លើយតប​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​សហរដ្ឋអាមេរិក លោកស្រី Nancy Pelosi មកកាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ ខែសីហា នោះ លោក អា​រី​ន​ដាម បាគ​ឈី (Arindam Bagchi) អ្នកនាំពាក្យ ក្រសួងការបរទេស​ឥណ្ឌា បានបញ្ជាក់ ថា «​យើង​ជំរុញឱ្យមាន​ការអត់ធ្មត់ ចៀសវាង​សកម្មភាព​ឯកតោភាគី សម្រាប់​ការផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន ការបន្ថយ​ភាព​តានតឹង និង ការខិតខំ​ប្រឹងប្រែង ដើម្បី​រក្សា​សន្តិភាព និង ស្ថិរភាព​ក្នុង​តំបន់​»​។​


​ឥណ្ឌា តែងតែ​អនុវត្តតាម​«​គោលនយោបាយ​ចិន​តែមួយ​»​របស់​ក្រុង​ញូ​វ​ដេលី ចាប់តាំងពី​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បានទទួល​ស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅក្នុង​ឆ្នាំ​១៩៤៩ រហូតមក​។ ក្រៅពី​កើត​ជម្លោះ​ជាមួយគ្នា នៅក្នុង​អំឡុង​ឆ្នាំ​១៩៦២​នោះ ប្រទេស ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក ទាំង​២​នេះ ធ្លាប់​ប៉ះទង្គិច​គ្នា​យ៉ាង​បង្ហូរឈាម នៅ​ជិត​ព្រំដែន​ភ្នំ​ហិម​ពាន នៅក្នុង​ឆ្នាំ​២០២០ ដោយបាន​បណ្តាលឱ្យ​កងទ័ព​ទាំងសងខាង ស្លាប់ និង របួស ជាច្រើន​នាក់​៕​