ចិនមិនអាច​សម្រេច​មហិច្ឆតា​លេប​តៃវ៉ាន់​បានព្រោះ​អាមេរិក​ធ្វើរឿងនេះ

ព័ត៌មានអន្តរជាតិ
0
297
ទីក្រុង​តៃប៉ិ​៖ ការគំរាមកំហែង ពី​ក្រុង​ប៉េកាំង កាន់តែខ្លាំង​ឡើង ទៅលើ​តៃវ៉ាន់ ចាប់តាំងពី​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) បានមក​បំពេញ​ទស្សនកិច្ច កាលពី​ថ្ងៃទី​២ ខែសីហា ទើប​រដ្ឋាភិបាល​ក្រុង​តៃប៉ិ បង្កើន​នូវ​កញ្ចប់​ថវិកា លើ​វិស័យ​ការពារជាតិ​យ៉ាងច្រើន សម្រាប់​ទិញ​គ្រឿងយុទ្ធោបករណ៍​ទំនើបៗ​របស់​សហរដ្ឋអាមេរិក ដោយមាន​ទាំង​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ សម្រាប់​ត្រៀម​ធ្វើសង្គ្រាម ជាមួយនឹង​ចិន​។​

​សារព័ត៌មាន Taiwan News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៣១ ខែសីហា ថា តៃវ៉ាន់ បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ ជាមួយនឹង​សហរដ្ឋអាមេរិក ដើម្បី​ទិញ​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ​ដ៏​កំណាច ប្រភេទ ឆ្មាំ​សមុទ្រ MQ-9B ចំនួន​៤​គ្រឿង នៅក្នុង​តម្លៃ ១៦,៨៨​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើនឹង ៥៥៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​



​លោក វ៉ាង ទីង​យូ (Wang Ting-yu) សមាជិកសភា មកពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ ហៅ​កាត់ DPP បានប្រកាស នៅ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់គាត់ កាលពី​ព្រឹក ថ្ងៃ​ពុធ (​ទី​៣១ ខែសីហា​) ថា ក្រោយ​មានការ​ពិភាក្សាគ្នា យ៉ាង​យកចិត្តទុកដាក់ រវាង​ក្រុមមន្ដ្រី​ជំនាញ​របស់​សហរដ្ឋអាមេរិក និង តៃវ៉ាន់ រួចមក ក៏​ឈានដល់​សេចក្តីប្រកាស អំពី​ការផ្ដល់​លទ្ធកម្ម​ចុងក្រោយ​របស់​ក្រសួងការពារជាតិ ដោយបាន​បញ្ជាក់ ថា ទីបញ្ជាការ​កងទ័ពអាកាស​តៃវ៉ាន់ បាន​អញ្ជើញ​គណៈប្រតិភូ​យោធា មកពី​សហរដ្ឋអាមេរិក ដើម្បី​ចុះហត្ថលេខា​ជា​ផ្លូវការ លើ​កិច្ចសន្យា​ទិញ​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ប្រភេទ ឆ្មាំ​សមុទ្រ MQ-9B ចំនួន​៤​គ្រឿងពី​វិទ្យាស្ថាន​សហរដ្ឋអាមេរិកនៅ​តៃវ៉ាន់​។​


​កិច្ចសន្យា​ទិញ​គ្រឿង​ចម្បាំង​ដ៏​ទំនើប​នេះ ត្រូវបាន​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ ហើយនឹង​បន្ត រហូតដល់​ចុងឆ្នាំ​២០២៩​។ រីឯ​យន្តហោះ​គ្មាន​មនុស្ស​បើក MQ-9B លើកដំបូង នឹង​មកដល់​កោះ​តៃវ៉ាន់ នៅក្នុង​ឆ្នាំ​២០២៥​។ ចំណែក​កញ្ចប់​ថវិកា សម្រាប់​គ្រឿង​សឹក តម្លៃ ១៦,៨៨​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើនឹង ៥៥៥​ដុល្លារ​សហរដ្ឋអាមេរិក នេះ ក៏​រាប់បញ្ចូល​ទាំង យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ប្រភេទ MQ-9B SeaGardian ចំនួន​៤​គ្រឿង និង ឧបករណ៍​ពាក់ព័ន្ធ​នឹង​ស្ថានីយ​ត្រួតពិនិត្យ នៅ​ដី និង ប្រព័ន្ធ​ជំនួយ​ផ្សេងៗ​ទៀតផង​ដែរ​។​

​ដោយឡែក មូលដ្ឋាន​សម្រាប់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​នេះ នឹងត្រូវ​ដាក់ នៅក្នុង​តំបន់​ហួ​លៀន (Hualien)​។ រីឯ​ការចំណាយ សរុប រួមទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក នឹង​កើនឡើង រហូតដល់ ២១,៧​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើនឹង​ប្រហែល​ជាង ៧១៥,៣៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​រួមបញ្ចូល​ទាំង​ការចំណាយ លើ​ការសាងសង់​ប្រព័ន្ធ​ពាក់ព័ន្ធ នៅ​តៃវ៉ាន់ សង់​អគារ​ថ្មី សម្រាប់​ស្ថានីយ​ត្រួតពិនិត្យ​នៅលើ​ដី ការអប់រំ និង ការបណ្តុះបណ្តាល ឧបករណ៍​ជំនួយ ហើយ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​។​


​ក្រៅតែពី​ការទិញ​គ្រឿងយុទ្ធោបករណ៍​ទំនើបៗ មកពី​បស្ចិម​លោក​នោះ តៃវ៉ាន់ ក៏បាន​ទិញ​គ្រឿង​សឹក នៅក្នុង​ស្រុក ជាច្រើន​ទៀត ដែល​ផលិត ដោយ​វិទ្យាស្ថាន​វិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា​ជាតិ ចុង​សាន (Chung-Shan) ហៅ​កាត់ NCSIST មានដូចជា យន្ដហោះ​គ្មាន​អ្នកបើកបរ មាន​រហស្សនាម​អ្នកដើរ​លើ​អាកាស Teng Yun 2 …​ផងដែរ​។​

​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន MQ-9B នេះ ផលិត នៅ​សហរដ្ឋអាមេរិក ហើយ​វា​អាច​ហោះហើរ នៅក្នុង​ល្បឿន ៤៨២​គីឡូម៉ែត្រ ក្នុង​១​ម៉ោង និង ហោះ​បាន​ចម្ងាយ ១ ៨៥០​គីឡូម៉ែត្រ​។ បច្ចុប្បន្ន ដ្រូ​ន​ប្រភេទ​នេះ ត្រូវបាន​ដាក់​ឲ្យ​កងទ័ពអាកាស​របស់​ស​ហ​រដ្ឋ​អាមេរិក ប្រើប្រាស់​។​


​រដ្ឋាភិបាល​តៃប៉ិ បានបញ្ជាក់ កាលពី​ថ្ងៃទី​២៥ ខែសីហា ថា តៃវ៉ាន់ បាន​ស្នើសុំ​កញ្ចប់​ថវិកា លើ​វិស័យ​ការពារជាតិ សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣ មាន​ទំហំ​ទឹកប្រាក់ ៥៨៦,៣​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើនឹង​ជាង ១៩,៣៥៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំនួន​ថវិកា សម្រាប់​វិស័យ​ការពារជាតិ នា​ឆ្នាំ​២០២៣​នេះ បានកើត​ឡើង រហូតដល់ ១៣,៩​ភាគរយ បើ​ធៀប​នឹង​ការចំណាយ កាលពី​ឆ្នាំ​មុខ​។​

​តៃវ៉ាន់ បាន​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ សម្រាប់​ឆ្នាំសារពើពន្ធ ២០២៣ ដ៏​ច្រើន​បែបនេះ ក៏​ដោយសារតែ​មានការ​គំរាមកំហែង ពី​ប្រទេស​ចិន ចេះតែ​កើនឡើង មកលើ​សន្ដិសុខ នៅលើ​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​។ ក្រុង​ប៉េកាំង តែងតែ​ចាត់ទុក​តៃវ៉ាន់ ជា​ដែនដី​របស់​ចិន ហើយ​ខ្លួន​នឹង​ប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​ក្រុង​តៃប៉ិ ហ៊ាន​ប្រកាស​ពី​ឯករាជភាព កាត់ផ្ដាច់​ចេញពី​ចិន​៕​