បស្ចិម​លោក​កោតសរសើរ​ពី​ការបើក​សេរីភាព​ឲ្យ​អឺរ៉ុប ចំ​ថ្ងៃ​មរណភាព​មេដឹកនាំ​ចុងក្រោយបង្អស់​របស់​សហ​ភាព​សូ​វៀត

ព័ត៌មានអន្តរជាតិ
0
128
រដ្ឋធានី​មូ​ស្គូ​៖ ប្រធាគ​ណៈ​កម្ម​ការ​អឺរ៉ុប បាន​កោតសរសើរ​ដល់​លោក ហ្គ័​របា​ឆែវ អំពី​ការបើក​សេរីភាព​ដល់​តំបន់​អឺរ៉ុប ចំ​ថ្ងៃ​ដែល​មេដឹកនាំ​កំពូល​ចុងក្រោយបង្អស់​របស់​សហ​ភាព​សូ​វៀត រូបនេះ បានទទួល​មរណភាព នៅក្នុង​ជន្មាយុ​៩១​ឆ្នាំ នៅក្នុង​រដ្ឋធានី​មូ​ស្គូ ប្រទេស​រុស្ស៊ី ប៉ុន្ដែ​មរណភាព​របស់គាត់ ក៏បាន​កើតឡើង ខណៈ​ក្រុង​មូ​ស្គូ និង លោកខាងលិច កំពុងតែ​តានតឹង​ដាក់គ្នា​។​

​ជាមួយនឹង​មរណភាព​របស់លោក ហ្គ័​របា​ឆែវ មេដឹកនាំ​ចុងក្រោយបង្អស់​របស់​សហ​ភាព​សូ​វៀត នោះ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​សរសេរ នៅលើ​បណ្ដ​ញ​សង្គម​ធ្វី​ធើរ កាលពី​ថ្ងៃ​អង្គារ ទី​៣០ ខែសីហា ដោយបាន​កោតសរសើរ​ដល់​លោក Gorbachev ដោយ​ហៅ​គាត់​ថា ជា​«​មេដឹកនាំ​គួរឱ្យ​ទុកចិត្ត និង​គោរព​» ដោយ​ការបើកផ្លូវ​ឱ្យ​អឺរ៉ុប មាន​សេរីភាព​»


​សារព័ត៌មាន គ្រប់គ្រង ដោយ​រដ្ឋ​រុស្ស៊ី Tass បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៣១ ខែសីហា ថា លោក ឌី​មី​ទ្រី ផេ​ស្កូវ (Dmitry Peskov) បាន​ប្រាប់​ដល់ Tass នៅ​ថ្ងៃ​ពុធ ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព​របស់​អតីត​មេដឹកនាំ​សហភាពសូវៀត លោក មី​ខា​អ៊ី​ល ហ្គ័​របា​ឆែវ (Mikhail Gorbachev) ។ លោក ហ្គ័​របា​ឆែវ បាន​ដឹកនាំ​សហភាពសូវៀត ចាប់តាំងពី​ឆ្នាំ ១៩៨៥ រហូតដល់​មហាអំណាច​កំពូល​លើ​លោក នៃ​ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ បាន​ដួលរលំ នៅក្នុង​ឆ្នាំ​១៩៩១​។

​លោក ហ្គ័​របា​ឆែវ ជា​មេដឹកនាំ​កំពូល​របស់​សហភាពសូវៀត​ចុងក្រោយបង្អស់ បានទទួល​មរណភាព នៅក្នុង​ជន្មាយុ​៩១​ឆ្នាំ​។ ដោយឡែក សព​របស់លោក ហ្គ័​របា​ឆែវ នឹងត្រូវ​នាំយក​បញ្ចុះ នៅ​ទី​បញ្ចុះសព​ណូ​វ​វ៉ូ​ដែ​វី​ឈី ( Novodevichy) ស្ថិតក្នុង​ទីក្រុង​មូ​ស្គូ ដែល​នៅក្បែរ​ផ្នូរ​ប្រពន្ធ​របស់គាត់​ឈ្មោះ រ៉ា​អ៊ី​សា (Raisa) ដែល​បាន​ស្លាប់ នៅ​ឆ្នាំ​១៩៩៩​។​


​សារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី RIA បាន​រាយការណ៍ ថា លោក ហ្គ័​របា​ឆែវ បានទទួល​មរណភាព កាលពី​ល្ងាច ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ នៅក្នុង​មន្ទីរពេទ្យ​គ្លីនិក​មជ្ឈិម ស្ថិតក្នុង​ទីក្រុង​មូ​ស្គូ ក្រោយពេល​គាត់​បាន​តស៊ូ​ជាមួយនឹង​ជំងឺ​ដ៏​ធ្ងន់ធ្ងរ អស់​រយៈពេល​ជា​យូរ​កន្លង​។​

​សហភាពសូវៀត ត្រូវបាន​បង្កើតឡើង នៅក្នុង​អំឡុង​ឆ្នាំ​១៩២២ ហើយ​បាន​ដួលរលំ​ទៅវិញ នៅក្នុង​ឆ្នាំ​១៩៩១ ក្រោម​ការដឹកនាំ​របស់​លោក ហ្គ័​របា​ឆែវ​។ សហភាពសូវៀត មានឈ្មោះ ជា​ផ្លូវការ «​សាធារណរដ្ឋ​សង្គមនិយម​សហភាពសូវៀត​»​។ ប្រទេស​មហាអំណាច​កំពូល នៅលើ​ពិភពលោក នៃ​ប្លុក​កុម្មុយនីស្ដ​មួយ​នេះ មាន​ផ្ទៃដី ទំហំ ២២ ៤០២ ២០០​គីឡូម៉ែត្រ​ការ៉េ ដោយមាន​រដ្ឋ ជា​ចំណុះ ចំនួន​១៥ រួមមាន ទី​១-​រុស្ស៊ី ទី​២-​អ៊ុយ​ក្រែ​ន ទី​៣-​បេឡា​រុស ទី​៤-​អ៊ុយ​បែ​គី​ស្ថ​ន ទី​៥-​កា​ហ្សា​ស្ថាន ទី​៦-​ហ្ស​ក​ហ្ស៊ី ទី​៧-​អា​ស៊ែ​បៃ​ហ្ស​ង់ ទី​៨-​លី​ទុយ​អា​នី ទី​៩-​មូ​ដាវី ទី​១០-​ឡា​ត​វី ទី​១១-​គី​រី​គី​ស្ថាន ទី​១២-​តាជី​គី​ស្ថាន ទី​១៣-​អា​មេ​នី ទី​១៤-​ទួ​កមី​នី​ស្ថាន និង អេ​ស្ដូ​នី​។ ប៉ុន្ដែ​ក្រោយ​ការដួលរលំ នៃ​សហភាពសូវៀត នា​អំឡុង​ឆ្នាំ​១៩៩១ នោះមក រដ្ឋ​ជា​ចំណុះ​ទាំង​១៥ ក៏បាន​ប្រកាស អំពី​ឯករាជភាព​រៀងៗ​ខ្លួន ហើយ​រដ្ឋ​ធ្លាប់ជា​ចំណុះ​ឲ្យ​សហភាពសូវៀត ចំនួន​៣ ក៏​ចូលទៅ​រួមរស់​ជាមួយ​អង្គការ​ណា​តូ រួមមាន អេ​ស្ដូ​នី ឡា​ត​វី និង លី​ទុយ​អា​នី​។​


​ដោយឡែក មេដឹកនាំ នៃ​សហភាពសូវៀត ចាប់តាំងពី​ការកកើតឡើង នៃ​របប​ផ្ដាច់ការ​ដ៏​ធំ​មួយ​នេះ រួមមាន ទី​១-​លោក វ្ល៉ា​ឌី​មៀរ ឡេ​នី​ន (Vladimir Lenin) កាន់អំណាច ពី​ឆ្នាំ ១៩២២–១៩២៤, ទី​២-​លោក ចូ​សេ​ហ្វ ស្ដា​លីន (Joseph Stalin) កាន់អំណាច ចន្លោះ​ពី​ឆ្នាំ ១៩២៤–១៩៥៣, ទី​៣-​លោក ហ្គ័​រ​ហ្គី ម៉ា​ឡែ​ន​កូវ (Georgy Malenkov) កាន់អំណាច នៅក្នុង​ឆ្នាំ​១៩៥៣, ទី​៤-​លោក នី​គី​តា គ្រូ​ស​ឆែវ (Nikita Khrushchev) កាន់អំណាច ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់ ១៩៦៤, ទី​៥-​លោក ឡែ​វ​នី​ដ ប្រែ​ស​ណែវ (Leonid Brezhnev) កាន់អំណាច ចន្លោះ​ពី​ឆ្នាំ​១៩៦៤-១៩៨២, ទី​៦-​លោក យូ​រី អាន​ដ្រូ​ប៉ូវ ( Yuri Andropov) កាន់អំណាច ចន្លោះ​ពី ឆ្នាំ ១៩៨២-១៩៨៤, ទី​៧-​លោក កុងស្ដា​នទី​ន ឆឺ​ណែន​កូ (Konstantin Chernenko) កាន់អំណាច ចន្លោះ​ពី​ឆ្នាំ​១៩៨៤-១៩៨៥ និង ទី​៨-​លោក មី​ខា​អ៊ី​ល ហ្គ័​របា​ឆែវ (Mikhail Gorbachev) កាន់អំណាច ចន្លោះ​ពី​ឆ្នាំ​១៩៨៥-១៩៩១​។​


​ការ​ដួល​រំលាយ​សហភាពសូវៀត មានការ​កត់សម្គាល់​ជាមួយនឹង​ការលាលែង ពី​តំណែង​របស់លោក ហ្គ័​របា​ឆែវ (Gorbachev) នា​ឆ្នាំ​១៩៩១​នោះដែរ និង​ក៏​ជា​ពេលវេលា ត្រូវបាន​បញ្ចប់សង្គ្រាម​ត្រជាក់ នៅលើ​ពិភពលោក រវាង​លោក​សេរី និង លោក​កុម្មុយនីស្ដ​ផងដែរ​។ ដោយឡែក​បណ្ដា​រដ្ឋ​ជា​ចំណុះ ក៏បាន​ងាក​ទៅរក​ការប្រកាស អំពី​ឯករាជភាព នៅ​តំបន់​អឺរ៉ុប​ខាងកើត ដូចជា ការបង្កើត​រដ្ឋ​រុស្ស៊ី នា​សម័យ​ទំនើប ជាដើម​។​

​ដោយឡែក មរណភាព​របស់លោក ហ្គ័​របា​ឆែវ បានកើត​ឡើង ចំពេល​រុស្ស៊ី បន្ត​ការ​លុកលុយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រហូត​ធ្វើឱ្យ​ភាព​តានតឹង កាន់តែខ្លាំង​ឡើង រវាង​ក្រុង​ម៉ូស្គូ និង លោកខាងលិច​៕​