ពូ​ទីន អស់​ផ្លូវ​ដើរ ដេក​សង្ឃឹមលើ​តួ​ក​គី ចូលមក​សម្របសម្រួល​ជាមួយ អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
163



​រដ្ឋធានី​មូ​ស្គូ​៖ នៅក្នុង​សង្គ្រាម​យ៉ាង​សាហាវឃោរឃៅ កំពុងតែបន្ដ​វាយ​រុញច្រាន​គ្នា​ទៅវិញទៅមក អូសបន្លាយ អស់​រយៈពេល​២៣២​ថ្ងៃ​កន្លងមកនេះ គិត​ត្រឹម ថ្ងៃទី​១៣ ខែតុលា នៅតែ​ស្វែងរក​ពន្លឺ នៃ​ការបញ្ចប់​ជម្លោះ មិនទាន់​ឃើញ ខណៈ​ការសម្លាប់​ជីវិត​មនុស្ស កាន់តែច្រើន កំពុងតែបន្ដ ឥឡូវនេះ ប្រធានាធិបតី​រុស្ស៊ី កំពុងតែ​សង្ឃឹមលើ​ប្រមុខរដ្ឋ​តួ​ក​គី ធ្វើជា​អាជ្ញាកណ្ដាល ដើម្បី​ស្វែងរក​ការចរចា​សន្ដិភាព បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ​។​

​សារព័ត៌មាន Arab News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ថា ទីប្រឹក្សា​គោលនយោបាយ​បរទេស វិមាន​ក្រឹម​ឡាំង បានបញ្ជាក់ ថា «​ប្រសិនបើ​មាន​ការចរចា​សន្ដិភាព​ណាមួយ​កើតឡើង នោះ​ទំនងជា នឹង​កើតឡើង នៅលើ​ទឹកដី​តួ​ក​គី ដូចជា នៅក្នុង​ទីក្រុង​អ៊ី​ស្ដា​ន់​ប៊ូល (Istanbul) ឬ រដ្ឋធានី​អង់កា​រ៉ា (Ankara)​។ លោក រ៉េ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep Tayyip Erdogan) ប្រធានាធិបតី​តួ​ក​គី ប្រ​ហែ​ជា​នឹង​ស្នើ​នូវ​អ្វីដែល​សំខាន់​ជា​ផ្លូវការ នៅក្នុង​អំឡុង​ជំនួប​ចរចា​ជាមួយនឹង​សម​ភាគី​រុស្ស៊ី លោក ពូ​ទីន នៅក្នុង​ទីក្រុង​អា​ស្ដា​ណា (Astana) រដ្ឋធានី​កា​ហ្សា​ក់​ស្ថាន​។​

​មន្ដ្រី​វិមាន​ក្រឹម​ឡាំង រូបនេះ បានបញ្ជាក់ ថា ក្រុង​មូ​ស្គូ រំពឹងថា ប្រធានាធិបតី​តួ​ក​គី នឹង​ធានា​នូវ​ការធ្វើជា​អាជ្ញាកណ្ដាល ដល់​ការចរចា​សន្ដិភាព រវាង​រុស្ស៊ី និង អ៊ុយ​ក្រែ​ន នៅក្នុង​ជំនួប​របស់គាត់ ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី នា​ថ្ងៃ​ព្រហស្បតិ៍ ស្ថិតក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន (Kazakhstan) ។​

​លោក យូ​រី អ៊ូ​សា​កូវ (Yury Ushakov) ទីប្រឹក្សា​វិមាន​ក្រឹម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​ពុធ ថា តួ​ក​គី ទំនងជា​នឹង​លើកឡើង អំពី​គំនិត​ចរចា​សន្ដិភាព នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ ហើយ​ប្រធានាធិបតី លោក អេ​ដូ​ហ្គេ​ន ប្រហែលជា​នឹង​ស្នើសុំ​ជា​ផ្លូវការ នៅក្នុង​ជំ​នួ​ជាមួយនឹង​លោក ពូ​ទីន ផងដែរ​។

​ដោយឡែក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី កាលពីពេល​ថ្មីៗ​នេះ បានចេញ​ក្រឹត្យ​មួយ ដោយបាន​បញ្ជាក់ថា ចរចា​តែ​ជាមួយនឹង​រុស្ស៊ី លើកលែង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​។ ប៉ុន្ដែ​ក្រុមមន្ដ្រី​ក្រុង​មូ​ស្គូ បាន​អះអាង ថា រុស្ស៊ី មិន​ប្រកាន់ ថា ការចរចា​ជាមួយនឹង​លោក ហ្សេ​ឡែ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បច្ចុប្បន្ន ឬ មេដឹកនាំ​ក្រុង​កៀវ បន្ទាប់ពី​គាត់​នោះឡើយ​៕​