វាយប្រហារ​តាម​អាកាស លើ​កន្លែង​ប្រគំ​តន្ដ្រី​នៅ​មី​យ៉ាន់​ម៉ា ស្លាប់​កើន​ដល់​៨០​នាក់​

ព័ត៌មានអន្តរជាតិ
0
43


​រដ្ឋធានី​ណៃ​ពិដោរ​៖ រហូតមកដល់​ពេលនេះ ចំនួន​អ្នកស្លាប់ បានកើត​ឡើងដល់​៨០​នាក់ ក្រោយពេល​កងទ័ព នៃ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាន​បើក​ការវាយប្រហារ​តាម​អាកាស ទៅលើ​កន្លែង​ប្រគំ​តន្ដ្រី រំឭក​ខួប​ទី​៦២ នៃ​អង្គការ​ឯករាជ​កា​ឈី​ន (KIO) បានសម្លាប់​មនុស្ស យ៉ាងតិច ៥០​នាក់ និង ១០០​នាក់​ផ្សេងទៀត រងរបួស នៅក្នុង​រដ្ឋកា​ឈី​ន កាលពី​រាត្រី​ថ្ងៃអាទិត្យ​។ នេះ​បើតាម​សារព័ត៌មាន The Age ចេញផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ​។​

​សារព័ត៌មាន Myanmar Now បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែតុលា ថា កងទ័ពអាកាស នៃ​របប​យោធា​មី​យ៉ាន់​ម៉ា បាន​វាយប្រហារ តាម​អាកាស ទៅលើ​ព្រឹ​ត្ដិ​ការណ៍​រំឭក​ខួប​របស់​អង្គការ​ឯករាជ្យ​កា​ឈី​ន (KIO) កាលពី​រាត្រី ថ្ងៃអាទិត្យ ដោយមាន​សេចក្ដីរាយការណ៍ អំពី​ការសម្លាប់​មនុស្ស ប្រហែល​៥០​នាក់​។ ជាមួយគ្នានេះ កងទ័ព​ឯករាជ្យ​កា​ឈី​ន (KIA) បាន​ថ្កោលទោស ដល់​សកម្មភាព​វាយប្រហារ​យ៉ាង​សាហាវ​របស់​របប​សឹក​មី​យ៉ាន់​ម៉ា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​យន្ដហោះ​ចម្បាំង​របស់​របប​យោធា​មី​យ៉ាន់​ម៉ា ចំនួន​៣​គ្រឿង បាន​វាយប្រហារ​តាម​អាកាស ទៅលើ​ព្រឹ​ត្ដិ​ការណ៍​ប្រគំ​តន្ដ្រី រំឭក​ខួប​ទី​៦២ នៃ​អង្គការ​ឯករាជ្យ​កា​ឈី​ន នៅក្នុង​ភូមិ​មួយ ជិត​ទីក្រុង​ហា​ប៉ា​កាន (Hpakant) រដ្ឋកា​ឈី​ន (Kachin)​។ យន្ដហោះ​ចម្បាំង​ទាំងនោះ បាន​វាយប្រហារ​ទៅលើ​ភូមិ​ហ្គី​ន​ស៊ី (Ginsi) ដែលមាន​ចម្ងាយ ត្រឹមតែ​ប្រហែល​៣​គីឡូម៉ែត្រ ពី​ទីក្រុង Hpakant ស្ថិតក្នុង​តំបន់​គ្រង់​គ្រង ដោយ​កងពលតូច​លេខ​៩​របស់​កងទ័ព​ឯករាជ្យ​កា​ឈី​ន ដែលជា​ចលនា​ឧទ្ទាម​ដ៏​ធំ​មួយ នៅក្នុង​រដ្ឋកា​ឈី​ន​នោះ​។​

​នៅក្នុង​ចំណោម​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត នៅក្នុង​ការវាយប្រហារ​តាម​អាកាស ពី​កម្លាំង​របប​សឹក​មី​យ៉ាន់​ម៉ា នោះ រួមមាន ក្រុមមន្ដ្រី​ជាន់ខ្ពស់​រប​ស់​កងទ័ព​ឯករាជ្យ​កា​ឈី​ន (KIA) អង្គការ​ឯករាជ្យ​កា​ឈី​ន (KIO) តារាចម្រៀង​ល្បីៗ​របស់​ជនជាតិភាគតិច​កា​ឈី​ន និង ជន​ស៊ីវិល ផងដែរ​។ ក្រៅពីនេះ ក៏មាន​មនុស្ស ប្រហែល​១០០​នាក់​រងរបួស​។​

​អង្គការ​ឯករាជ្យ​កា​ឈី​ន (KIO) ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩៦០ ហើយ​ក្លាយជា​អង្គការ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ នៅក្នុង​រដ្ឋកា​ឈី​ន ដោយមាន​ក្រុម​ប្រដាប់អាវុធ KIA បាន និង កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា ដើម្បី​ស្វ័យភាព​រដ្ឋ​កាន់តែ​ធំ​។ ក្រោយ​ការធ្វើ​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​នោះមក កងទ័ព​ឯករាជ្យ​កា​ឈី​ន (KIA) បានចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ជាមួយ​កម្លាំង​ប្រឆាំងនឹង​របប​សឹក នៅក្នុង​រដ្ឋ Kachin ។ ជាមួយគ្នានេះដែរ អង្គការ​ឯករាជ្យ​កា​ឈី​ន (KIO) ក៏បាន​បដិសេធ ចូលរួម​ការចរចា​ស​ន្តិ​ភាព ក្រោម​ការ​រៀបចំឡើង ដោយ​របប​យោធា នៅក្នុង​ឆ្នាំ​២០២២ ព្រោះ​ពួកគេ ចាត់ទុក ថា រដ្ឋាភិបាលយោធា​របស់​លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង​ហ្លា​ង (Min Aung Hlaing) ជា​របប​គ្រប់គ្រង ខុសច្បាប់​។​

​លោក​វរសេនីយ៍ឯក ណាវ ប៊ូ (Naw Bu) អ្នកនាំពាក្យ របស់​ក្រុម​ឧទ្ទាម ជា​ជាតិ​ភាគតិច (KIA និង KIO) បានបញ្ជាក់ ថា យន្តហោះ​ចម្បាំង​របស់​របប​សឹក​មី​យ៉ាន់​ម៉ា បាន​វាយប្រហារ មកលើ​ព្រឹ​ត្ដិ​ការណ៍​ប្រគំ​តន្ដ្រី​មួយ​របស់​ក្រុម​ឧទ្ទាម​គាំទ្រ​ឯករាជ្យ​រដ្ឋកា​ឈី​ន (KIA) នៅវេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃអាទិត្យ ទី​២៣ ខែតុលា​។ ការវាយប្រហារ​ដ៏​ឃោរឃៅ​នោះ បានសម្លាប់​មនុស្ស ប្រហែល​៥០​នាក់ ហើយ​១០០​នាក់​ផ្សេងទៀត បាន​រងរបួស​។​

​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា បាន​សម្តែង​នូវ​ព្រួយបារម្ភ និង​សោកស្តាយ ចំពោះ​របាយការណ៍ ជុំវិញ​ការវាយប្រហារ​តាម​អាកាស នៅក្នុង​ទីក្រុង​ប៉ា​កាន់ (Hpakant) ខណៈ​របាយការណ៍​ដំបូង បង្ហាញ ថា ជន​ស៊ីវិល​ជាង​១០០​នាក់ អាច​រង​ផលប៉ះពាល់ ដោយសារ​ការទម្លាក់​គ្រាប់បែក​។

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ របប​យោធា​មី​យ៉ាន់​ម៉ា មិនបាន​ឆ្លើយតប ជុំវិញ​ការសុំ​អត្ថាធិប្បាយ​ណាមួយ ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះឡើយ​៕​