ក្រុមហ៊ុន​ឧស្ម័ន​ដ៏​ធំ​បំផុត​របស់​រុស្ស៊ី បន្ដ​បិទ​ឧស្ម័ន បង្ហូរ​ទៅកាន់​អាល្លឺម៉ង់​

ព័ត៌មានអន្តរជាតិ
0
120
រដ្ឋធានី​មូ​ស្គូ​៖ ក្រុមហ៊ុន​ឧស្ម័ន​យក្ស Gazprom គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី បាន​អះអាងថា ក្រុមហ៊ុន មិនអាច​ចាប់ផ្ដើម​បង្ហូរ​ហ្គាស​ឡើងវិញ ទៅកាន់​តំបន់​អឺរ៉ុប បានឡើយ ក្រោយ​ការរកឃើញ​មាន​កំហុសឆ្គង នៅក្នុង​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 នា​អំឡុងពេល​មើលថែទាំ និង ជួសជុល​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២ ខែកញ្ញា ថា ក្រុមហ៊ុន​ថាមពល​យក្ស Gazprom គ្រប់គ្រង ដោយ​រដ្ឋ​រុស្ស៊ី បាន​ពន្យារពេល រហូតដល់​ការ​ផុតកំណត់​ត្រឹម​ថ្ងៃ​សៅរ៍ ដើម្បី​ស្តារ​លំហូរ​ឧស្ម័ន តាម​បណ្ដាញ​ផ្គត់ផ្គង់​ឧស្ម័ន​ដ៏​សំខាន់ ទៅកាន់​តំបន់​អឺរ៉ុប​។ ក្រុមហ៊ុន បានលើកឡើង អំពី​ការ​លេច​ធ្លាយ​ឧស្ម័ន តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 ខណៈ​រកឃើញ នៅក្នុង​អំឡុងពេល​ថែទាំ​។​


​ក្រុមហ៊ុន​ថាមពល Gazprom កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ បាន​បិទ​បំពង់​បង្ហូរ​ឧស្ម័ន តាម​អ្វីដែល​ក្រុមហ៊ុន បាន​អះអាងថា នឹងមាន​ការថែទាំ រយៈពេល​៣​ថ្ងៃ​។ ប៉ុន្តែ​ក្រុមហ៊ុន បានបញ្ជាក់ នៅក្នុង​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម កាលពី​ល្ងាច ថ្ងៃ​សុក្រ ទី​២ ខែកញ្ញា ថា Gazprom បានកំណត់ លើ​ចំណុច​ដំណើរ​ការខុស​ប្រក្រតី នៃ​ទួ​រ​ប៊ី​ន​មួយ រួចហើយ​។​

​ក្រុមហ៊ុន Gazprom បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ថា «​ការបញ្ជូន​ឧស្ម័ន តាម​បំពង់ Nord Stream ត្រូវ​បិទ​ទាំងស្រុង រហូត​ទាល់តែ​កំហុសឆ្គង នៃ​ប្រតិបត្តិការ នៅតាម​បំពង់​បង្ហូរ​ឧ​ស្ម័​នេះ ត្រូវបាន​កែលម្អ​រួចរាល់​។ ប៉ុន្ដែ​ក្រុមហ៊ុន មិនបាន​ផ្តល់ អំពី​តារាង​ពេលវេលា​ថ្មី​សម្រាប់​ដំណើរ​បង្ហូរ​ឧស្ម័ន​បន្ត នៅពេលណា​នោះឡើយ​។​



​ការបិទ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី បានធ្វើ​ឱ្យមាន​ការលំបាក ដល់​តំបន់​អឺរ៉ុប នៅក្នុង​ការធានា​ដល់​ការផ្គត់ផ្គង់​ថាមពល​ឲ្យ​គ្រប់គ្រាន់ សម្រាប់​រដូវ​ត្រជាក់ ដែល​នឹង​ខិតជិត​មកដល់ នាពេលខាងមុខ ខណៈ Nord Stream 1 ត្រូវការ​ផ្តល់នូវ​ការផ្គត់ផ្គង់​ច្រើន​ដល់​ប្រទេស​អាល្លឺម៉ង់ និង​បណ្ដា​ប្រទេស​ជាច្រើន នៅ​តំបន់​អឺរ៉ុប​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​ស្តីបន្ទោស​ទៅលើ​ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច ប្រឆាំងនឹង​សកម្មភាព​យោធា​របស់​រុស្ស៊ី ទៅលើ​ប្រ​ទែស​អ៊ុយ​ក្រែ​ន រហូត​នាំ​ឲ្យ​មានការ​បង្អាក់​ដល់​ការថែទាំ​ជាប្រចាំ ទៅលើ​បំពង់​បង្ហូរ​ឧស្ម័ន​។ ប៉ុន្តែ​ក្រុមមន្ត្រី​សហភាព​អឺរ៉ុប​មួយចំនួន បាន​ចោទប្រកាន់​ទៅលើ​រុស្ស៊ី ថា ក្រុង​មូ​ស្គូ កំពុងតែ​ប្រើប្រាស់​ថាមពល​ទាំង សម្រាប់​ធ្វើជា​អាវុធ វាយបក​ទៅលើ​ប្លុក​សេរី​មួយ​នេះ​។​

​លោក មី​ខែល រ៉ុ​ត (Michael Roth) ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​សភា​អាល្លឺម៉ង់ បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ថា «​ការបិទ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ ក៏​ជា​សង្គ្រាមចិត្តសាស្ដ្រ ប្រឆាំងនឹង​ពួកយើង​»​។​

​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២១​មក តម្លៃ​ហ្គាស​លក់ដុំ បាន​កើនឡើង រហូតដល់​៤០០​ភាគរយ ហើយ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម នៅ​អឺរ៉ុប និង អ្នកប្រើប្រាស់ ប្រឈម​នឹង​ការលំបាក ខណៈ​តម្រូវ​ការកើនឡើង ក្រោយ​ការលុបចោល​នូវ​ការបិទ​ខ្ទប់​ពី​ជំងឺ​រាតត្បាត និង ផលប៉ះពាល់​កាន់តែ​អាក្រក់​ទៅៗ ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន ទៅលើ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​៕​