ប្រ​ធានា​ធិបតី​រុស្ស៊ី និង ចិន មាន​ម​ហិ​ច្ឆា​តា​រួមគ្នា កសាង​សណ្ដាប់ធ្នាប់​ពិភពលោក​

ព័ត៌មានអន្តរជាតិ
0
68



​រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​ស្ថានការណ៍​ពិភពលោក​កំពុងតែ​ឡើង​កម្ដៅ​ជាមួយនឹង​លោកខាងលិច ជុំវិញ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន នោះ ប្រធានាធិបតី​ចិន និង រុស្ស៊ី គ្រោង​នឹង​ជួបពិភាក្សា​គ្នា អំពី​ការងារ​សំខាន់ៗ​ជាច្រើន ដើម្បី​រួបរួមគ្នា​កសាង​សណ្ដាប់ធ្នាប់​ពិភពលោក​ជាថ្មី​។​

​សារព័ត៌មាន The Jakarta Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៣ ខែកញ្ញា ថា មន្ដ្រីការទូត​ជាន់ខ្ពស់​របស់​ចិន​មួយរូប បាន​ថ្លែងថា ក្រុង​ប៉េកាំង មាន​ឆន្ទៈ នៅក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​អន្តរជាតិ​រួមគ្នា ជាមួយនឹង​រុស្ស៊ី នៅក្នុង​«​ទិសដៅ​ត្រឹមត្រូវ និង សម​ហេតុផល​ជាង​នេះ​» ខណៈ​មេដឹកនាំ​ប្រទេស​ទាំងពីរ កំពុងតែ​រៀបចំ​កិច្ចប្រជុំ នៅ​សប្តាហ៍​នេះ​។​

​ជាមួយនឹង​អតីត​សម្ពន្ធមិត្ត នា​សម័យ​សង្គ្រាមត្រជាក់ ដែលមាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​នោះ ចិន និង រុស្ស៊ី បាន​ខិតចូល​មកកាន់​ជិតគ្នា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ តាម​អ្វីដែល​មេដឹកនាំ​ប្រទេស​ទាំង​២ ហៅ ជា​ទំនាក់ទំនង «​គ្មាន​ដែន​កំណត់​» ដោយ​ដើរតួ​ជា​អ្នក​ប្រឆាំងនឹង​ការត្រួតត្រា​នៅ​ពិភពលោក​របស់​សហរ​ដ្ឋ​អាមេរិក​។​

​ក្រសួងការបរទេស​ចិន បាន​ចុះផ្សាយ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ថា ប្រមុខ​កិច្ចការបរទេស​របស់​បក្សកុម្មុយនិស្ត លោក យ៉ាង ជា​ឈី (Yang Jiechi) បាន​ប្រាប់ លោក អេ​ន​ដ្រេ ដេ​នី​សូវ (Andrey Denisov) ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​នៅ​ប្រទេស​ចិន ថា «​ក្រោម​ការណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir) Putin) គឺ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​តែងតែ​ឆ្ពោះទៅមុខ លើផ្លូវ​ត្រូវ​»​។

​បើតាម​ក្រសួងការបរទេស​ចិន បាន​ឲ្យ​ដឹងថា លោក Yang បាន​មានប្រសាសន៍ ថា «​ចិន​មាន​ឆន្ទៈ នៅក្នុង​ការធ្វើការ​ជាមួយ​ប្រទេស​រុស្ស៊ី ដើម្បី​បន្ត​អនុវត្ត​ស្មារតី នៃ​កិច្ចសហប្រតិបត្តិការ ជា​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់ រវាង​ប្រទេស​ទាំងពីរ ការពារ​ផលប្រយោជន៍​រួម​របស់​ភាគី​ទាំងពីរ និង​ជំរុញ​ការអភិវឌ្ឍ លើ​សណ្តាប់ធ្នាប់​អន្តរជាតិ នៅក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ និង សម​ហេតុផល​ជាង​នេះ​»​។​

​បើតាម​ឯកសារ​ចុះផ្សាយ​របស់​ក្រសួងការបរទេស​ចិន បាន​បន្ថែមថា ជាការ​ឆ្លើយតប​នោះ លោក Denisov បាន​កោតសរសើរ អំពី​លទ្ធផល​ផ្លែផ្កា នៃ​ទំនាក់ទំនង​ទ្វេភាគី​។ រុស្ស៊ី បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង ជាមួយ​បណ្តា​ប្រទេស​អាស៊ី ជាពិសេស ប្រទេស​ចិន ចាប់តាំងពី​ក្រុង​មូ​ស្គូ បាន​រង​នូវ​ទណ្ឌកម្ម​របស់លោក​ខាងលិច មិន​ធ្លាប់មាន​ពីមុនមក ជុំវិញ​ការឈ្លានពាន​របស់​វិមាន​ក្រឹម​ឡាំង ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ការបង្កើន​ភាព​តានតឹង រវាង​ចិន និង លោកខាងលិច ក្រុង​ប៉េកាំង​មិនបាន​ថ្កោលទោស ចំពោះ​អន្តរាគមន៍​យោធា​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះឡើយ ហើយ​បានផ្តល់​ការបិទបាំង​ការទូត ដោយ​រារាំង​ដល់​ទណ្ឌកម្ម​របស់លោក​ខាងលិច និង ការលក់​គ្រឿង​សព្វាវុធ ទៅដល់​ក្រុង​កៀវ​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី និង សម​ភាគី​ចិន លោក ស៊ី ជិន​ពីង គ្រោង​នឹង​ជួបគ្នា នៅក្នុង​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន (Uzbekistan) នា​សប្តាហ៍​នេះ នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​។ ដោយឡែក លោក លី ហ្សា​ន​ស៊ូ (Li Zhanshu) សមាជិកសភា​កំពូល នៃ​ទីក្រុង​ប៉េកាំង កាលពី​សប្តាហ៍​មុន បាន​ក្លាយជា​អ្នកនយោបាយ​បក្សកុម្មុយនិស្ត​ចិន មាន​ឋានៈ​ខ្ពស់បំផុត នៅក្នុង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី ចាប់តាំងពី​ការឈ្លានពាន ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន មក​។ លោក លី បាន​សាទរ ចំពោះ​«​កម្រិត​ទំនាក់ទំនង​គួរ​ឲ្យ​ទុកចិត្តបាន មិន​ធ្លាប់មាន​ពីមុន និង កិច្ចសហប្រតិបត្តិការ រវាង​ក្រុង​ម៉ូស្គូ និង ក្រុង​ប៉េកាំង​៕​