អ៊ីរ៉ង់ ផ្គត់ផ្គង់​ដ្រូ​ន​អត្ដ​ឃាត​ដល់​កងទ័ព​រុស្ស៊ី សម្រាប់ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

ព័ត៌មានអន្តរជាតិ
0
114


​រដ្ឋធានី​កៀវ​៖ រហូតមកដល់​ពេលនេះ កងទ័ព​អ៊ុយ​ក្រែ​ន​បាន​រកឃើញ​ដ្រូ​ន​អត្តឃាត តាម​អ្វីដែល បណ្ដា​មន្ដ្រី​យោធា​បស្ចិម​លោក បាន​អះអាង កាលពី​ខែកក្កដា ថា អ៊ីរ៉ង់ នឹង​ផ្គត់ផ្គង់​ដ្រូ​ន​អត្ដ​ឃាត រាប់រយ​គ្រឿង ជួយ​ដល់​កម្លាំង​ទាហាន​រុស្ស៊ី ដើម្បី​យកមក​ធ្វើសង្គ្រាម វាយប្រហារ​ទៅលើ​កងទ័ព​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​១៤ ខែកញ្ញា ថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​អះអាង ពី​ការប្រទះឃើញ​ដ្រូ​ន​អត្ដ​ឃាត​របស់​អ៊ីរ៉ង់ ត្រូវបាន​កម្លាំង​ទាហាន​រុស្ស៊ី ប្រើប្រាស់ ជា​លើកដំបូង នៅក្នុង​សមរភូមិ​។ ការផ្គត់ផ្គង់​ដ្រូ​ន​អត្ដ​ឃាត​របស់​អ៊ីរ៉ង់ ជួយ​ដល់​កម្លាំង​ទាហាន​រុស្ស៊ី បានបង្ហាញ អំពី​ចំណង​ទំនាក់ទំនង កាន់តែ​ស៊ីជម្រៅ រវាង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង ក្រុង​តេ​អ៊ីរ៉ង់​។​

​នាយកដ្ឋាន​ទំនាក់ទំនង​យុទ្ធសាស្ត្រ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន បាន​ផ្សព្វផ្សាយ​រូបភាព អំពី​បំណែក​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន ដែល​ត្រូវបាន​បាញ់​កម្ទេចចោល​នោះ​។ ដ្រូ​ន​នោះ មាន​លក្ខណៈ​ស្រដៀង​នឹង​ត្រីកោណ ឬ រាង​ជា​ដីសណ្ត ត្រូវ​បង្ហោះ​ដោយ​អ៊ីរ៉ង់ ហើយ​គេ​ស្គាល់​ថា ជា Shahed ។​

​មន្ដ្រី​យោធា​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា កម្លាំង​ការពារ​ទឹកដី​ក្រុង​កៀវ បាន​ប្រទះឃើញ​ដ្រូ​ន​នេះ នៅ​ជិត​ទីក្រុង​គូ​ពី​យ៉ាន់ (Kupiansk) ស្ថិតក្នុង​តំបន់​ខា​គី​វ (Kharkiv) ចំពេល​ក្រុង​កៀវ កំពុងតែ​វាយ​ទម្លុះ​ខ្សែបន្ទាត់​សមរភូមិ​របស់​ទាហាន​រុស្ស៊ី នៅ​ជុំវិញ​តំបន់​នោះ​។​

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក បាន​ព្រមាន ជា​សាធារណៈ កាលពី​ខែកក្កដា កន្លងទៅ ថា រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់ គ្រោង​នឹង​បញ្ជូន​ដ្រូ​ន ផ្ទុក​គ្រាប់បែក មាន​ចំនួន​រាប់រយ​គ្រឿង ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​ជួយ​ដល់​សង្គ្រាម​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ មុនដំបូង អ៊ីរ៉ង់ បាន​បដិសេធ​ការអះអាង​របស់​សហរ​ដ្ឋ​អាម​រិ​ក ប៉ុន្ដែ​កាលពីពេល​ថ្មីៗ​នេះ ប្រមុខ​ឆ្មាំ​បដិវត្តន៍​ទាហាន​ប៉ា​រ៉ា​របស់​ក្រុង​តេ​អ៊ីរ៉ង់ បាន​អួតអាង អំពី​ការផ្គត់ផ្គង់​គ្រឿង​សព្វាវុធ ដល់​ប្រទេស​មហាអំណាច​កំពូល នៅលើ​ពិភពលោក​៕​