IMF ជំរុញ​ឲ្យ​ស្រីលង្កា ដោះស្រាយ​បំណុល​ជាមួយ​ប្រទេស​ចំនួន​៣ មុន​ឈានដល់​កិច្ចព្រមព្រៀង​លើ​ប្រាក់កម្ចី​

ព័ត៌មានអន្តរជាតិ
0
117


​រដ្ឋធានី​កូឡុំបូ​៖ ក្រោយ​សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​ដួលរលំ​ទាំងស្រុង ប្រជាជន​នៅលើ​ដែន​កោះ​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​ងើបឡើង​តវ៉ា បង្ខំ​ឲ្យ​ប្រធានាធិបតី លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) រត់​ភៀសខ្លួន​ចោល​ប្រទេស ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​ប្រឹក្សា​ហិរញ្ញវត្ថុ Lazard បានចាប់ផ្ដើម​ចរចា​ជាមួយ​ឥណ្ឌា ចិន និង ជប៉ុន ស្ដីពី​បំណុល​របស់​ប្រទេសមួយ​នេះ​។​

​សារព័ត៌មាន The Manil Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៣ ខែកញ្ញា ថា អ្នកនាំពាក្យ រដ្ឋាភិបាល​ស្រីលង្កា បាន​ថ្លែង កាលពី​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​នេះ ថា ក្រុម​ផ្តល់​ប្រឹក្សា​ហិរញ្ញវត្ថុ Lazard បានចាប់ផ្តើម​ពិភាក្សា​ជាមួយ​ឥណ្ឌា ចិន និង​ជប៉ុន ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​បំណុល​របស់​ស្រីលង្កា​ឡើងវិញ ខណៈ​ប្រទេស​នៅលើ​ដែន​កោះ ដែល​កំពុងតែ​រង​នូវ​វិបត្ដិ​បំណុល ស្វះ​ស្វែងរក​ថវិកា​សង្គ្រោះ ពី​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF)​។​

​ស្រីលង្កា បាន​ជួល​ក្រុមហ៊ុន​ប្រឹក្សា​ហិរញ្ញវត្ថុ និង គ្រប់គ្រង​ការវាយតម្លៃ Lazard កាលពី​អំឡុង​ខែឧសភា ជាមួយនឹង​ក្រុមហ៊ុន​មេធាវី​អន្ដរជាតិ Clifford Chance ដើម្បី​ណែនាំ​រដ្ឋាភិបាល តាមរយៈ​ដំណើរការ​រៀបចំ​រចនា​សម្ព័ន្ធ​បំណុល​របស់ខ្លួន​ឡើងវិញ ដោយ​ប៉ាន់ប្រមាណ ចន្លោះ​ពី ៨៥​ពាន់​លាន​ដុល្លារ រហូតដល់​ជាង ១០០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) កាលពី​ដើមខែ​នេះ បាន​បញ្ជាក់ថា IMF បាន​ឈានដល់​កិច្ចព្រមព្រៀង​បឋម ជាមួយនឹង​ប្រទេស​ស្រីលង្កា សម្រាប់​ប្រាក់កម្ចី ចំនួន ២,៩​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​មុននឹង​ឈានដល់​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​សម្រេច​ឡើង​នោះ ស្រីលង្កា នឹង​តម្រូវឱ្យមាន​ការដោះស្រាយ​បំណុល​ជាមួយ​ប្រទេស​ចិន ឥណ្ឌា និង​ជប៉ុន ដែលជា​ប្រទេស​ផ្តល់​ប្រាក់កម្ចី​អន្តរជាតិ​ដ៏​ធំ​បំផុត​របស់​ប្រទេស​នៅលើ​ដែន​កោះ​អាស៊ី​ខាងត្បូង​នេះ​។​

​លោក រ៉ា​ម៉ែ​ស ប៉ា​ធី​រ៉ា​ណា (Ramesh Pathirana) អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ប្រាប់​ដល់​ក្រុម​អ្នកយកព័ត៌មាន ដោយ​សំអាង​ទៅលើ​ក្រុមហ៊ុន Lazard ថា «​ពួកគេ​កំពុងតែ​ស្ថិតក្នុង​ដំណើរ​ការចរចា​ជាមួយ​ប្រទេស​ឥណ្ឌា ចិន និង ជប៉ុន ដើម្បី​ធានាថា យើង​អាច​ឈានដល់​ការឯកភាព​គ្នា លើ​បញ្ហា​មួយចំនួន​»​។​

​ស្រីលង្កា បាន​ជំពាក់​បំណុល​ប្រទេស​ទាំង​៣ រួមមាន ឥណ្ឌា ចិន និង ជប៉ុន ប្រហែល​១៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​ចិន​ជា​ម្ចាស់បំណុល​ដ៏​ធំ​បំផុត​របស់​ប្រទេស​ដែន​កោះ​អាស៊ី​ខាងត្បូង​មួយ​នេះ​។​

​ប្រភពពី​រដ្ឋាភិបាល បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា នៅ​ចុង​សប្ដាហ៍​នេះ ស្រីលង្កា ត្រូវគេ​រំពឹងថា នឹង​ទាក់ទង​ជា​ផ្លូវការ ទៅកាន់​ម្ចាស់បំណុល​ដោយផ្ទាល់ ដែល​កាន់កាប់​មូល​ប​ត្រ​បំណុល ប្រហែល​១២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ប្រភព​ដដែល​នោះ បាន​សុំ​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្ដ​សញ្ញាណ ដោយសារ​ការហាមឃាត់ ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​អះអាង ថា «​រដ្ឋាភិបាល គ្រោង​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន អាមេរិក ជប៉ុន និង ឥណ្ឌា ស្តីពី​ការរៀបចំ​រចនាសម្ព័ន្ធ​បំណុល នៅ​សប្តាហ៍​ក្រោយ​»​។​

​រហូតមកដល់​ពេលនេះ ប្រទេស​ស្រីលង្កា​កំពុងស្ថិត​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​បំផុត នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់ខ្លួន អស់​រយៈពេល​៧​ទសវត្សរ៍​កន្លងមក​នេះ ដោយបាន​បន្សល់ទុក​នូវ​ទុនបម្រុង​ប្តូរ ជា​ប្រាក់​បរទេស​តិចតួច សម្រាប់​ការទូទាត់ ដល់​ការ​នាំចូល​របស់របរ​សំខាន់ៗ រួមមាន ប្រេងឥន្ធនៈ អាហារ និង ថ្នាំពេទ្យ …​ជាដើម​៕​