ក្រុង​វ៉ាស៊ីនតោន ព្រមាន​រុស្ស៊ី ប្រសិនបើ​ប្រើប្រាស់​នុយក្លេអ៊ែរ នៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
156



​រដ្ឋធានី​កៀវ​៖ សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ បានចាប់ផ្ដើម​ព្រមាន​ធ្ងន់ៗ ដល់​រុស្ស៊ី អំពី​គ្រោះមហន្ដរាយ​យ៉ាង​ធ្ងន់​ធរ ប្រសិនបើ​ក្រុង​មូ​ស្គូ ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ប្រឆាំងនឹង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយពេល​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី បាន​អះអាង ថា តំបន់​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ដែល​បាន​រង​នូវ​ការរិះគន់​យ៉ាង​ទូលំទូលាយ នឹង​ទទួលបាន​ការការពារ​ពេញលេញ ប្រសិនបើ​ក្រុង​មូ​ស្គូ បានដាក់​បញ្ចូល​ជា​ទឹកដី​រុស្ស៊ី​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែកញ្ញា ថា ការបោះឆ្នោត​ប្រជាមតិ នៅក្នុង​តំបន់​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន នា​ភាគ​ខាងកើត ប្រទេស​នេះ មាន​គោលបំណង​ដាក់បញ្ចូល​ដែនដី​គ្រប់គ្រង​ដោយ​កម្លាំង​របស់​ក្រុង​មូ​ស្គូ ទៅជា​ទឹកដី​របស់​រុស្ស៊ី​។ រីឯ​សភា​រុស្ស៊ី អាច​នឹងដាក់​បញ្ចូល​ជា​ផ្លូវការ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​តាមរយៈ​ការដាក់បញ្ចូល​តំបន់ Luhansk, Donetsk, Kherson និង Zaporizhzhia ទៅក្នុង​ប្រទេស​រុស្ស៊ី នោះ ក្រុង​ម៉ូស្គូ អាច​នឹង​បង្ហាញ ពី​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ដណ្តើមយក​តំបន់​ទាំងនោះ ដូចជា ការវាយប្រហារ ដោយផ្ទាល់ ទៅលើ​ប្រទេស​រុស្ស៊ី ដែលជា​ការព្រមាន​ដល់​ក្រុង​កៀវ (Kyiv) និង សម្ពន្ធមិត្ត​លោកខាងលិច​។​

​លោក ជេ​ក ស៊ូ​លី​វ៉ាន់ (Jake Sullivan) ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃអាទិត្យ ថា ក្រុង​វ៉ាស៊ីនតោន អាច​នឹង​ឆ្លើយតប ចំពោះ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រណា​មួយ​របស់​រុស្ស៊ី ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។ សហរដ្ឋអាមេរិក នឹង​បង្ហាញ​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​បំផុត ដល់​ក្រុង​មូ​ស្គូ ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន ត្រូវ​ប្រឈមមុខ​។​

​លោក ទីប្រឹក្សា​សន្ដិសុខ​ជាតិ សហរដ្ឋអាមេរិក បាន​ប្រាប់​ដល់ទី​កម្មវិធី​ទូរទស្សន៍ ជួប​សារព័ត៌មាន​របស់ NBC ថា «​ប្រសិនបើ​រុស្ស៊ី ឆ្លងកាត់​បន្ទាត់​នេះ នឹងមាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​បំផុត សម្រាប់​រុស្ស៊ី​»​។​

​ការព្រមាន​ចុងក្រោយ​បំផុត​របស់​សហរដ្ឋអាមេរិក បានធ្វើ​ឡើង ក្រោយពេល​មានការ​គំរាមកំហែង អំពី​អាវុធ​នុយក្លេអ៊ែរ ដែល​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​អះអាងថា រុស្ស៊ី នឹង​ប្រើប្រាស់​អាវុធ​ណាមួយ សម្រាប់​ការពារ​ទឹកដី និង ប្រជាជន​របស់ខ្លួន​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក ស៊ើ​រ​ហ្គេ ឡាវ​រ៉ូ​វ (Sergei Lavrov) បានលើកឡើង ដោយផ្ទាល់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ក្រោយ​សុន្ទរកថា ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក ដោយ​បញ្ជាក់​ឡើងវិញ​នូវ​ការអះអាង​របស់​ក្រុង​មូ​ស្គូ ដើម្បី​បង្ហាញ​អំពី​ភាពត្រឹមត្រូវ ចំពោះ​ការ​លុកលុយ​នេះ ដោយ​ថា រដ្ឋាភិបាល​ជាប់ឆ្នោត នៅ​ក្រុង​កៀវ ត្រូវបាន​បង្កើតឡើង ដោយ​ខុសច្បាប់ និង ជា​របប​ណា​ហ្ស៊ី​និយម​។​

​នៅពេល​សួរ ថា​តើ​រុស្ស៊ី​នឹងមាន​ហេតុផល សម្រាប់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ដើម្បី​ការពារ​តំបន់​ដែល​បាន​បញ្ចូល​ជា​ទឹកដី​រុស្ស៊ី នោះ លោក​រដ្ឋមន្ដ្រី​ក្រសួងការបរទេស បានបញ្ជាក់ ថា ទឹកដី​រុស្ស៊ី រួមបញ្ចូល​ទាំង​ដែនដី​ផ្សេងទៀត ដែល​បានដាក់​បញ្ចូល តាម​រដ្ឋធម្មនុញ្ញ​រប​ស់​រុស្ស៊ី នៅពេល​អនាគត «​ស្ថិតក្រោម​ការការពារ​យ៉ាង​ពេញលេញ​របស់​រដ្ឋ​»៕​