ក្រុង​កៀវ ព្រមាន​ចោទប្រកាន់​ជនជាតិ​អ៊ុយ​ក្រែ​ន​ពាក់ព័ន្ធ​នឹង​ការធ្វើប្រជាមតិ ពីបទ​ក្បត់ជាតិ​

ព័ត៌មានអន្តរជាតិ
0
65


​រដ្ឋធានី​កៀវ​៖ រហូតមកដល់​ពេលនេះ ក្រុង​មូ​ស្គូ​កំពុងតែ​រៀបចំ​ធ្វើ​ប្រជាមតិ ដើម្បី​ដាក់​តំបន់​ចំនួន​៤​ចុងក្រោយ​របស់​អ៊ុយ​ក្រែ​ន ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​កៀវ បាន​ព្រមាន​ធ្ងន់ៗ ដល់​ជនជាតិ​អ៊ុយ​ក្រែ​ន​ណា​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ នឹងត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ ក្បត់ជាតិ ដោយមាន​ទោសទណ្ឌ យ៉ាងហោចណាស់​ជាប់គុក​៥​ឆ្នាំ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែកញ្ញា ថា ស្របពេល​រុស្ស៊ី កំពុងតែបន្ដ​ធ្វើ​ប្រជាមតិ​ក្លែងក្លាយ កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន ចំនួន​៤​តំបន់​បន្ថែមទៀត ក្រោយ​ការ​កាត់​យក​ឧបទ្វីប​គ្រី​មៀ (Crimea) កាលពី​ឆ្នាំ​២០១៤​នោះ រដ្ឋាភិបាល​ក្រុង​កៀវ បាន​ព្រមាន ថា ជនជាតិ​អ៊ុយ​ក្រែ​ន ណា ដែល​ជួយ​ដល់​ការបោះឆ្នោត និង ការដាក់បញ្ចូល​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី នឹងត្រូវ​ប្រឈមមុខ​កា​រ​ចោទប្រកាន់ ពីបទ​ក្បត់ជាតិ ហើយ​ត្រូវ​ជាប់ពន្ធនាគារ យ៉ាងហោចណាស់ រយៈពេល​៥​ឆ្នាំ​។​

​លោក មី​ខៃ​ឡូ ប៉ូ​ដូ​ល​យ៉ាក (Mikhailo) Podolyak) ទីប្រឹក្សា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បាន​ប្រាប់​ដល់​សារព័ត៌មាន Blick របស់​ប្រទេស​ស្វី​ស ថា «​យើង​មាន​បញ្ជី​ឈ្មោះ​មនុស្ស ជាប់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ប្រជាមតិ​នេះ​អស់ហើយ​។ ឥឡូវ យើង​កំពុងតែ​និយាយ អំពី​អ្នក​សហការ​រាប់រយ​នាក់​។ ពួកគេ នឹងត្រូវ​កាត់ទោស ពីបទ​ក្បត់ជាតិ ហើយ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ យ៉ាងតិច​៥​ឆ្នាំ​»​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក​ទីប្រឹក្សា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន រូបនេះ ក៏បាន​អះអាង​ផងដែរ ថា ជនជាតិ​អ៊ុយ​ក្រែ​ន ទាំងឡាយណា ដែល​ត្រូវ​រង​នូវ​ការបង្ខិតបង្ខំ ដើម្បី​ឲ្យ​ទៅ​បោះឆ្នោត​ធ្វើ​ប្រជាមតិ ក៏​នឹង​មិនត្រូវ​បានទទួលរ​ង​នូវ​ការផ្ដន្ទាទោស​នោះឡើយ​។​

​ការធ្វើប្រជាមតិ ដាក់​ជា​ឧបសម្ព័ន្ធ នៅក្នុង​តំបន់​ចំនួន​បួន​របស់​អ៊ុយ​ក្រែ​ន ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រុស្ស៊ី នឹង​ឈានដល់​ការបិទ​បញ្ចប់ នៅ​ថ្ងៃ​អង្គារ ដែលជា​ការត្រួសត្រាយ​ផ្លូវ សម្រាប់​ក្រុង​ម៉ូស្គូ ដណ្តើមយក​ទឹកដី​ជា​ផ្លូវការ បន្ថែមទៀត និង ពង្រីក​ប្រតិបត្តិការ​យោធា​របស់ខ្លួន ដែល​អាចធ្វើ​ទៅបាន នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​។ ការបោះឆ្នោត ថា​តើ​ត្រូវ​ចូលរួម​រួម​ជាមួយនឹង​រុស្ស៊ី នោះ ត្រូវបាន​ធ្វើឡើង នៅក្នុង​តំបន់​ឃើ​រ​សុន (Kherson), តំបន់​លូ​ហាន​ស្ក៍ (Luhansk), តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) និង តំបន់​ហ្សា​ប៉ូ​រី​ហ្ស៊ា (Zaporizhia)​។ តំបន់​ទាំង​៤ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កម្លាំង​ទាហាន​រុស្ស៊ី ហើយ​ត្រូវបាន​បោះឆ្នោត​ធ្វើ​ប្រជាមតិ​នោះ មាន​ទំហំ​ស្មើនឹង​១៥​ភាគរយ នៃ​ទឹកដី​ទាំងមូល​របស់​អ៊ុយ​ក្រែ​ន​។​

​ដោយឡែក ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី បាន​រាយការណ៍ ថា មាន​មនុស្ស​ជាច្រើន បាន​ទៅ​បោះឆ្នោត ខណៈ​រដ្ឋាភិបាល​ក្រុង​កៀវ និង សម្ពន្ធមិត្ត​បស្ចិម​លោក​របស់​អ៊ុយ​ក្រែ​ន បាន​ទាត់ចោល ចំពោះ​ការស្ទង់មតិ​បោកប្រាស់​នេះ​។​

​សារព័ត៌មាន RIA Novosti គាំទ្រ ដោយ​វិមាន​ក្រឹម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បាន​ឲ្យ​ដឹង ថា នៅក្នុង​ទីក្រុង Luhansk កាន់កាប់ ដោយ​ក្រុម​ឧទ្ទាម អត្រា នៃ​ការបោះឆ្នោត គឺ​លើសពី​៩០​ភាគរយ គិត​ត្រឹម​ព្រឹក ថ្ងៃ​អង្គារ ទី​២៧ ខែកញ្ញា​។ ក្រុង​មូ​ស្គូ ទទូចថា ការបោះឆ្នោត គឺធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត ហើយ​ការបោះឆ្នោត ត្រូវតែមាន​យុត្តិធម៌ ប៉ុន្តែ​លទ្ធផល នៃ​ការបោះឆ្នោត​នេះ នឹង​ចៀស​មិន​ផុត ពី​ការដាក់បញ្ចូល​ទឹកដី​ទាំងនោះ ទៅជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី ។​

​នៅពេល​រុស្ស៊ី បានធ្វើ​ប្រជាមតិ នៅ​គ្រី​មៀ (Crimea) ក្រោយ​ការ​រឹបអូស​ឧបទ្វីប​នេះ នៅក្នុង​ឆ្នាំ​២០១៤ ក្រុង​មូ​ស្គូ បានប្រកាសថា ប្រជាជន​ចំនួន​៩៧​ភាគរយ បាន​បោះឆ្នោត ដើម្បី​ចូលរួម​ជាមួយនឹង​រុស្ស៊ី​។​

​ទោះជា​យ៉ាងណា សម្ពន្ធមិត្ត ជា​ប្រពៃណី​របស់​រុស្ស៊ី មាន​ជាអាទិ៍ ប្រទេស​ស៊ែ​ប៊ី (Serbia) និង កា​ហ្សា​ក់​ស្ថាន បានបញ្ជាក់ ថា ពួកគេ នឹងមិន​ទទួលស្គាល់​នូវ​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ ដាក់​តំបន់​ទាំង​៤​ចុងក្រោយ​របស់​អ៊ុយ​ក្រែ​ន ទៅជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី នោះឡើយ​៕​