អតីត​នាយករដ្ឋមន្ដ្រី​ថៃ រង់ចាំ​ដល់​គណបក្ស​កូនស្រី​ពៅ​របស់គាត់ បង្កើត​រដ្ឋាភិបាល​ថ្មី​រួច​

ព័ត៌មានអន្តរជាតិ
0
1


​រាជធានី​បាងកក​៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ ដែល​កំពុងតែ​និរទេស​ខ្លួន ដោយ​ខ្លួនឯង រស់នៅ​ក្រៅប្រទេស ក្រោយពេល​ពួកយោធា បាន​បណ្ដេញ​ចេញពី​អំណាច នឹង​បន្ដស​ម្រេច​រង់ចាំ រហូតដល់​គណបក្ស​ភឿ​ថៃ បង្កើត​រដ្ឋាភិបាល​រួចរាល់ ទើប​គាត់​សម្រេចចិត្ត​ជាថ្មី វិលត្រឡប់ មកកាន់​ប្រទេស​កំណើត​វិញ ក្រោយ​ការព្យាយាម​ជាច្រើនលើក​ច្រើន មិនបាន​សម្រេច​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៦ ខែសីហា ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី បាន​អះអាង នៅ​ថ្ងៃ​សៅរ៍ ថា គាត់​បានសម្រេច​ចិត្ត ពន្យារពេល​វិលត្រឡប់ មកកាន់​ប្រទេស​ថៃ ខណៈ​ប្រទេស​កំណើត​របស់គាត់ កំពុងតែ​តស៊ូ​ជម្នះ​នូវ​ការជាប់គាំង​ខាង​នយោបាយ ក្រោយ​ការបោះឆ្នោត​សកល កាលពី​ថ្ងៃទី​១៤ ខែឧសភា​។ គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP បានឈ្នះ​លើ​គណបក្ស​ជា​គូប្រជែង គាំទ្រ​ដោយ​ពួកយោធា ដែល​កំពុងតែ​គ្រប់គ្រង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជា​អតីត​មហាសេដ្ឋី​ទូរគមនាគមន៍ បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ ដើម្បី​ទប់ទល់​នឹង​ការជ្រៀតជ្រែក​របស់​យោធា នៅក្នុង​រដ្ឋាភិបាល ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រជា​និយម​របស់គាត់​។ ប៉ុន្ដែ​នៅ​ទីបំផុត រដ្ឋាភិបាល​របស់គាត់ ក៏​ត្រូវបាន​ពួកយោធា ធ្វើ​រដ្ឋប្រហារ​បណ្តេញចេញ​ពី​អំណាច កាលពី​ឆ្នាំ​២០០៦ ។​
ពាណិជ្ជកម្ម

​អតីត​នាយករដ្ឋមន្ដ្រី​ថៃ រូបនេះ បាន​បង្ហោះ​សារ នៅលើ​បណ្ដាញ​សង្គម Twitter ថា គាត់​ត្រូវការ​ត្រួតពិនិត្យ​សុខភាព ហើយ​គាត់​នឹង​ពន្យារពេល​វិលត្រឡប់​មកកាន់​ប្រទេស​កំណើត​របស់គាត់ ហើយ​កាលពី​ដំបូង​ឡើយ គាត់​គ្រោង​នឹង​មកដល់​អាកាសយានដ្ឋាន​ដន​មឿង ប្រទេស​ថៃ នៅ​ថ្ងៃទី​១០ ខែសីហា​។ បើទោះជា​យ៉ាងណា លោក ថាក់ស៊ីន បាន​អះអាង ថា «​ខ្ញុំ​នឹង​ផ្ដល់ដំណឹង​ជាថ្មី ប្រសិនបើ​ខ្ញុំ​វិលត្រឡប់ មកកាន់​ប្រទេស​កំណើត​របស់ខ្ញុំ​វិញ​»​។​

​បើតាម​ប្រភពព័ត៌មាន​ពី​គណបក្ស​ភឿ​ថៃ បាន​អះអាង កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន (​ទី​៣ ខែសីហា​) ថា ការធ្វើ​មាតុភូមិ​និ​វត្ដ​ន៍​របស់លោក ថាក់ស៊ីន នឹងត្រូវ​ពន្យារពេល រហូតដល់​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ភឿ​ថៃ ត្រូវ​បង្កើតឡើង​រួចរាល់​៕​