ការ​កេណ្ឌ​ទ័ព​របស់​ពូ​ទីន បន្ដធ្វើ​ឲ្យ​ជនជាតិ​រុស្ស៊ី ខ្លាច​រត់​ចេញពី​ប្រទេស ខណៈ​កូរ៉េខាងត្បូង បដិសេធ​

ព័ត៌មានអន្តរជាតិ
0
115


​រដ្ឋធានី​សេ​អ៊ូ​ល​៖ រហូតមកដល់​ពេលនេះ ប្រជាជន​រុស្ស៊ី នៅតែ​បន្ដ​ភ័យខ្លាច ហើយ​រត់ចោល​ប្រទេស ក្រោយពេល​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រកាស​កេណ្ឌ​ទ័ព បញ្ជូន​ទៅកាន់​សមរភូមិ​នោះ ហើយ​អ្នកខ្លះ ក៏​អភ័ព្វ​ខ្លាំង ខំ​រត់តាម​ទូក ទៅដល់​ប្រទេស​កូរ៉េខាងត្បូង ហើយ ក៏ត្រូវ​អាជ្ញាធរ បដិសេធ​ចូលទៅក្នុង​ប្រទេស​របស់​ពួកគេ​។​

​សារព័ត៌មាន Hindustan Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១២ ខែតុលា ថា បើតាម​សេចក្ដីរាយការណ៍ ពី​បណ្ដាញ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង ថា ជាមួយនឹង​ការភ័យខ្លាច និង ការ​គេចវេះ ពី​ការអំពាវនាវ​ឲ្យ​ចូល​បម្រើ​ទ័ព ដើម្បី​ទៅ​ចូលរួម​ប្រយុទ្ធ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះ ជនជាតិ​រុស្សី បាននាំគ្នា​រត់​ចេញពី​ប្រទេស ឆ្ពោះទៅកាន់​ប្រទេសជិតខាង​។ ប៉ុន្ដែ​អភ័ព្វ​ខ្លាំងណាស់ សម្រាប់​ជនជាតិ​រុស្ស៊ី ជាង​២០​នាក់ បាន​រត់​ភៀសខ្លួន​តាម​ទូក ចេញពី​កំពង់ផែ ភាគ​ខាងជើង​ប៉ាស៊ីហ្វិក ចូល​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង ហើយ ប៉ុន្តែ​ពួកគេ ភាគច្រើន ត្រូវបាន​អាជ្ញាធរ​ប្រទេស​អាស៊ី​បូព៌ា​មួយ​នេះ បដិសេធ​ការចូល ទៅក្នុង​ប្រទេស​របស់​ពួកគេ​។​

​ចាប់តាំងពី​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី​២១ ខែកញ្ញា បានចេញ​បទបញ្ជា​ឲ្យ​មានការ​ចល័ត​ទ័ព​មួយផ្នែក បញ្ជូនទៅ​ជួយ​គាំទ្រ​កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ ដែល​កំពុងតែ​ជាប់ដៃ​ប្រយុទ្ធ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះមក ប្រជាជន​រុស្ស៊ី ដែល​គ្រប់​អាយុ​ធ្វើ​ទាហាន មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។ ពួកគេ ភាគច្រើន បាន​រត់​ភៀសខ្លួន តាមផ្លូវ​គោក ផ្លូវដែក និង តាមផ្លូវ​អាកាស ឆ្ពោះទៅកាន់​តំបន់​អឺរ៉ុប និង ប្រទេសជិតខាង ជា​ធ្លាប់​រដ្ឋ​របស់​អតីត​សហភាពសូវៀត រួមមាន ហ្ស​ក​ហ្ស៊ី អា​ស៊ែ​បៃ​ហ្ស​ង់ និង កា​ហ្សា​ក់​ស្ថាន ហើយ​ខ្លះទៀត បាន​រត់​ទៅកាន់​ប្រទេស​ម៉ុង​ហ្គោ​លី​។​

​បណ្ដាញ​ទូរទស្សន៍​កូរ៉េខាងត្បូង KBS បាន​រាយការណ៍ កាលពី​ថ្ងៃ​អង្គារ ថា យ៉ាងហោចណាស់ មាន​ជនជាតិ​រុស្សី ចំនួន​២១​នាក់ បានធ្វើ​ដំណើរ​តាម​កប៉ាល់ មកដល់​កំពង់ផែ នៅ​ភាគខាងត្បូង នៃ​ប្រទេស​អាស៊ី​បូព៌ា​មួយ​នេះ​។ ប៉ុន្តែ​នៅក្នុង​ចំណោម​ជនជាតិ​រុស្ស៊ី ទាំងនោះ មានតែ​២​នាក់​ប៉ុណ្ណោះ បានអនុញ្ញាត​ឱ្យចូល​មក​ក្នុងប្រទេស ខណៈ​អ្នក​ផ្សេងទៀត​ត្រូវបដិសេធ ដោយសារតែ​អាជ្ញាធរ ចាត់ទុកថា គោលបំណង​របស់​ពួកគេ «​មិន​ច្បាស់លាស់​»៕​