មន្ដ្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ទៅ​តំបន់​ពុះ​ចែក​កូរ៉េ ដើម្បី​បង្ហាញ​ការប្ដេជ្ញាចិត្ត​ការពារ​ក្រុង​សេ​អ៊ូ​ល​

ព័ត៌មានអន្តរជាតិ
0
227



​រដ្ឋធានី​សេ​អ៊ូ​ល​៖ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​មក​បំពេញ​ទស្សនកិច្ច នៅ​តំបន់​គ្មាន​យោធា (DMZ) ពុះ​ចែក​កូរ៉េ​ទាំង​២ ដើម្បី​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​យ៉ាងរឹងមាំ​របស់​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ការពារ​សន្ដិសុខ​របស់​កូរ៉េខាងត្បូង ក្រោយពេល​កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​បា​លិ​ស្ទីក សំដៅទៅ​សមុទ្រ​។​

​សារព័ត៌មាន Bloomberg បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែកញ្ញា ថា ការប្រកាស អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី កា​ម៉ា​ឡា ហារ​រី​ស (Kamala Harris) អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទៅកាន់​នៅ​តំបន់​គ្មាន​យោធា (DMZ) នោះ បានកើត​ឡើង ក្រោយពេល​កូរ៉េខាងជើង បាញ់​សាកល្បង​មី​ស៊ី​ល​បា​លិ​ស្ទីក ទៅកាន់​សមុទ្រ និង ចំពេល​មានការ​ព្រួយបារម្ភ និង ការភ័យខ្លាច អំពី​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​កើតមាន ខណៈ​ការប៉ុនប៉ង​របស់​រដ្ឋ​បាល​លោក ចូ បៃ​ដិ​ន ទាក់ទង​ទៅកាន់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន (Kim Jong Un) បានទទួល​បរាជ័យ​។​

​លោក ហាន ឌូ​ក​-​ស៊ូ (Han Duck-soo) នាយករដ្ឋមន្ដ្រី​កូរ៉េខាងត្បូង បាន​អះអាង អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ហារ​រី​ស នៅក្នុង​អំឡុង​មាន​ជំនួប​ជាមួយនឹង​លោកស្រី អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅក្នុង​ទីក្រុង​តូ​ក្យូ​។ លោកស្រី អនុ​ប្រធានាធិបតី កំពុងតែ​ស្ថិតក្នុង​តំបន់​នេះ ដើម្បី​ដឹកនាំ​គណៈប្រតិភូ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក មក​ចូលរួម​ពិធី​បុណ្យសព​របស់​អតីត​នាយករដ្ឋមន្ត្រី​របស់​ជ​ប៉ុន លោក ស៊ីន​ហ្ស៊ូ អា​បេ (Shinzo Abe)​។​

​មន្ដ្រី​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «​រហូតមកដល់​ពេលនេះ មាន​រយៈ​ជិត​៧០​ឆ្នាំ​កន្លងមកហើយ ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​គ្នា រវាង​កូរ៉េ​ទាំង​២ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​បញ្ជាក់ អំពី​ភាពរឹងមាំ​របស់​សម្ពន្ធ​មិត្ត រវាង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង ក្រុង​វ៉ាស៊ីនតោន នៅក្នុង​ការប្រឈមមុខ​នឹង​ការគំរាមកំហែង​ណាមួយ បង្កឡើង​ដោយ​កូរ៉េខាងជើង​»​។​

​មន្ដ្រី​សហរដ្ឋអាមេរិក បាន​បន្ថែម ថា លោកស្រី អនុ​ប្រធានាធិបតី នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​គ្មាន​កងទ័ព ដើម្បី​ជួប​ជាមួយនឹង​ទីភ្នាក់ងារ​សន្ដិ​សន្ដិសុខ ទទួល​ការ​សង្ខេប​ប្រតិបត្តិការ ពី​មេបញ្ជាការ​សហរដ្ឋអាមេរិក ឆ្លុះបញ្ចាំង អំពី​ការលះបង់​រួមគ្នា​របស់​ទាហាន​អាមេរិក និង កូរ៉េខាងត្បូង ហើយ​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​យ៉ាងរឹងមាំ ចំពោះ​សន្តិសុខ​កូរ៉េខាងត្បូង​។​

​កងទ័ព​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៣ ខែកញ្ញា បាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង USS Ronald Reagan ទៅដល់​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​។ ការមកដល់​នាវា​ផ្ទុក​យន្ដហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ជា​លើកដំបូង​របស់​សហរ​ដ្ឋ​អាមេរិក ចាប់ពី​ឆ្នាំ​២០១៧​មក​នោះ ត្រូវបាន​គេ​មើលឃើញថា ជាការ​បង្ហាញ អំពី​កម្លាំងយោធា​ដ៏​ខ្លាំងក្លា​របស់ខ្លួន ចំពេល​មានការ​គំរាមកំហែង ពី​ប្រទេស​កូរ៉េខាងជើង មកលើ​កូរ៉េខាងត្បូង​៕​