រុស្ស៊ី ចោទប្រកាន់​មន្ដ្រីការទូត​ម្នាក់​របស់​ជប៉ុន ប្រ​ព្រឹ​ត្ដ​អំពើ​ចារកម្ម​

ព័ត៌មានអន្តរជាតិ
0
106



​រដ្ឋធានី​មូ​ស្គូ​៖ ក្រុង​មូ​ស្គូ បាន​ចាប់ខ្លួន​មន្ត្រីការទូត​ម្នាក់​របស់​ជប៉ុន នៅក្នុង​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្ដុក (Vladivostok) នៅ​ភាគ​ខាងកើត ប្រទេស​រុស្ស៊ី ក្រោម​ការចោទប្រកាន់ ពីបទ​ប្រ​ព្រឹ​ត្ដ​ចារកម្ម ហើយ​បាន​បណ្ដេញ​មន្ត្រី​ទូត​រូបនោះ ចេញពី​ប្រទេស​របស់ខ្លួន​។​

​ទីភ្នាក់ងារសារព័ត៌មាន AP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែកញ្ញា ថា រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ បាន​ចាប់ឃុំខ្លួន​មន្ដ្រីការទូត​មួយរូប​របស់​ជប៉ុន នៅក្នុង​ទីក្រុង Vladivostok ។ ក្រុង​មូ​ស្គូ បាន​ចោទប្រកាន់​មន្ដ្រីការទូត​រូបនោះ ពី​ការ​អនុវត្ដ​ការងារ​ពាក់ព័ន្ធ​នឹង​ចារកម្ម ។​

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​ព័ន្ធ​ន៍​រុ​ស្ស៉ី (FSB) បាន បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថា «​រុស្ស៊ី បាន​ចាប់ខ្លួន​មន្ត្រីការទូត​មួយរូប​របស់​ជប៉ុន ខណៈ​កំពុងតែ​ប្រព្រឹត្ត អំពើ​ខុសច្បាប់ នា​អំឡុង​ទទួល​ព័ត៌មាន​សម្ងាត់ ជា​ថ្នូរ​នឹង​ការផ្ដល់ប្រាក់​។ ចំណែក​ព័ត៌មាន​សម្ងាត់ ដែល​មន្ត្រីការទូត​ជប៉ុន រូបនេះ​ទទួលបាន មាន​ការជាប់​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​រុ​ស្ស៉ី ជាមួយ​បណ្ដា​ប្រទេស​ដទៃ នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ព្រមទាំង​ព័ត៌មាន​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់ អំពី​ទណ្ឌកម្ម​របស់​បណ្ដា​ប្រទេស​បស្ចិម​លោក​»​។​

​ទោះជា​យ៉ាងណា ក្រសួងការបរទេស​រុ​ស្ស៉ី បាន​ទុក​ពេលវេលា រហូតដល់​៤៨​ម៉ោង សម្រាប់​មន្ដ្រីការទូត​ជប៉ុន​រូបនេះ ចាក​ចេញពី​ប្រទេស​រុស្ស៊ី​។ ក្រៅពីនេះ ទីភ្នាក់ងារ FSB ក៏បាន​ដាក់ កំណត់​ទូត តវ៉ា​ទៅកាន់​ជប៉ុន ជាមួយ​ការកំណត់​អត្តសញ្ញាណ​មន្ត្រីការទូត​ជប៉ុន ជា «​អគ្គ​ស្ថាន​កុងស៊ុល​» ប្រចាំ​នៅ​ទីក្រុង វ្ល៉ា​ឌី​វ៉ូ​ស្ដុក ឈ្មោះ ម៉ូតូ​គិ តាត​ស៊ុ​ណូ​រិ (Motoki Tatsunori) ថែម​ទៀតផង​៕​