ក្រុង​មូ​ស្គូ នឹង​លែង​ផ្ដល់​លិខិតឆ្លងដែន ខណៈ​ពលរដ្ឋ​រុស្ស៊ី​កំពុង​ភ័យខ្លាច រត់​ឆ្លងដែន​រាប់សែន​នាក់​

ព័ត៌មានអន្តរជាតិ
0
148


​រដ្ឋធានី​មូ​ស្គូ​៖ ចាប់តាំងពី​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បានចេញ​បញ្ជា​ឲ្យ​កេណ្ឌ​ទ័ព រហូតដល់​៣០០ ០០០​នាក់ សម្រាប់​បញ្ជូន​កាន់​សមរភូមិ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះមក ប្រជាជន​រុស្ស៊ី ចាប់ផ្ដើម​ភ័យខ្លាច​យ៉ាងខ្លាំង និង រត់គេចខ្លួន ពី​ការ​កេណ្ឌ​ទ័ព​ទៅ​ច្បាំង នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ហើយ​មនុស្ស​រាប់សែន​នាក់ បាន​រត់​ភៀសខ្លួន ចេញពី​ប្រទេស​កំណើត ឆ្ពោះទៅកាន់​ប្រទេសជិតខាង​។

​សារព័ត៌មាន The Moscow Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែកញ្ញា ថា គេហទំព័រ​របស់​រដ្ឋា​ភិ​បាល បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ថា ក្រុង​មូ​ស្គូ នឹងមិន​ផ្ដល់​លិខិតឆ្លងដែន ដល់​ប្រជាជន​រុស្ស៊ី ដែល​ត្រូវ​កេណ្ឌ​ឲ្យ​ធ្វើជា​ទាហាន ដោយសារ​ការភ័យខ្លាច ជុំវិញ​ការ​រឹតបន្ដឹង​លើ​ការធ្វើដំណើរ​កើនឡើង ហើយ​មនុស្ស រាប់សែន​នាក់ បាន​រត់​ភៀសខ្លួន ចេញពី​ប្រទេស​កំណើត​របស់​ពួកគេ​។​

​គេហទំព័រ​របស់​រដ្ឋា​ភិ​បាល​ក្រុង​មូ​ស្គូ បានបញ្ជាក់ ថា «​ប្រសិនបើ​ប្រជាពលរដ្ឋ​រុស្ស៊ី ណា​ម្នាក់ ត្រូវបាន​កោះហៅ​ឲ្យ​ចូលទៅ​បម្រើកងទ័ព ឬ ទទួលបាន​លិខិត​កោះហៅ សម្រាប់​ការ​កេណ្ឌ​ទ័ព ពលរដ្ឋ​រុស្ស៊ី រូបនោះ នឹងត្រូវ​បានទទួល​ការបដិសេធ​ផ្ដល់​លិខិតឆ្លងដែន​»​។​

​ការចេញ​បទបញ្ជា​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រកាស​ឲ្យ​កេណ្ឌ​ទ័ព ដើម្បី​ទៅ​ជួយ​គាំទ្រ​ដល់​កម្លាំង​ទាហាន​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​ប្រជាជន​រុស្ស៊ី មានការ​ភ័យខ្លាច ហើយ​មនុស្ស រាប់សែន​នាក់ បាន​រត់​ភៀសខ្លួន ឆ្លងដែន​ចូលទៅក្នុង​ប្រទេសជិតខាង ដើម្បី​គេចចេញ​ពី​ការ​កេណ្ឌ​ទ័ព​នេះ​។​

​ប្រជាជន​រុស្ស៊ី​ជាច្រើន មានការ​ភ័យខ្លាច ថា បុរស​មាន​អាយុ​សម្រាប់​ចូល​បម្រើ​ការងារ ជា​យោធា នឹងត្រូវ​រារាំង មិនឱ្យ​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​។ សេចក្ដីរាយការណ៍ ជាច្រើន បាន​អះអាង ថា អ្នកខ្លះ​បាន​ចាក​ចេញពី​ប្រទេស​រួចហើយ ប៉ុន្ដែ​មាន​ជនជាតិ​រុស្ស៊ី តែមួយ​ភាគ​តូច​ប៉ុណ្ណោះ កាន់​លិខិតឆ្លងដែន អាច​ចាក​ចេញពី​ប្រទេស​បាន​។​

​ជនជាតិ​រុស្ស៊ី អាច​រត់​ភៀសខ្លួន ទៅកាន់​ប្រទេស​អា​មេ​នី (Armenia), បេឡា​រុស (Belarus), កា​ហ្សា​ក់​ស្ថាន (Kazakhstan) និង គី​ជី​ស​ស្ថាន (Kyrgyzstan) ចាប់តាំងពី​ប្រធានាធិបតី លោក ពូ​ទីន ចេញ​បញ្ជា​ឲ្យ​កេណ្ឌ​ទ័ព ចំនួន​៣០០ ០០០​នាក់​។​

​បណ្ដាញ​ទូរទស្សន៍ ABC បាន​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែកញ្ញា ថា ចាប់តាំងពី​ប្រធានាធិបតី លោក ពូ​ទីន បានចេញ​បទបញ្ជា​ឲ្យ​កេណ្ឌ​ទ័ព បញ្ជូន​ទៅកាន់​សមរភូមិ​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព​ក្រុង​កៀវ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះមក បុរស​ជនជាតិ​រុស្ស៊ី មាន​អាយុ​គ្រប់ សម្រាប់​ចូល​ជា​ទាហាន មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​នាំគ្នា​រត់​ភៀសខ្លួន ចេញពី​ប្រទេស​កំណើត​។ នៅក្នុង​ចំណោម​ប្រជាជន​រុស្ស៊ី កំពុង​រត់​ភៀសខ្លួន​ទាំងនោះ មាន​ចំនួន ជាង ១០០ ០០០​នាក់ បាន​រត់​ភៀសខ្លួន ទៅកាន់​ប្រទេស​ហ្ស​ក​ហ្ស៊ី និង ជិត ១​សែន​នាក់ រត់​ទៅកាន់​ប្រទេស​កា​ហ្សា​ក់​ស្ថាន ហើយ​ប្រហែល​ជាង ៦៦ ០០០​នាក់​បាន​រត់​ទៅកាន់​តំបន់​អឺរ៉ុប​។ ក្រៅពីនេះ ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងទៀត បាន​ឆ្លងដែន ទៅកាន់​ប្រទេសជិតខាង​៕​