តៃវ៉ាន់ លូកដៃ​កាន់តែ​ជ្រៅ​ជាមួយ​មហាអំណាច​លោកខាងលិច បោះទុន​ជាង​៨​ពាន់​លាន​ដុល្លារ​លើ​បន្ទះ​ឈី​ប​

ព័ត៌មានអន្តរជាតិ
0
28



រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ ស្របពេល​បណ្ដា​ប្រទេស​មហាអំណាច​នានា​របស់​ពិភពលោក កំពុងតែ​បង្កើត​សង្គ្រាមត្រជាក់​លើ​បន្ទះ​ឈី​ប នា​សម័យ​ទំនើប​នេះ ក្រុមហ៊ុន​ផលិត​ឈី​ប​ដ៏​ធំ​បំផុត​របស់​តៃវ៉ាន់ TSMC ក៏បាន​អនុម័ត​លើ​ការវិនិយោគ មាន​ទំហំ​ទឹកប្រាក់ រហូតដល់​៣,៨​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​រោងចក្រ​របស់​អាល្លឺម៉ង់ ហើយ​វិនិយោគ​ទំហំ​ទឹកប្រាក់ ៤,៥​ពាន់​លាន​ដុល្លារ នៅលើ​ទឹកដី​របស់​អាមេរិក​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ថា ក្រុមហ៊ុន​ឈី​ប​ដ៏​ធំ​បំផុត​របស់​តៃវ៉ាន់ TSMC បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ (​ទី​៨ ខែសីហា​) ថា ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន បានអនុម័ត​ការវិនិយោគ មាន​ទំហំ​ទឹកប្រាក់ ៣,៨​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​រោងចក្រ​ដែល​បាន​គ្រោងទុក ស្ថិត​ក្នុងប្រទេស​អាល្លឺម៉ង់ ក៏ដូចជា​ការបណ្ដាក់ទុន មាន​ទំហំ​ទឹកប្រាក់ ៤,៥​ពាន់​លាន​ដុល្លារ សម្រាប់​រោងចក្រ ដែល​កំពុងតែ​សាងសង់ ស្ថិតក្នុង​រដ្ឋ Arizona នា​ភាគ​និរតី​របស់​សហរដ្ឋអាមេរិក​។​

​ក្រុមហ៊ុន​ផលិត​សេ​មី​ខន់​ដា​កទ័រ​តៃវ៉ាន់ (Taiwan Semiconductor Manufacturing Company) ហៅ​កាត់ TSMC បាន​គ្រប់គ្រង​ច្រើនជាង​ពាក់កណ្តាល នៃ​ទិន្នផល​មីក្រូ​ឈី​ប (Microcrip) ដែលមាន​កម្រិត​ខ្ពស់​របស់​ពិភពលោក ដោយ​ផ្តល់​ថាមពល​គ្រប់យ៉ាង រាប់​ចាប់តាំងពី​ម៉ាស៊ីន​កាហ្វេ …​រហូតដល់​គ្រូ​សមី​ស៊ី​ល​ដ៏​ទំនើប​ថែម​ទៀតផង​។​

​ក្រុមហ៊ុន TSMC បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ថា ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន​នេះ បានអនុម័ត​លើ​ការវិនិយោគ​ភាគហ៊ុន មិន​លើសពី​៣,៨​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ដែល​គ្រប់គ្រង ដោយ TSMC ភាគច្រើន គឺ​ក្រុមហ៊ុន​ផលិត​សេ​មី​ខន់​ដា​កទ័រ​អឺរ៉ុប (European Semiconductor Manufacturing Company) GMbH ហៅ​កាត់ ESMC នៅក្នុង​ប្រទេស​អាល្លឺម៉ង់ សម្រាប់​ការផ្តល់​សេវាកម្ម​សាងសង់​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន ក៏បាន​យល់ព្រម​បណ្ដាក់ទុន មិន​លើសពី​៤,៥​ពាន់​លាន​ដុល្លារ សម្រាប់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ TSMC Arizona ស្ថិតនៅ​សហរដ្ឋអាមេរិក​។​
ពាណិជ្ជកម្ម

​ការវិនិយោគ​បន្ថែម នៅក្នុង​រោងចក្រ​អា​រី​ហ្សូ​ណា ដែល​បាន​រង់ចាំ អស់​រយៈពេល​ជា​យូរ​មកហើយ នឹង​កើតឡើង ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍ ក្រោយពេល​ក្រុមហ៊ុន TSMC បាន​រាយការណ៍ ថា ការចាប់ផ្តើម​ផលិតកម្ម នៅក្នុង​រោងចក្រ​នេះ នឹងត្រូវ​ជំរុញ នៅក្នុង​ឆ្នាំ​២០២៥​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ក៏បាន​បណ្តាក់ទុន​រួមគ្នា ដែល​បាន​គ្រោងទុក នៅ​ទីក្រុង Dresden ប្រទេស​អាល្លឺម៉ង់ ក៏​នឹងត្រូវ​ដំណើរការ ហើយ​៧០​ភាគរយ ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន TSMC ។​

​រោងចក្រ TSMC នឹង​ក្លាយជា​គម្រោង Semiconductor ចុងក្រោយបង្អស់ ត្រូវ ដាក់​បង្ហាញ នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​វា​ជា​ផ្នែក​មួយ សម្រាប់​ជំរុញ​តំបន់​អឺរ៉ុប ឲ្យ​កាន់តែ​ទូលំទូលាយ នៅក្នុង​ការជំរុញ​ផលិតផល Semiconductor ។ ប៉ុន្តែ​បន្ទះ​ឈី​ប​របស់​អាល្លឺម៉ង់ ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន រាប់​ចាប់តាំងពី​តម្លៃ​កើនឡើង​ខ្ពស់ ក្រោយ​ការ​លុកលុយ​របស់​រុស្ស៊ី ទៅលើ​អ៊ុយ​ក្រែ​ន រហូតដល់​កង្វះខាត​ក​ម្មករ​ជំនាញ​ថែមទៀត​ផងដែរ​។​

​រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក និង បណ្ដា​ប្រទេស​ជា​សម្ពន្ធមិត្ត​ផ្សេងៗ​ទៀត កំពុងតែ​រឹតបន្ដឹង និង ប្រកួតប្រជែង​លើ​បន្ទះ​ឈី​ប ក៏ដូចជា ការហាមឃាត់​លក់​បច្ចេក​វិទ្យា​ម៉ាស៊ីន​ផលិត​បន្ទះ​ឈី​ប ទៅកាន់​ប្រទេស​ចិន ដើម្បី​បន្ទុក​បង្អាក់ ដល់​ការរីកចម្រើន​ខាង​យោធា​របស់​ក្រុង​ប៉េកាំង​៕​