ព្យុះ​កំណាច វាយប្រហារ​ទៅលើ​ប្រទេស​វៀតណាម បង្ក​ឲ្យ​កើត​គ្រោះទឹកជំនន់​និង​រអិល​បាក់​ដី​

ព័ត៌មានអន្តរជាតិ
0
131


​រដ្ឋធានី​ហាណូយ​៖ ព្យុះ​កំណាច​ទី​ហ្វុ​ង Noru បាន​វាយប្រហារ សំដៅ​មកលើ​ប្រទេស​វៀតណាម រហូត​ធ្វើ​ឲ្យ​អាជ្ញាធរ នៃ​ប្រទេស​អាស៊ាន​មួយ​នេះ បង្ខំចិត្ត​បិទ​អាកាសយានដ្ឋាន និង​ដាក់​បម្រាម​គោចរ ហើយ​ជម្លៀស​មនុស្ស​រាប់ម៉ឺន​នាក់ ទៅកាន់​ទី​មាន​សុវត្ថិភាព​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែកញ្ញា ថា វៀតណាម បាន​បិទ​អាកាសយានដ្ឋាន ប្រកាស​បម្រាម​គោចរ និង ជំរុញ​មនុស្ស​រាប់ពាន់នាក់ ជម្លៀស​ខ្លួន កាលពី​ថ្ងៃ​អង្គារ ខណៈ​ព្យុះ​ទី​ហ្វុ​ង Noru កាន់​តែមាន​កម្លាំង​ខ្លាំង មកកាន់​ប្រទេស​នេះ ក្រោយពេល​គ្រោះធម្មជាតិ​នេះ បាន​បណ្តាលឱ្យ​មនុស្ស យ៉ាងហោចណាស់​៨​នាក់​ស្លាប់ និង បង្ក​ជា​ទឹកជំនន់​រីក​រាលដាល នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​ព្យុះ​ទី​ហ្វុ​ង Noru បាន​បោកបក់​មកដល់​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ពុធ​នេះ ហើយ​វា​បាន​បន្ថយឥទ្ធិពល មក​នៅត្រឹម​កម្រិត​ជា​ព្យុះ​ត្រូ​ពិ​ក​វិញ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​វៀតណាម បាន​ព្រមាន​ដល់​ប្រជាជន​របស់ខ្លួន ឲ្យ​ស្ថិតក្នុង​ការបន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដោយសារ​មានការ​ព្រួយបារម្ភ អំពី​ហានិភ័យ ពី​គ្រោះទឹកជំនន់ និង ការ​រអិល​បាក់​ដី បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​ព្យុះ​ទី​ហ្វុ​ង Noru បាន​វាយប្រហារ​លើ​ខេត្ត កាង​ណាំ (Quang Nam) ប្រទេស​វៀតណាម នៅក្នុង​ល្បឿន ១១៧​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល ថ្ងៃ​ពុធ ទី​២៨ ខែកញ្ញា​។​

​ទោះជា​យ៉ាងណា អាជ្ញាធរ​វៀតណាម នៅ​មិនទាន់​រាយការណ៍​ភ្លាមៗ អំពី​ទំហំ​ខូចខាត និង គ្រោះថ្នាក់​ដល់​មនុស្ស ដែល​បង្កឡើង ដោយ​គ្រោះធម្មជាតិ​នេះ​។ ព្យុះ​កំណាច​ទី​ហ្វុ​ង Noru នេះ បាន​វាយប្រហារ ទៅលើ​ប្រទេស​ហ្វីលីពីន ដោយ​ផ្ដាច់ជីវិត​មនុស្ស ៨​នាក់ កាលពី​យប់ ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លងទៅនេះ មុននឹង​មកដល់​ប្រទេស​វៀតណាម​៕​