ពូ​ទីន​ផ្ទុះ​កំហឹង​ខ្លាំង​ដាក់​ហ្សេ​ឡែ​ន​ស្គី បញ្ជា​ឲ្យ​បាញ់​មី​ស៊ី​ល​១​ថ្ងៃ ស្មើនឹង​ប្រាក់ខែ​ទាហាន​រុស្ស៊ី​ជិត​២០​ម៉ឺន​នាក់​

ព័ត៌មានអន្តរជាតិ
0
155


​រដ្ឋធានី​កៀវ​៖ ក្រោយ​ការ​ពេល​មាន​ហេតុការណ៍​បំផ្ទុះ​ស្ពាន​យុទ្ធសាស្ដ្រ ត​ភ្ជាប់​ដែន​គោក​របស់​រុស្ស៊ី ដែល​បាន​ប្លន់​យក​ពី​អ៊ុយ​ក្រែ​ន នៅក្នុង​អំឡុង​ឆ្នាំ​២០១៤​នោះមក ប្រធានាធិបតី​រុស្ស៊ី បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ហើយ​កោះប្រជុំ​ក្រុមប្រឹក្សាសន្ដិសុខ​របស់គាត់ និង ចោទប្រកាន់​ដល់​ក្រុង​កៀវ បាន​ប្រ​ព្រឹ​ត្ដ​អំពើ​ភេរវកម្ម រួច​បញ្ជា​ឲ្យ​បាញ់​មី​ស៊ី​ល ស្រោច​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​តម្លៃ​សរុប ចន្លោះ​ពី​៤០០​លាន​ដុល្លារ ទៅ​៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ស្មើនឹង​ប្រាក់ខែ​ទាហាន​រុស្ស៊ី ចន្លោះ​ពី​១០​ម៉ឺន ទៅជិត ២០​ម៉ឺន​នាក់​។​

​ក្រុង​មូ​ស្គូ មុននឹង​ចាប់ផ្ដើម​កំណែន​ទ័ព តាម​បទបញ្ជា​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) កាលពី​អំឡុង​ខែកញ្ញា នោះ បានប្រកាស​ជ្រើសរើស​អ្នក​ស្ម័គ្រ ចូល​កងទ័ព ដោយ​ធានា​នឹង​ផ្ដល់​ប្រាក់ខែ រហូតដល់​៤០០០​ដុល្លារ​សហរដ្ឋអាមេរិក​។ លើសពីនេះទៅទៀត ក្រុង​មូ​ស្គូ ថែមទាំង​លើកទឹកចិត្ត​ដល់​អ្នកទោស ឲ្យ​ទៅ​ចូលរួម នៅក្នុង​សង្គ្រាម ជា​ថ្នូរ​នឹង​លុយកាក់ ហើយ​ការលើកលែងទោស​។ ប៉ុន្ដែ​ទំនង​ជាការ​គោលនយោបាយ​របស់​ក្រុង​មូ​ស្គូ មិនមាន​ប្រសិទ្ធភាព ទើប​មានការ​ចាប់បង្ខំ​កំណែន​ទ័ព​តែម្ដង​។​

​ដោយឡែក ព្រឹ​ត្ដិ​ការណ៍ កាលពី​ថ្ងៃ​សៅរ៍ កន្លងទៅនេះ បាន​បំផ្ទុះ​ស្ពាន​យុទ្ធសាស្ដ្រ ត​ភ្ជាប់​ពី​រុស្ស៊ី ទៅកាន់​ឧបទ្វីប​គ្រី​មៀ ដែល​រឹបអូស​បាន​ពី​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ​២០១៤​នោះ បានធ្វើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ខឹងសម្បា​យ៉ាងខ្លាំង ហើយ​បាន​បញ្ជា​ឲ្យ​បាញ់ស្រោច​មី​ស៊ី​ល ទៅលើ​ទីក្រុង​នានា នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ចន្ទ​។

​សារព័ត៌មាន Newsweek បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១១ ខែតុលា ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) កាលពី​ថ្ងៃអាទិត្យ បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន ពី​ការរៀប​ចំការ​បំផ្ទុះ​ដ៏​មាន​កម្លាំង​ខ្លាំង បំផ្លាញ​ស្ពាន​គ្រី​មៀ​។ មេដឹកនាំ​វិមាន​ក្រឹម​ឡាំង រូបនេះ បានចាត់ទុក​ការ​បំផ្ទុះ​ស្ពាន​យុទ្ធសាស្ដ្រ​គ្រី​មៀ ដែល​ត​ភ្ជាប់​ពី​ដីគោក​របស់​ប្រទេស​រុស្ស៊ី ទៅកាន់​ឧបទ្វីប​គ្រី​មៀ ជា​«​អំពើ​ភេរវកម្ម​»​។​

​ប្រ​ធានា​ធិ​ប​តិ​រុស្ស៊ី បានបញ្ជាក់ នៅក្នុង​វីដេអូ នៅលើ​បណ្ដាញ​តេ​ឡេ​ក្រាម​របស់​វិមាន​ក្រឹម​ឡាំង ថា «​មិនចាំបាច់​សង្ស័យ​អ្វី​ទៀត​ទេ​។ នេះ​ជា​សកម្មភាព អំពើ​ភេរវកម្ម ដោយមាន​គោលដៅ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ដ៏​សំខាន់​នេះ​។ ចំណែក​ការ​បំផ្ទុះ​ស្ពាន​នេះ ត្រូវបាន​រៀបចំ អនុវត្ដ និង ចេញ​បញ្ជា ដោយ​ទី​ភា្ន​ក់​ងារ​ពិសេស​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​»​។​

​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បាន​បញ្ជាក់ថា គាត់​បាន​បញ្ជា​ឲ្យ​វាយប្រហារ​សងសឹក ចំពោះ​ការវាយប្រហារ​ភេរវ​ករ​របស់​ក្រុង​កៀវ បំផ្លាញ​ស្ពាន​ឃើ​ច (Kerch) ត​ភ្ជាប់​ពី​ដីគោក​របស់​រុស្ស៊ី ទៅកាន់​ឧបទ្វីប​គ្រី​មៀ​។​

​បណ្ដា​មេដឹកនាំ​អឺរ៉ុប​ជាច្រើន​ប្រទេស បាន​ថ្កោលទោស ចំពោះ​ការវាយប្រហារ​របស់​រុស្ស៊ី មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ មេដឹកនាំ​ទាំងនេះ បាន​ប្ដេជ្ញា​បន្ដ​គាំទ្រ ផ្ដល់ជំនួយ​យោធា​បន្ថែមទៀត ជួយ​ដល់​ក្រុង​កៀវ​។​

​ដោយឡែក មេដឹកនាំ​ក្រុង​កៀវ បានចាត់ទុក​ការវាយប្រហារ​របស់​រុស្ស៊ី មកលើ​ប្រទេស​អ៊ុយ​ក្រែ ជា​សកម្មភាព​«​ភេរវកម្ម​»​។ សកម្មភាព​របស់​ក្រុង​មូ​ស្គូ បាន​កាត់ផ្ដាច់​បណ្ដាញ​អគ្គិសនី ខូចខាត​ហេ​ដ្ឋ​រចនាសម្ព័ន្ធ និង សម្លាប់​មនុស្ស យ៉ាងតិច ១៤​នាក់ និង រងរបួស ជាង​៩០​នាក់​។​

​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន ដែល​ធ្វើ​បច្ចុប្បន្នភាព អំពី​ប្រតិ​ប​ត្ដិ​ការ​សឹក​របស់​រុស្ស៊ី បាន​ឲ្យ​ដឹង ថា កម្លាំង​ទាហាន​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​ចន្ទ បាន​បាញ់​មី​ស៊ី​ល ចំនួន​៨៤​គ្រប់ និង ដ្រូ​ន ចំនួន​២៤​គ្រឿង​។ ក្នុងចំណោម​មី​ស៊ី​ល​ទាំងនោះ ត្រូវបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន ស្ទាក់​ចាប់បាន​ចំនួន​៤៣​គ្រាប់​។ ចំណែក​មី​ស៊ី​ល ដែល​បាន​បាញ់​ទាំងនោះ ត្រូវបាន​ទស្សនាវដ្ដី Forbes ស្គាល់ រួមមាន មី​ស៊ី​ល Kh-101, មី​ស៊ី​ល Kh-555, មី​ស៊ី​ល​កាលី​ប៊ឺ (Caliber), មី​ស៊ី​ល​អ៊ី​ស​ខាន​ដឺរ (Iskander), មី​ស៊ី​ល S-300 និង មី​ស៊ី​ល​ថ័​រណា​ដូ​-​អេស (Tornado-S)​។

​ក្រោយពេល​ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes នេះ​បានដឹង អំពី​ប្រភេទ​មី​ស៊ី​ល​ទាំងអស់នេះ ហើយ ក៏បាន​ចាប់ផ្ដើម​ប៉ាន់ប្រមាណ អំពី​តម្លៃ​របស់​មី​ស៊ី​ល ដែល​រុស្ស៊ី ប្រើប្រាស់ កាលពី​ថ្ងៃ​ចន្ទ ។ Forbes បាន​ប្រមាណ តម្លៃ​មី​ស៊ី​ល និង ដ្រូ​ន ទាំងនោះ មានតម្លៃ​សរុប ចន្លោះ​ពី​៤០០​លាន​ដុល្លារ ទៅ​៧០០​ដុល្លារ​សហរដ្ឋអាមេរិក​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ទស្សនាវដ្ដី​ដដែល​នេះ បានកត់សម្គាល់ ថា ការប៉ាន់ប្រមាណ​តម្លៃ​មី​ស៊ី​ល និង ដ្រូ​ន​របស់ខ្លួន អាច​នឹងត្រូវ​កែសម្រួល​ឡើងវិញ ខណៈ​ទទួលបាន​ព័ត៌មាន​ថ្មី​បន្ថែមទៀត​។​

​បើតាម​តម្លៃ នៃ​ការចំណាយ លើ​មី​ស៊ី​ល​របស់​កងទ័ព​អ៊ុយ​ក្រែ​ន បាញ់​រយៈពេល​១​ថ្ងៃ កាលពី​ថ្ងៃ​ចន្ទ អាច​បើក​ប្រាក់ខែ​១​ខែ ដល់​ទាហាន​រុស្ស៊ី ចន្លោះ​ពី​១​សែន ទៅជិត​២​សែន​នាក់​៕​