ប្រ​ធានា​ធិបតី​លី​ទុយ​អា​នី ជំរុញ​ឲ្យ​បស្ចិម​លោក​បង្កើន​សមត្ថភាព​ខ្លាំង​ក្លា ទប់​ទល់នឹង​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
61



​រដ្ឋធានី​ប្រាក (Prague)៖ ដោយសារតែ​សង្គ្រាម​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បានអូសបន្លាយ អស់​រយៈពេល​២២៦ គិត​ត្រឹម ថ្ងៃទី​៧ ខែតុលា នៅតែ​រក​ទីបញ្ចប់​មិនទាន់​ឃើញ ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា កាន់តែ​សាហាវ កំពុងតែបន្ដ​នោះ ទើប​ប្រធានាធិបតី នៃ​ប្រទេស​ធ្លាប់ជា​រដ្ឋ​មួយ រួមរស់​នៅក្រោម​ដំបូល​អតីត​សហភាពសូវៀត បាន​ជំរុញ​ឲ្យ​បស្ចិម​លោក ត្រូវតែ​កសាង​របាំង​ដ៏​រឹងមាំ ទើប​ទល់នឹង​ការពង្រីក​សង្គ្រាម​របស់​រុស្ស៊ី​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​៧ ខែតុលា ថា លោក ហ្គី​ត​ណា នោ​សេ​ដា (Gitanas Nauseda) ប្រធានាធិបតី​លី​ទុយ​អា​នី បានបញ្ជាក់ ថា លោកខាងលិច ត្រូវតែ​កសាង​នូវ​របាំង​ដ៏​រឹងមាំ​មួយ គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ ថា រុស្ស៊ី មិនអាច​បង្ក​នូវ​ហានិភ័យ ពង្រីក​សង្គ្រាម​បន្ថែមទៀត​នោះឡើយ​។​

​លោក​ប្រធានាធិបតី​លី​ទុយ​អា​នី បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅឯ​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប នៅក្នុង​រដ្ឋធានី​ប្រាក (Prague) ប្រទេស​ឆែក ថា «​យើង​ត្រូវបង្កើត​របាំង​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ ថា របប​របស់​វិមាន​ក្រឹម​ឡាំង មិន​ចង់​សាកល្បង​នឹង​សមត្ថភាព​របស់​យើង នៅក្នុង​ការឆ្លើយតប​។ យើង​ត្រូវតែ​រឹងមាំ និង មិន​អនុញ្ញាតឱ្យ​បណ្ដា​ប្រទេស​របស់​ពួកយើង ត្រូវបាន​ប្រើប្រាស់ ដោយ​គិតថា របប​វិមាន​ក្រឹម​ឡាំង ល្អ​ណាស់​នោះឡើយ​»​។​

​កិច្ចប្រជុំ​កំពូល​ក្រៅ​ផ្លូវ​របស់​សហភាព​អឺរ៉ុប នៅក្នុង​រដ្ឋធានី​ក្រុង​ប្រាក ត្រូវបាន​រៀបចំឡើង ដើម្បី​ពិភាក្សា អំពី​វិធីសាស្ដ្រ​ដោះស្រាយ​វិបត្តិ​ថាមពល កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរ​ឡើង ដោយសារ​ការឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ដោយឡែក ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ បានអនុម័ត​យ៉ាង​រលូន សម្រាប់​ការតែងតាំង​អ្នកជំនាញ​ឯករាជ្យ​ថ្មី ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​រុស្ស៊ី ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ថា បាន​បង្កើត​«​បរិយាកាស​បំភិត​ភ័យ​» តាមរយៈ​ការគាបសង្កត់ និង អំពើហិង្សា​។​

​សមាជិក​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​គាំទ្រ ចំនួន​១៧​សំឡេង និង ប្រឆាំង​ចំនួន​៦​សំឡេង ហើយ​អនុបវាទ ចំនួន​២៤​សំឡេង​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស មាន​អាយុ​១៦​ឆ្នាំ បាន​បង្កើត​អ្នករាយការណ៍​ពិសេស​មួយ ដើម្បី​ពិនិត្យមើល​កំណត់ត្រា​សិទ្ធិ​របស់​ប្រទេស​ជា​សមាជិក ដែល​ហៅថា «P5» កាន់កាប់​អាសនៈ​អចិន្ត្រៃយ៍ នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​។​

​លោក ស៊ី​ម៉ុ​ន ម៉ាន​ឡេ (Simon Manley) ឯកអគ្គរាជទូត ចក្រភព​អង់គ្លេស ប្រចាំ​នៅ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្ស៊ឺ​ណែវ ប្រទេស​ស្វី​ស បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន Reuters ភ្លាមៗ ក្រោយ​ការបោះឆ្នោត ថា «​យើង​ចង់ឱ្យ​វា​មាន​ភាពច្បាស់លាស់ នៅថ្ងៃនេះ ហើយ​ថា យើង​មិន​ភ្លេច​អ្នកតស៊ូ ដើម្បី​សេរីភាព នៅក្នុង​ប្រទេស ខណៈ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) គាបសង្កត់​ដល់​ប្រជាជន​រុស្ស៊ី និង ធ្វើ​សកម្មភាព​គាបសង្កត់ នៅក្រៅ​ប្រទេស​ថែមទៀត​ផង​»៕​