អនុប្រធាន​ធនាគារពិភពលោក អះអាងថា អ៊ុយ​ក្រែ​ន​ត្រូវការ​លុយ​កសាង​ប្រទេស​ឡើងវិញ យ៉ាង​តិចជាង​៥០០​ពាន់​លាន​ដុល្លារ​

ព័ត៌មានអន្តរជាតិ
0
176


​រដ្ឋធានី​កៀវ​៖ នៅក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) អស់​រយៈពេល​ជាង​៩​ខែ​កន្លងមកនេះ បាន​បំផ្លិចបំផ្លាញ​ពាសពេញ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ឥឡូវនេះ អនុប្រធាន​ធនាគារពិភពលោក (World Bank) បាន​ប៉ាន់ប្រមាណ ថា អ៊ុយ​ក្រែ​ន ត្រូវការ​លុយ រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការស្ថាបនា​ប្រទេស​ឡើងវិញ ក្រោយ​ការបញ្ចប់​សង្គ្រាម​។​

​សារព័ត៌មាន GAMINGDEPUTY បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៥ ខែធ្នូ ថា លោកស្រី អាន​ណា ប៊ី​ជឺ​រ​ដេ (Anna Bjerde) អនុប្រធាន ធនាគារពិភពលោក បានផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​អូទ្រីស Die Presse ផ្សាយ​ជា​ភាសា​អាល្លឺម៉ង់ ថា «​កាលពីមុន យើង​បានចេញ​ផ្សាយ​តួលេខ​មួយ ត្រូវបាន​គណនា​រួមគ្នា​ជាមួយ​គណៈកម្មការ​អឺរ៉ុប និង រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​។ តើ​ត្រូវ​ការប្រាក់​ប៉ុន្មាន សម្រាប់​ការកសាង​ប្រទេស​អ៊ុយ​ក្រែ​ន ឡើងវិញ ហើយ​វា​ត្រូវធ្វើឡើង​តាម​មាត្រដ្ឋាន ឬ ស្ដង់ដារ​របស់​អឺរ៉ុប ជា​…​ឧទាហរណ៍​ទាក់ទង​នឹង​ប្រសិទ្ធភាព​ថាមពល​…? បើតាម​ការគិត ត្រឹម​ដើមខែ​មិថុនា អ៊ុយ​ក្រែ​ន នឹងត្រូវ​ការ​ថវិកា រហូតដល់​៣៥០​ពាន់​លាន​អឺរ៉ូ (​លុយ​សហភាព​អឺរ៉ុប​) ឬ​ស្មើនឹង​ប្រហែល​ជាង​៣៦៨​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​»​។​

​លោកស្រី អនុប្រធាន ធនាគារពិភពលោក បាន​បន្ថែម ថា ដោយសារ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ ឥឡូវ តួលេខ​នេះ បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ហើយ​វា​ពិតជា​មានការ​កើនឡើង រហូតដល់ ចន្លោះ​ពី​៥០០​ទៅ​៦០០​ពាន់​លាន​អឺរ៉ូ ឬ​ស្មើនឹង​ប្រហែល​ជាង ៥២៦​ពាន់​លាន ទៅ​ជាង​៦៣២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នៅ​ចុងឆ្នាំ​២០២២​នេះ ចំនួន​ប្រជាជន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រហូតដល់​៨​លាន​នាក់ នឹង​រស់នៅក្នុង​ភាពក្រីក្រ​។

​បើតាម​លោកស្រី Anna Bjerde អនុប្រធាន​ធនាគារពិភពលោក បាន​ឲ្យ​ដឹង ថា ផលវិបាក នៃ​វិបត្ដិ​មនុស្សធម៌ នៅ​អ៊ុយ​ក្រែ​ន ក្លាយជា​មហន្តរាយ​ដ៏​ធ្ងន់​បំផុត ដោយសារតែ​មនុស្ស ជិត​១០​លាន​នាក់ នឹង​រស់នៅក្នុង​ភាពក្រីក្រ​។ ការស្ដារ​ប្រទេស​ឡើងវិញ នឹងត្រូវ​ចំណាយ​ប្រាក់ យ៉ាងហោចណាស់ ក៏​៥០០​ពាន់​លាន​អឺរ៉ូ ហើយ​អត្រា​ភាពក្រីក្រ នៅក្នុង​អ៊ុយ​ក្រែ​ន នឹង​កើនឡើង រហូតដល់​២៥​ភាគរយ​។ ជាមួយគ្នានេះ ធន​គារ​ពិភពលោក បាន​ព្យាករ ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ធ្លាក់ចុះ ដល់​៣៥​ភាគរយ នៅក្នុង​ឆ្នាំ​២០២២​។​

​អង្គការសហប្រជាជាតិ បាន​អះអាង កាលពី​ខែសីហា កន្លងទៅ ថា មនុស្ស រហូតដល់​ប្រហែល​២០​លាន​នាក់ អាច​នឹងត្រូវ​រុញច្រាន ចូលទៅក្នុង​ភាពក្រីក្រ​ខ្លាំង​បំផុត ដោយសារ​ជម្លោះ រវាង​ក្រុង​មូ​ស្គូ និង ក្រុង​កៀវ កំពុងតែបន្ដ​វាយ​ប្រយុទ្ធ​គ្នា នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក អូ​ឡា​ហ្វ សូល​ហ្ស៍ (Olaf Scholz) អធិការបតី​អាល្លឺម៉ង់ បានបញ្ជាក់ ថា ការស្ថាបនា​ប្រទេស​អ៊ុយ​ក្រែ​ន ឡើងវិញ នឹង​ក្លាយទៅជា​គម្រោង​ជំនួយ​បរទេស មាន​ប្រាក់​រាប់រយ​ពាន់​លាន នៅក្នុង​សតវត្ស​ទី​២១​នេះ ហើយ​វា​ជា​ឱកាស កសាង​ប្រទេស​ឲ្យ​មាន​ស្ថិរភាព និង រឹងមាំ​ជាង​ពេលមុន​៕​