អ៊ុយ​ក្រែ​ន វាយ​ទម្លុះ​ខ្សែការពារ​ទាហាន​រុស្ស៊ី នៅ​ភាគខាងត្បូង បន្ដ​សុំ​ជំនួយ​យោធា​បន្ថែម​

ព័ត៌មានអន្តរជាតិ
0
70


​រដ្ឋធានី​កៀវ​៖ នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ កងទ័ព​អ៊ុយ​ក្រែ​ន កំពុងតែ​មានប្រៀប​យ៉ាងខ្លាំង នៅលើ​សមរភូមិ​ប្រយុទ្ធ​ជាមួយនឹង​កម្លាំង​ទាហាន​រុស្ស៊ី រហូត​ឈានដល់​ការរំដោះ​ទឹកដី​មួយផ្នែក នៅក្នុង​តំបន់​ឃើ​រ​សុន (Kherson) ដែល​ក្រុង​មូ​ស្គ បានដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី កើន​ដល់​ទំហំ ជាង​៤០០​គីឡូម៉ែត្រ​ការ៉េ ត្រឹមតែ​រយៈពេល​មិន​ដល់​១​សប្ដាហ៍ ហើយ​ឥឡូវនេះ ក្រុង​កៀវ បាន​ជំរុញ​ដល់​សហភាព​អឺរ៉ុប បន្ដ​បញ្ជូន​ជំនួយ​យោធា​បន្ថែមទៀត ដើម្បី​បណ្ដេញ​ទាហាន​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ចេញពី​ប្រទេស​របស់​ពួកគេ​។​

​សារព័ត៌មាន Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែតុលា ថា អ៊ុយ​ក្រែ​ន បាន​អះអាង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ បាន​រំដោះទឹកដី​របស់ខ្លួន ពី​កម្លាំង​ទាហាន​រុស្ស៊ី​។ ការអះអាង ពី​ជ័យជម្នះ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន នៅក្នុង​តំបន់​ឃើ​រ​សុន (Kherson) នា​ភាគខាងត្បូង ក៏​ជាការ​បរាជ័យ​ចុងក្រោយបង្អស់​របស់​ទាហាន​រុស្ស៊ី ដែល​បានធ្វើ​ឲ្យ​ខូច ដល់​ការអះអាង​របស់​វិមាន​ក្រឹម​ឡាំង នៅក្នុង​ការដាក់បញ្ចូល​តំបន់​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន ដែលមាន​ទំហំ​ប្រហែល​២០​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​នេះ​ទាំងមូល ទៅជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​។ ជាមួយគ្នានេះ ក្រុង​កៀវ បាន​ជំរុញ​ឱ្យ​អឺរ៉ុប បន្ដ​ជួយ​ដល់​កងទ័ព​របស់ខ្លួន ដើម្បី​វាយ​បណ្តេញ​ទាហាន​របស់​ក្រុង​ម៉ូស្គូ ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោកស្រី ណា​តា​លៀ ហ្គូ​ម៉ែ​នៀក (Natalia Gumeniuk) អ្នកនាំពាក្យ បញ្ជាការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន តំបន់​ភាគខាងត្បូង ប្រទេស​អ៊ុយ​ក្រែ​ន បានបញ្ជាក់ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ថា «​កងទ័ព​អ៊ុយ​ក្រែ​ន បាន​រំដោះ​តំបន់​ឃើ​រ​សុន មាន​ទំហំ​ជង​៤០០​គីឡូម៉ែត្រ ចាប់តាំងពី​ដើមខែ​តុលា​មក​»​។​

​ដោយឡែក មន្ដ្រី​យោធា​រុស្ស៊ី បាន​អះអាង ថា «​កម្លាំង​សត្រូវ ត្រូវបាន​វាយបក​ត្រឡប់មកវិញ នៅតាម​ខ្សែបន្ទាត់​ការពារ​របស់​រុស្ស៊ី នៅលើ​សមរភូមិ ភាគខាងត្បូង ប្រទេស​នេះ​។ ជាមួយគ្នានេះដែរ កងទ័ព​អ៊ុយ​ក្រែ​ន បានដាក់​ពង្រាយ​កងវរសេនាតូច​យុទ្ធសាស្ត្រ ចំនួន​៤ ហើយ​បាន​ព្យាយាម​ប៉ុនប៉ង​ម្តង​ហើយ​ម្តងទៀត ដើម្បី​វាយ​ទម្លុះ​តំបន់​ការពារ​របស់​យើង នៅ​ជិត​ឌូ​ដ​ចា​នី (Dudchany), ស៊ូ​ខា​ណូ​វ (Sukhanove), សា​ដូ​ក (Sadok) និង ប្រ៊ូ​ស្កី​ន​ស្កូ (Bruskinskoe)​។​

​ប្រ​ធនា​ធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy ) កាលពី​ថ្ងៃ​ពុធ បានប្រកាស ថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​រំដោះ​ភូមិ​ណូ​វ៉ូស​ក្រែ​សេន​ស្កេ (Novovoskresenske), ណូ​វ៉ូ​ហ្គ្រី​ហ្គោ​រី​វ​កា (Novogrygorivka) និង ផេ​ត្រូ​ប៉ាវ​លីវ​កា (Petropavlivka) នៅក្នុង​តំបន់​ជុំវិញ​ឃើ​រ​សុន​។​

​ក្រោយ​ប្រកាស​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានកើត​ឡើង ក្រោយពេល​កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ បាន​រំដោះ​តំបន់​ខា​គី​វ នា​ភាគ​ឦសាន ប្រទេស ស្ទើរតែ​ទាំងស្រុង​។ កងទ័ព​អ៊ុយ​ក្រែ​ន កាលពីពេល​ថ្មីៗ​នេះ បាន​អះអាង អំពី​ជ័យជម្នះ នៅលើ​សមរភូមិ នា​ភាគ​ខាងកើត និង ភាគខាងត្បូង ប្រទេស​របស់​ពួកគេ​៕​