​ប្រសិនបើ​រុស្ស៊ី បាញ់​បរមាណូ​លើ​អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក​មាន​ជម្រើស​ច្រើន សម្រាប់​ទប់ទល់​

ព័ត៌មានអន្តរជាតិ
0
215



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ មេដឹកនាំ​ក្រុង​មូ​ស្គូ តែងតែ​គំរាមកំហែង​ជា​ញឹកញាប់ ពី​ការប្រើប្រាស់​អាវុធ​បរមាណូ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ហើយ​រហូតមក​ដល់ពេលនេះ កម្លាំង​ទាហាន​រុស្ស៊ី ចាប់​ប​ផ្ដើម​ចាញ់​សង្គ្រាម នៅតាម​តំបន់​ជាច្រើន ទើប​ក្រុមមន្ដ្រី​ក្រុង​មូ​ស្គូ មួយចំនួន បាន​ជំរុញ​ឲ្យ​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ដើម្បី​បញ្ចប់សង្គ្រាម​នេះ ទើប​ធ្វើ​ឲ្យ​ពិភពលោក មានការ​ព្រួយបារម្ភ កាន់តែខ្លាំង​ឡើង ប៉ុន្ដែ​សម្រាប់​សហរដ្ឋអាមេរិក ក៏មាន​សេណា​រី​យ៉ូ​ចំនួន​៣​សម្រាប់​ទប់ទល់​នឹង​ការវាយប្រហារ ដោយ​បរមាណូ​នេះដែរ​។​

​សារព័ត៌មាន Newsweek បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែតុលា ថា នៅក្នុង​ព្រឹត្តិការណ៍​មិន​ទំនង ប៉ុន្តែ​វា​មិនអាច​ទៅរួច ដោយសារតែ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) សម្រេច​ធ្វើតាម​ការគំរាមកំហែង​របស់គាត់ កាលពីពេល​ថ្មីៗ ដើម្បី​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ចំណែក សហរដ្ឋអាមេរិក វិញ ក៏​នឹងមាន​ជម្រើស អាចធ្វើ​ទៅបាន សម្រាប់​ការឆ្លើយតប​នឹង​សកម្មភាព​នេះ​។​

​លោក ម៉ា​ត​ធូ ក្រូ​នី​គ (Matthew Kroenig) ជា​អ្នកវិទ្យាសាស្ដ្រ​នយោបាយ និង ជា​អតីតមន្ដ្រី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក CIA បាន​ប្រាប់​ដល់​សារព័ត៌មាន Newsweek ថា «​អ្វីដែល​សំខាន់បំផុត​នោះ សហរដ្ឋអាមេរិក ចង់​ព្យាយាម​រារាំង​ដល់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិន​ឲ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​»​។​

​អតីតមន្ដ្រី CIA រូបនេះ បានបញ្ជាក់ ថា «​នោះ ជា​បញ្ហា​ដែល​រដ្ឋបាល​របស់​សហ​រដ្ឋ​អាមេរិក បាន​ព្យាយាម​ធ្វើ នៅក្នុង​រយៈពេល​១​សប្តាហ៍​មុន ... ប៉ុន្តែ​ប្រសិនបើ​លោក ពូ​ទីន បន្ត​ប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក ក្រុង​វ៉ាស៊ីនតោន ក៏​ស្ថិតក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក​ផងដែរ​»​។​

​ការគំរាមកំហែង​រប​ស់​ប្រធានាធិបតី​រុស្ស៊ី កាលពីពេល​ថ្មីៗ​នេះ ជុំវិញ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ការពារ​ប្រទេស​រុស្ស៊ី ប្រឆាំងនឹង​ការវាយប្រហារ អាច​លើសពី​ការនិយាយ​បំផ្លើស ដូច​អ្វីដែល​លោក ពូ​ទីន ធ្លាប់​គំរាម កាលពី​ថ្ងៃទី​២១ ខែកញ្ញា នៅក្នុង​អំឡុងពេល​ថ្លែង​សុន្ទរកថា ប្រកាស អំពី​ការ​ចល័ត​ទ័ព​បម្រុង​មួយផ្នែក នៅក្នុង​ប្រទេស​របស់គាត់​។

​ដោយឡែក លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២ ខែតុលា បានបញ្ជាក់ ថា មន្ត្រី​សហរដ្ឋអាមេរិក កំពុងតែ​ពិចារណា អំពី​ការឆ្លើយតប នឹង​អ្វីដែល​អាច​នឹង​កើតមានឡើង ចំពោះ​ការកើនឡើង នៃ​សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រហូត​ឈានដល់​ជម្លោះ​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​លោក​រដ្ឋមន្ដ្រី មិនបាន​បង្ហាញ អំពី​អ្វីដែល​អាច​កើតមានឡើង​នោះឡើយ​។​

​ប្រសិនបើ​យុទ្ធសាស្ត្រ​រារាំង​របស់​សហរដ្ឋអាមេរិក ទទួល​បរាជ័យ ដោយ​ហេតុផល​ណាមួយ ប្រហែលជា ដោយសារតែ​លោក ពូ​ទីន មាន​អារម្មណ៍ ថា មាន​ជ្រុង និង ខ្វះ​ជម្រើស​ផ្សេងទៀត​សម្រាប់​ការលេចចេញ​នូវ​ជ័យជម្នះ នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។ រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន គួរតែ​អនុវត្ត​ការគំរាមកំហែង​របស់​ខ្លួន សម្រាប់​រារាំង​ដល់​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក​។​

​លោក ម៉ា​ត​ធូ ក្រូ​នី​គ (Matthew Kroenig) បាន​សង្កត់ធ្ងន់ អំពី​ការឆ្លើយតប​របស់​សហ​រដ្ឋ​អាមេរិក ថា «​ខ្ញុំ​គិតថា រដ្ឋបាល​របស់លោក ចូ បៃ​ដិ​ន ប្រហែលជា​មិនទាន់​សម្រេចចិត្ត​នៅឡើយ ហើយ​ប្រហែលជា​នឹងមិន​សម្រេចចិត្ត​ទេ រហូតដល់​អាវុធ​នុយក្លេអ៊ែរ ត្រូវបាន​ប្រើប្រាស់ ជាក់ស្តែង​។ ខ្ញុំ​គិតថា បញ្ហា​មួយចំនួន នៅក្នុង​រដ្ឋបាល​របស់​សហរដ្ឋអាមេរិក នឹង​និយាយ ថា មែនហើយ ចូរ​យើង​ធ្វើកំណែទម្រង់​ដ៏​តឹងរ៉ឹង ចំពោះ​អ្វីដែល​យើង​កំពុង​ធ្វើ​រួចហើយ​។ ការដាក់ទណ្ឌកម្ម​កាន់​តែ​ច្រើន ការផ្ដល់​អាវុធ​កាន់តែច្រើន សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ប្រហែលជា​ដាក់ពង្រាយ​កងទ័ព​បន្ថែមទៀត នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​ណា​តូ​។ ពួកគេ នឹង​ប្រកែក ថា នេះ​ជាការ​ឆ្លើយតប​យ៉ាងខ្លាំង​ក្លា ជាង​អ្វីដែល​យើង​កំពុងតែ​ធ្វើ នាពេល​ឥឡូវនេះ​»​។​

​បើតាម​លោក ម៉ា​ត​ធូ ក្រូ​នី​គ (Matthew Kroenig) បាន​ឲ្យ​ដឹង​ទៀត ថា នៅក្នុង​សេណា​រី​យ៉ូ​ទី​១​នោះ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន ត្រូវ​បញ្ចៀស​សង្គ្រាម ដោយផ្ទាល់​ជាមួយនឹង​រុស្ស៊ី​។ ប៉ុន្ដែ​គាត់​ជឿ ថា មាន​មនុស្ស​ជាច្រើន ដោយ​រួមទាំង​ខ្លួន​គាត់​ផង នឹង​លើកឡើង ថា ប្រតិកម្ម​បែបនេះ មិនមាន​កម្លាំង​គ្រប់គ្រាន់​នោះឡើយ​។​

​អតីតមន្ដ្រី CIA របស់​សហរដ្ឋ​អ​មេ​រិ​ក រូបនេះ បានបញ្ជាក់ ថា «​យើង​បាន​និយាយ អំពី​ផលវិបាក ប្រកបដោយ​គ្រោះមហន្តរាយ ហើយ​បន្ទាប់មក យើង​ឆ្លើយតប ដោយ​ការដាក់ទណ្ឌកម្ម នោះ​ជាការ​ឆ្លើយតប​ដ៏​ទន់ខ្សោយ​បំផុត​។ ចំណែក​ការឆ្លើយតប​នេះ នឹង​ផ្ញើ​សារ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ថា គាត់​អាច​វាយប្រហារ ដោយ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​ពីរ ទី​បី និង​ទី​បួន ដោយ​គ្មាន​ផលវិបាក​។ ខ្ញុំ នឹង​គាំទ្រ​ដល់​ការវាយប្រហារ​យោធា​របស់​សហរដ្ឋអាមេរិក ដោយផ្ទាល់​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​។ នោះ​អាចធ្វើ ដោយផ្ទាល់ ប្រឆាំងនឹង​កម្លាំង​រុស្ស៊ី ដែល​បាន​បើក​ការវាយប្រហារ​។ សហរដ្ឋអាមេរិក អាច​ប្រឆាំងនឹង​មូលដ្ឋាន​យោធា​រុស្ស៊ី ផ្សេងៗ​ទៀត នៅក្នុង​អ៊ុយ​ក្រែ​ន ឬ​នៅក្នុង​សមុទ្រ​ខ្មៅ​»​។​

​លោក ម៉ា​ត​ធូ ក្រូ​នី​គ (Matthew Kroenig) បាន​បន្ថែមទៀតថា នៅក្នុង​សេណា​រី​យូ​ទី​២​នេះ សង្គ្រាមលោកលើកទី​៣ អាច​នឹង​ផ្ទុះឡើង ដោយសារ​សហរដ្ឋអាមេរិក វាយប្រហារ​ដោយផ្ទាល់ ទៅលើ​រុស្ស៊ី ហើយ​ការវាយប្រហារ​នេះ អាច​នឹងធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ សងសឹក​តបត​វិញ​។ តើ​លោក ចូ បៃ​ដិ​ន សងសឹក​វិញ​ទេ​? នោះ យើង​នឹងត្រូវ​ប្រឈមមុខ​នឹង​ជម្លោះ កាន់តែ​ធំ ហើយ​វា​នឹងមាន​លទ្ធភាព​មួយ​ផ្សេងទៀត​។​

​អតីតមន្ដ្រី CIA រូបនេះ បាន​បន្ដថា «​ខ្ញុំ​គិតថា អ្នក​ប្រហែលជា អាចឱ្យ​បុរស​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក និយាយថា លោក​ប្រធានាធិបតី អាវុធ​នុយក្លេអ៊ែរ ត្រូវ​ប្រើប្រាស់​ជា​លើកដំបូង ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​ពីរ​មក​។ មនុស្ស​ជាច្រើន តែងតែ​សន្មត ថា យើង​នឹង​ឆ្លើយតប​ជាមួយនឹង​អាវុធ​នុយក្លេអ៊ែរ ចំពោះ​ការវាយប្រហារ​នុយក្លេអ៊ែរ​។ យើង​ត្រូវតែ​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការស្ដារ​ឡើងវិញ​នូវ​ការរារាំង​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្ដែ​ខ្ញុំ​គិតថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន នឹងមិន​ដើរ​តម​ផ្លូវ​នេះ យ៉ាងហោចណាស់ តាំងពី​ដំបូង​ទី ប៉ុន្តែ​ខ្ញុំ​គិតថា អ្នកខ្លះ ប្រហែលជា​កំពុងតែ​តស៊ូ​មតិ សម្រាប់​រឿងនេះ​ផងដែរ​»​។​

​លោក ម៉ា​ត​ធូ ក្រូ​នី​គ (Matthew Kroenig) បាន​អះអាង​ទៀត ថា នៅក្នុង​សេណា​រី​យ៉ូ​ទី​៣ សហរដ្ឋអាមេរិក ត្រូវតែ​ឆ្លើយតប ចំពោះ​ការវាយប្រហារ ដោយ​អាវុធ​បរមាណូ​ជាមួយ​ប្រទេស​ណាមួយ ដែល​បង្ក​សង្គ្រាម ដោយ​អាវុធ​នុយក្លេអ៊ែរ​។​

​លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​ថ្លែង​ទៅកាន់​បណ្ដាញ​ទូរទស្សន៍ CNN កាលពី​ថ្ងៃទី​២ ខែតុលា ថា «​មិនមាន​វិធីសាស្ដ្រ​ណាមួយ​ដឹង ថា​តើ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក តាម​អ្វីដែល​គាត់​ធ្លាប់​គំរាមកំហែង​នោះឡើយ​។ គ្មាន​អ្នកណាម្នាក់ ត្រួត​លើ ពូ​ទីន នោះទេ ព្រោះ​គាត់​បានសម្រេច​ចិត្ត មិន​ទទួលខុសត្រូវ ចំពោះ​ការឈ្លានពាន ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ដូច្នេះ ពូ​ទីន អាច​នឹងមាន​ការសម្រេច​ចិត្ត​ផ្សេង​»​។​

​ក្រុមអ្នកវិភាគ បាន​ឯកភាព​តាម​លោក ក្រូ​នី​គ បាន​អះអាង ថា បញ្ហា​នេះ ទំនង​ច្រើនជាង ការដែល​ពូ​ទីន មិន​ចាប់ផ្តើម​វាយប្រហារ ដោយ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​វា​មាន​ហានិភ័យ​ពិតប្រាកដ​ប្រសិនបើ​គាត់​វាយប្រហារ ដោយ​អាវុធ​បរម​ណូ​»​។​

​អតីតមន្ដ្រី CIA របស់​សហរដ្ឋអាមេរិក បាន​បន្ដថា «​ខ្ញុំ​មិន​គិត ថា ការវាយប្រហារ ដោយ​អាវុធ​នុយក្លេអ៊ែរ ជាការ​សម្រេចចិត្ត​យ៉ាង​ងាយស្រួល សម្រាប់​លោក ពូ​ទីន នោះឡើយ​។ ខ្ញុំ​គិត ថា គាត់​កំពុងតែ​នៅលើ​របង​។ ខ្ញុំ​គិតថា នៅលើ​ដៃ​ម្ខាង គាត់​មានការ​ព្រួយបារម្ភ ថា ការប្រើប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ អាច​នាំឱ្យមាន​ការឆ្លើយ​តប​យ៉ាងខ្លាំងបំផុត ពី​សហរដ្ឋអាមេរិក និង អង្គការ​ណា​តូ ដែល​គាត់​នឹង​ត្រូវតែ​បញ្ចៀស​នូវ​ការប្រឈមមុខ​ជាមួយ​។ ម្យ៉ាងវិញទៀត គាត់​នឹង​ចាញ់​សង្គ្រាម​យ៉ាង​អាម៉ាស់ នៅតាម​ព្រំដែន​របស់គាត់ ហើយ​ខ្ញុំ​គិត ថា គាត់​មើលឃើញ ទាំង​យុទ្ធសាស្ត្រ និង ប្រយោជន៍​យោធា នៅក្នុង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បង្វែរ​ជំនោរ​សង្គ្រាម​នេះ​។ ដូច្នេះ​ខ្ញុំ​គិត ថា គាត់​មិន​ធ្វើតាម​អារម្មណ៍​របស់គាត់​នោះឡើយ​»៕​