​មេដឹកនាំ​ក្រុង​កៀវ ៖ ពិភពលោក​ត្រូវតែ​បញ្ឈប់​រុស្ស៊ី លែង​ឲ្យ​គំរាម​អាវុធ​នុយក្លេអ៊ែរ ពី​ឥឡូវ​ទៅ​

ព័ត៌មានអន្តរជាតិ
0
174



​រដ្ឋធានី​កៀវ​៖ នៅក្នុង​រយៈ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ កងទ័ព​អ៊ុយ​ក្រែ​ន កំពុងតែ​វាយលុក​រុលទៅមុខ​យ៉ាង​លឿន រំដោះទឹកដី​របស់ខ្លួន នៅតាម​សមរភូមិ​ជាច្រើន​កន្លែង ទាំង​នៅ​ភាគ​ខាងកើត និង ភាគខាងត្បូង ប្រទេស រហូត​ធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ មិនអាច​សម្រេច​បំណង ទើប​ជំរុញ​ឲ្យ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក ដើម្បី​បញ្ចប់សង្គ្រាម​នេះ ប៉ុន្ដែ​រុស្ស៊ី នឹងត្រូវ​ប្រឈមមុខ​យ៉ាងធ្ងន់ធ្ងរ​ជាមួយ​សហរដ្ឋអាមេរិក និង អង្គការ​ណា​តូ​។​

​សារព័ត៌មាន Bussiness Insider បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​៨ ខែតុលា ថា លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បាន​បញ្ជាក់ថា រុស្ស៊ី កំពុងតែ​ចាប់ផ្ដើម​រៀបចំ​សង្គម​របស់​ពួកគេ សម្រាប់​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក ដែល​អាច​នឹង​កើតមានឡើង​។ ប៉ុន្ដែ​គាត់​មិន​ជឿថា រុស្ស៊ី បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នោះឡើយ​។​

​នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយនឹង​បណ្ដាញ​ទូរទស្សន៍​របស់​ចក្រភព​អង់គ្លេស BBC លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បដិសេធ ថា គាត់​មិនបាន​ជំរុញឱ្យមាន​ការវាយប្រហា​រ ទៅលើ​ប្រទេស​រុស្ស៊ី នោះទេ​។ លោក​ប្រធានាធិបតី បាន​អះអាង ថា ការធ្វើ​អត្ថាធិប្បាយ​របស់គាត់ កាលពី​ពេលមុន ត្រូវបាន​គេ​យកទៅ​បកប្រែ​ខុស​។ លោក​ប្រធានាធិបតី បាន​សង្កត់ធ្ងន់ ថា​«​អ្នក​ត្រូវតែ​ប្រើប្រាស់​វិធីសាស្ដ្រ​ការពារ ផ្អែកទៅលើ​ការដាក់​កញ្ចប់​ទណ្ឌកម្ម គឺ​មិនមែនជា​ការវាយប្រហារ នោះឡើយ​»​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ កងទ័ព​អ៊ុយ​ក្រែ​ន បាន​រំដោះទឹកដី​របស់​ពួកគេ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រឡប់មកវិញ នៅក្នុង​ការវាយលុក ប្រកបដោយ​ជោគជ័យ រហូត​បង្ខំ​ឱ្យកម្លាំង​ទាហាន​រុស្ស៊ី បោះបង់ចោល​ទីតាំង​កាន់កាប់​របស់​ពួកគេ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម រហូតមក​។ ជ័យជម្នះ​នេះ ត្រូវបាន​រដ្ឋាភិបាល​ក្រុង​កៀវ ពិពណ៌នា​ថា វា​ជាការ​ឆ្លើយតប​ដល់​ក្រុង​ម៉ូស្គូ ចំពោះ​ការបរាជ័យ​របស់ខ្លួន ក្រោយពេល​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានដាក់​បញ្ចូល​តំបន់​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន ដែល​កម្លាំង​ទាហាន​ក្រុង​មូ​ស្គូ បាន​កាន់កាប់ ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​។​

​ការដាក់បញ្ចូល​ទឹកដី​របស់​អ៊ុយ​ក្រែ​ន មាន​ទំហំ​ប្រហែល​១៥​ភាគរយ នៃ​ផ្ទៃដី​ទាំងមូល ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី នោះ ត្រូវបាន​ក្រុង​កៀវ បណ្ដា​ប្រទេស​បស្ចិម​លោក និង សម្ពន្ធមិត្ត ជាពិសេស ប្រមុខ​អង្គការសហប្រជាជាតិ បាន​អះអាង ថា វា​មិនមាន​តម្លៃ​ស្របច្បាប់​នោះទេ ហើយ​បាន​ទាត់ចោល​រាល់​ការសម្រេចចិត្ត​របស់​ក្រុង​មូ​ស្គូ ដោយ​ចាត់ទុក ជាការ​ខុសច្បាប់​ទាំងស្រុង​។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បាន​ចាត់ទុក​សកម្ម​ភាព​នេះ ជាការ​បង្កើន​ជម្លោះ​ឲ្យ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​។​

​ដោយឡែក ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង ក្រុមមន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី ផ្សេងៗ​ទៀត បានលើកឡើង ថា អាវុធ​នុយក្លេអ៊ែរ ប្រហែលជា​អាវុធ​យុទ្ធសាស្ត្រ​ធុន​តូច អាច​នឹងត្រូវ​ប្រើប្រាស់ សម្រាប់​ការការពារ​តំបន់​ឧបសម្ព័ន្ធ​ទាំង​៤​នោះ បើទោះជា​ក្រុមមន្ត្រី​លោកខាងលិច បាន​អះអាង ថា មិនមាន​ភស្តុតាង​ណាមួយ បង្ហាញថា ក្រុង​មូ​ស្គូ បាន​ត្រៀមខ្លួន​រួច​ជាស​ម្រេច សម្រាប់​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក​នោះ យ៉ាងណាក្ដី​។​

​ថ្លែង​ជា​ភាសា​អង់គ្លេស នៅឯ​ការិយាល័យ​របស់​ប្រធានាធិបតី ស្ថិតក្នុង​រដ្ឋធានី​កៀវ ប្រមុខរដ្ឋ​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បាន​សង្កត់ធ្ងន់ ថា «​ក្រុមមន្ដ្រី​រុស្ស៊ី ចាប់ផ្ដើម​រៀបចំ​សង្គម​របស់​ពួកគេ​។ នោះ​ជា​គ្រោះមហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត ប្រសិនបើ​មានការ​ប្រើប្រាស់​អាវុធ​បរមាណូ​។ ប៉ុន្ដែ​ខ្ញុំ​គិតថា រុស្ស៊ី មិនទាន់បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នេះ​ទេ​។ រុស្ស៊ី ចាប់ផ្ដើម​ទំនាក់ទំនង ហើយ​ពួកគេ​មិនទាន់​ដឹងថា ពួកគេ​នឹង​ប្រើ ឬក៏​មិន​ប្រើ​អាវុធ​បរមាណូ​នោះដែរ​។ ខ្ញុំ​គិត ថា វា​មាន​គ្រោះថ្នាក់ ចំពោះ​ការនិយាយ អំពី​បញ្ហា​នេះ​»​។​

​ក្រោយមក លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​ថ្លែង ជា​ភាសា​អ៊ុយ​ក្រែ​ន ហើយ​ឲ្យ​ដឹង តាមរយៈ​អ្នកបកប្រែ ថា «​អ្វីដែល​យើង​ឃើញ គឺថា ប្រជាជន​រុស្ស៊ី​មានអំណាច ដូច​ជីវិត​។ ដូច្នេះ ខ្ញុំ​គិតថា ហានិភ័យ អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ គឺ​មិន​ច្បាស់លាស់ ដូច​អ្នកជំនាញ​មួយចំនួន​និយាយ​នោះដែរ ព្រោះ​ពួកគេ​យល់ ថា គ្មាន​ការ​ប្រែក្លាយ ត្រឡប់​ថយក្រោយ ខណៈ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ មិន​ត្រឹមតែ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្លួន​របស់​ពួកគេ ក៏​ជា​បុគ្គលិក​ជាប់​ឈ្មោះ នៅក្នុង​រឿងនេះ​ផងដែរ​»​។​

​ទោះជា​យ៉ាងណា លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បដិសេធ​ការអំពាវនាវ ជំរុញ​ឲ្យ​វាយប្រហារ ទៅលើ​ប្រទេស​រុស្ស៊ី នៅក្នុង​អំឡុង​ព្រឹ​ត្ដិ​ការណ៍ តាម​អន​ឡាញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​គាត់​បាន​អះអាង ថា ពាក្យ​អ៊ុយ​ក្រែ​ន ដែល​គាត់​បាន​ប្រើ ត្រូវគេ​យកទៅ​បកប្រែ​ខុស​។​

 ​លោក ម៉ា​ត​ធូ ក្រូ​នី​គ (Matthew Kroenig) ជា​អ្នកវិទ្យាសាស្ដ្រ​នយោបាយ និង ជា​អតីតមន្ដ្រី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក CIA បានបញ្ជាក់ ថា «​ខ្ញុំ​មិន​គិត ថា ការវាយប្រហារ ដោយ​អាវុធ​នុយក្លេអ៊ែរ ជាការ​សម្រេចចិត្ត​យ៉ាង​ងាយស្រួល សម្រាប់​លោក ពូ​ទីន នោះឡើយ​។ ខ្ញុំ​គិត ថា គាត់​កំពុងតែ​នៅលើ​របង​។ ខ្ញុំ​គិតថា នៅលើ​ដៃ​ម្ខាង គាត់​មានការ​ព្រួយបារម្ភ ថា ការប្រើប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ អាច​នាំឱ្យមាន​ការឆ្លើយ​តប​យ៉ាងខ្លាំងបំផុត ពី​សហរដ្ឋអាមេរិក និង អង្គការ​ណា​តូ ដែល​គាត់​នឹង​ត្រូវតែ​បញ្ចៀស​នូវ​ការប្រឈមមុខ​ជាមួយ​។ ម្យ៉ាងវិញទៀត គាត់​នឹង​ចាញ់​សង្គ្រាម​យ៉ាង​អាម៉ាស់ នៅតាម​ព្រំដែន​របស់គាត់ ហើយ​ខ្ញុំ​គិត ថា គាត់​មើលឃើញ ទាំង​យុទ្ធសាស្ត្រ និង ប្រយោជន៍​យោធា នៅក្នុង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បង្វែរ​ជំនោរ​សង្គ្រាម​នេះ​។ ដូច្នេះ​ខ្ញុំ​គិត ថា គាត់​មិន​ធ្វើតាម​អារម្មណ៍​របស់គាត់​នោះឡើយ​»​។​