បូល​តុ​ន ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក ធ្វើឃាត​ប្រធានាធិបតី​រុស្ស៊ី ប្រសិនបើ​ប្រើប្រាស់​នុយក្លេអ៊ែរ​

ព័ត៌មានអន្តរជាតិ
0
117



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ចាប់តាំងពី​កងទ័ព​រុស្ស៊ី បាន​ចូលលុកលុយ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក ក្រុង​មូ​ស្គូ​តែងតែ​គំរាមកំហែង ជា​ញឹកញាប់ អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ទើប​អតីត​ទឹ​ប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក បានទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន គួរតែ​សម្លាប់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង រូបនេះ​ចេញ ប្រសិនបើ​គាត់​បញ្ជា​ឲ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​។​

​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស LBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១១ ខែតុលា ថា លោក ច​ន បូល​តុ​ន (John Bolton) អតីត​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ បានលើកឡើង ថា សហរដ្ឋអាមេរិក គួរតែ​ធ្វើឃាត​ប្រធានាធិបតី ពូ​ទីន ប្រសិនបើ​គាត់​បញ្ជា​ឲ្យ​ប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក​។​

​ដោយសារតែ​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ រវាង​កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន និង កម្លាំង​ទាហាន​រុស្ស៊ី កំពុងតែបន្ដ​ឈានចូល​ដល់​ខែ​ទី​៩​ហើយ នៅតែ​មិនអាច​ស្វែងរក​ពន្លឺ​ចរចា​សន្ដិភាព​បាន ខណៈ​មានការ​ព្រួយបារម្ភ​ជាច្រើន អំពី​លទ្ធភាព នៃ​ការវាយប្រហារ ដោយ​អាវុធ​នុយក្លេអ៊ែរ កំពុងតែ​កើនឡើង​ខ្ពស់ ក្រោយពេល ក្រុង​មូ​ស្គូ តែងតែ​គំរាមកំហែង ជា​ញឹកញាប់ អំពី​ការប្រើប្រាស់​អាវុធ​បរមាណូ​។ លោក ពូ​ទីន កាលពី​ថ្មីៗ​នេះ បានលើកឡើង​នូវ​វោហារសាស្ត្រ​របស់គាត់ អំពី​ការប្រឈមមុខ​ដាក់គ្នា អំពី​អាវុធ​នុយក្លេអ៊ែ ជាពិសេស ដោយសារតែ​គាត់​បាន​មើលឃើញ អំពី​កម្លាំង​ទាហាន​របស់គាត់ បាត់បង់​តំបន់​គ្រប់គ្រង​ជាច្រើន កំពុងតែ​កើនឡើង ចាប់តាំងពី​ការចាប់ផ្តើម​«​ប្រតិបត្តិការ​យោធា​ពិសេស​»​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមក​។​

​លោក បូល​តុ​ន ជាទី​ប្រឹក្សា​សន្ដិសុខ​ជាតិ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ថ្លែង អំពី​លទ្ធភាព នៃ​សង្គ្រាម​នុយក្លេអ៊ែរ នៅក្នុង​បទ​បង្ហាញ នៅក្នុង​វិធី​វិទ្យុ​របស់​ចក្រភព​អង់គ្លេស LBC កាលពី​ថ្ងៃ​អង្គារ ដោយបាន​សង្កត់ធ្ងន់ ថា «​យើង​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ ថា តើ​លោក ពូ​ទីន បញ្ជា​ឱ្យប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​យុទ្ធសាស្ត្រ ដូច​អ្វីដែល​គាត់​នឹង​ចុះហត្ថលេខា លើ​លិខិត​អត្តឃាត​នោះដែរ​ឬ​យ៉ាងណា​? ខ្ញុំ​គិតថា នោះ​ជា​អ្វីដែល​សហរដ្ឋអាមេរិក អាច​រារាំង ពូ​ទីន ប្រសិនបើ​គាត់​ធ្លាក់ចូល ទៅក្នុង​កាលៈទេសៈ​ដ៏​ធ្ងន់ធ្ងរ​បំផុត​»​។​

​លោក បូល​តុ​ន បាន​បន្ថែមថា គាត់​ជឿ ថា «​ការធ្វើ​ឲ្យ​ប្រាកដ​នោះ យើង​នឹងដាក់​បន្ទុក ទៅលើ​ការទទួលខុសត្រូវ សម្រាប់ ពូ​ទីន ប្រសិនបើ​គាត់​បញ្ជា​ឱ្យប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែ​រ នឹង​បង្កើន​ឱកាស​រារាំង​គាត់ បញ្ចៀស​ពី​ការធ្វើ​ដូច្នេះ​។ គាត់​ជឿជាក់ថា សហរដ្ឋអាមេរិក មាន​សមត្ថភាព អាច​វាយប្រហារ ទៅលើ​លោក ពូ​ទីន បាន​។​

​អតីត​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក បាន​ថ្លែង ដោយ​សំដៅ​ទៅលើ​មេទ័ព​កំពូល​របស់​អ៊ីរ៉ង់ ដែល​បានសម្លាប់ ដោយ​ការវាយប្រហារ តាម​អាកាស​ពី​កងទ័ព​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​អំឡុង​ឆ្នាំ​២០២០ ថា «​អ្នក​អាច​សួរ​លោក ហ្គេ​ស​សែម សូ​ឡេ​ម៉ា​នី (Qassem Soleimani) មេទ័ព​កំពូល​អ៊ឺ​រ៉ង់ អំពី​អ្វីដែល​បានកើត​ឡើង ខណៈ​យើង​សម្រេចចិត្ត​លើ​អ្នកណាម្នាក់ គំរាមកំហែង ដល់​សហរដ្ឋអាមេរិក​»​។​

​លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​សប្ដាហ៍​មុន បាន​ព្រមាន​ពី​ការដើរ​ដល់​ចំណុច​សង្គ្រាម​នុយក្លេអ៊ែរ​។ នេះ​ជាការ​ទទួលស្គាល់​ដោយ​ត្រង់ ចំពោះ​ការគំរាមកំហែង​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​៕​