អ៊ុយ​ក្រែ​ន អួតអាង​ថា រយៈពេល​២៤​ម៉ោង សម្លាប់​ទាហាន​រុស្ស៊ី ២៧០​នាក់​

ព័ត៌មានអន្តរជាតិ
0
62


​រដ្ឋធានី​កៀវ​៖ ក្រុមមន្ដ្រី​យោធា​អ៊ុយ​ក្រែ​ន បាន​អួតអាង​ថា នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងទៅនេះ កម្លាំង​ទាហាន​រុស្ស៊ី បាន​បាត់​បង់ជីវិត ចំនួន​២៧០​នាក់ នៅក្នុង​ការប្រយុទ្ធ​តទល់​ជាមួយនឹង​កម្លាំង​ការពារ​ទឹកដី​របស់​ក្រុង​កៀវ ហើយ​ជាមួយនឹង​ចំនួន​ទាហាន​ត្រូវ​សម្លាប់​ថ្មី​នេះ ធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ បន្ដ​បាត់​បង់ជីវិត កើន​ដល់ ៦៣ ៣០០​នាក់​។​

​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​អ៊ុយ​ក្រែ​ន Ukrinform បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១២ ខែតុលា ថា បើតាម​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​បង្ហោះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អះអាង ថា នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ បានសម្លាប់​ទាហាន​រុស្ស៊ី ចំនួន​២៧០​នាក់​។ ជាមួយ​ចំនួន​ទាហាន​ស្លាប់​ថ្មី​នេះ បានធ្វើ​ឲ្យ​រុស្ស៊ី បាត់បង់​ទាហាន កើនឡើង សរុប ៦៣ ៣៨០​នាក់ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម នា​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមកដល់​ថ្ងៃទី​១២ ខែតុលា​។​

​ក្រៅពី​ការបាត់បង់​កងទ័ព​នេះ រុស្ស៊ី ក៏បាន​ខូចខាត​គ្រឿងយុទ្ធោបករណ៍​ជាច្រើន​បន្ថែមទៀត រួមមាន រថក្រោះ ចំនួន ២ ៥០៥​គ្រឿង​, រថពាសដែក ចំនួន ៥ ១៨១​គ្រឿង​, ប្រព័ន្ធ​បាញ់កាំភ្លើង​ធំ ចំនួន ១ ៥០៧​គ្រឿង​, ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត MLRS ចំនួន​៣៥៥​គ្រឿង​, ប្រព័ន្ធ​ការពារ​ប្រឆាំងនឹង​យន្ដហោះ ចំនួន ១៨២​គ្រឿង​, យន្ដហោះ​ចម្បាំង ២៦៨​គ្រឿង​, ឧទ្ធម្ភាគចក្រ ចំនួន ២៣៥​គ្រឿង​, គ្រូ​សមី​ស៊ី​ល ចំនួន ៣១៥​ដើម​, នាវាចម្បាំង​តូចធំ ១៥​គ្រឿង​, យានយន្ដ​ដឹក​សាំង ៣ ៩១៦​គ្រឿង និង សម្ភារ​សឹក​ផ្សេងៗ​ទៀត​។​

​ទោះជា​យ៉ាងណា ការអះអាង​របស់​អ៊ុយ​ក្រែ​ន អំពី​ការសម្លាប់​ទាហាន និង កម្ទេច​គ្រឿងយុទ្ធោបករណ៍​របស់​រុស្ស៊ី មិនទាន់មាន​ប្រភព​ឯករាជ្យ​ណាមួយ បញ្ជាក់ ហើយក៏​មិនទាន់មាន​ប្រតិកម្ម​ភ្លាមៗ ពី​មន្ដ្រី​ក្រុង​មូ​ស្គូ នៅឡើយ​ដែរ​៕​