ប្រធានាធិបតី​អ៊ុយ​ក្រែ​ន អះអាងថា មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស ទើប​បញ្ចប់សង្គ្រាម​រុស្ស៊ី

ព័ត៌មានអន្តរជាតិ
0
112


​រដ្ឋធានី​កៀវ​៖ ក្រោយពេល​ការវាយប្រហារ​សងសឹក​យ៉ាង​សាហាវ ពី​ទាហាន​រុស្ស៊ី ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន នោះមក ប្រមុខ​ការពារជាតិ មកពី​ប្រទេស​ទាំង​៣០ ជា​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ ឬ អូតង់ និង ប្រទេស​ជា​ដៃគូ ជាង​៥០ បានមក​ជួបជុំគ្នា ដើម្បី​ពិភាក្សា ស្ដីពី​ការផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស ជួយ​ដល់​ក្រុង​កៀវ សម្រាប់​ការពារ​ខ្លួន ទប់ទល់​នឹង​ការវាយប្រហារ ពី​ទាហាន​របស់​ក្រុង​មូ​ស្គូ ដើម្បី​ឈានដល់​ការបញ្ចប់​នូវ​សង្គ្រាម​នេះ តាម​អ្វីដែល​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​អះអាង​។​

​សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បាន​អះអាង ថា ការការពារ​ដែនអាកាស​របស់​អ៊ុយ​ក្រែ​ន ប្រឆាំងនឹង​មី​ស៊ី​ល​របស់​រុស្ស៊ី នឹង​ក្លាយជា​ជំហាន​ដ៏​សំខាន់បំផុត សម្រាប់​ឈានដល់​ការបញ្ចប់​សង្គ្រាម នៅក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។ លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​បែបនេះ នៅក្នុង​អំឡុងពេល​ថ្លែង​សុន្ទរកថា​របស់គាត់ តាម​អន​ឡាញ នៅឯ​សម័យប្រជុំ នៃ​រដ្ឋសភា​របស់​ក្រុមប្រឹក្សា​អឺរ៉ុប (PACE)​។​

​លោក​ឧត្ដមសេនីយ៍ ម៉ាក មី​ល​ឡេ (Mark Milley) នាយអគ្គសេនាធិការ​ចម្រុះ កងទ័ព​សហរដ្ឋអាមេរិក បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន ថា «​អ្វីដែល​អ៊ុយ​ក្រែ​ន​កំពុងតែ​ស្នើសុំ ហើយ​អ្វីដែល​យើង​កំពុងតែ​គិត ថា អាច​នឹង​ផ្តល់ឱ្យ​នោះ ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស រួមបញ្ចូល​ទាំង​មី​ស៊ី​ល​ផងដែរ​។ ដូច្នេះ​ប្រព័ន្ធ​ការពារ ដែល​ត្រូវបាន​ផុ្ដ​ល់​ឲ្យ​ទាំងនោះ នឹង​មិនអាច​គ្រប់គ្រង​ដែនអាកាស​ទាំងស្រុង នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន បាន​នោះឡើយ​។ ប៉ុន្តែ​ក្រុង​កៀវ អាច​រៀបចំឡើង ដើម្បី​គ្រប់គ្រង នៅលើ​គោលដៅ​អាទិភាព ដែល​អ៊ុយ​ក្រែ​ន ត្រូវការ​ការពារ ជា​ចាំបាច់​បំផុត​»​។​

​លោក ហ្សេ​ឡែ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​សង្កត់ធ្ងន់ ថា «​ខ្ញុំ​សូម​ស្នើ​ដល់​អ្នក នៅ​គ្រប់​កម្រិត​ទាំងអស់ រួមទាំង នៅក្នុង​កម្រិត​នយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ ការទំនាក់ទំនង​ជាមួយ​អ្នកបោះឆ្នោត ការ​ឈរ​សម្រាប់​ការផ្តល់​បរិមាណ​គ្រប់គ្រាន់ សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស និង ប្រព័ន្ធ​ការពារ​ប្រឆាំងនឹង​មី​ស៊ី​ល ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ យើង​ត្រូវការពារ​ដែនអាកាសរ​បស់​យើង ប្រឆាំងនឹង​មី​ស៊ី​ល​របស់​រុស្ស៊ី ឲ្យ​បាន​ឆាប់ នៅ​ឆ្នាំនេះ​។ បើ​យើង​ធ្វើដូច្នេះបាន វា​នឹង​ក្លាយជា​ជំហាន​ដ៏​សំខាន់បំផុត​មួយ សម្រាប់​ឈានដល់​ការបញ្ចប់​សង្គ្រាម នៅពេល​ខាងមុខ​»​។​

​ជាមួយគ្នានេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏បាន​ថ្លែងអំណរគុណ ដល់​ប្រទេស​អាល្លឺម៉ង់ សម្រាប់​កា​រប​ញ្ចូ​ន​ប្រព័ន្ធ​ការពារ​ដែនអាកាស ប្រភេទ IRIS-T ជា​លើកដំបូង ហើយ​បាន​សង្កត់ធ្ងន់ ទៅលើ​ទំនុកចិត្ត ដែល​បញ្ហា​នេះ នឹង​បើកឱកាស​ជាច្រើន សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស និង ប្រព័ន្ធ​ការពារ​ប្រឆាំងនឹង​មី​ស៊ី​ល​ផ្សេងៗ​ទៀត ទាំង​មកពី​ដៃគូ​អាល្លឺម៉ង់ និង ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផ្សេងៗ​ទៀត​។​

​ជាការ​រំឭក​ឡើងវិញ ដល់​កិច្ចប្រជុំ​លើក​ទី​៦ នៃ​ក្រុម​ទំនាក់ទំនង​ការពារជាតិ​អ៊ុយ​ក្រែ​ន ក្រោម​ការឧបត្ថម្ភ​រប​ស់​សហរដ្ឋអាមេរិក បានធ្វើ​ឡើង នៅ​ថ្ងៃទី​១២​ខែតុលា ឆ្នាំ ២០២២​។ ការការពារ​ដែនអាកាស​របស់​អ៊ុយ​ក្រែ​ន ជា​បញ្ហា​អាទិភាព​មួយ នៅក្នុង​ចំណោម​បញ្ហាសំខាន់ៗ នៃ​របៀបវារៈ​របស់ខ្លួន​៕​