ក្រុមបាតុករ​ថៃ វាយប្រហារ​យ៉ាង​ធ្ងន់​ដល់​តុលាការ​ធម្មនុញ្ញ ជា​អ្នក​សម្លាប់​រដ្ឋាភិបាល​កើតចេញពី​ប្រជាធិបតេយ្យ​

ព័ត៌មានអន្តរជាតិ
0
6


​រាជធានី​បាងកក​៖ ស្របពេល​តុលាការ​ធម្មនុញ្ញ និង សភា​ទាំង​២​របស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ បាន​អនុវត្ដ​នីតិវិធី​រៀងៗ​ខ្លួន​ព្រម​គ្នា នៅក្នុង​ថ្ងៃ​តែមួយ ដកហូត​ឋានៈ​សមាជិកសភា​ពី​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ ហើយ​បិទផ្លូវ​គាត់ ធ្វើដំណើរ​ឆ្ពោះទៅ​កាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី នោះមក ប្រជាជន​ថៃ​យ៉ាងច្រើន បាន​ប្រមូល​ផ្ដុំគ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​រិះគន់​យ៉ាងខ្លាំង ដល់​ស្ថាប័ន​ទាំងនេះ​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកក្កដា ថា ក្រុមបាតុករ រាប់ពាន់នាក់ កាលពី​រាត្រី ថ្ងៃ​ពុធ បាន​ប្រមូល​ផ្ដុំគ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ បញ្ចេញ​កំហឹង​របស់​ពួកគេ ប្រឆាំងនឹង​ការរារាំង​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP សម្រាប់​ការ​ឈរឈ្មោះ ជា​នាយករដ្ឋមន្ត្រី នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​២​របស់​សភា​។​




​ការប្រមូលផ្តុំ​គ្នា​តវ៉ា ដោយ​សន្តិវិធី​ដ៏​ធំ​នេះ បានធ្វើ​ឡើង បន្ទាប់​ពីថ្ងៃ​ដ៏​គួរឱ្យភ្ញាក់ផ្អើល នៅក្នុង​សភា ខណៈ​លោក ភី​ថា បាន​បាត់បង់​ឋានៈ ជា​សមាជិកសភា ក្រោយពេល​តុលាការ​ធម្មនុញ្ញ​បាន​បញ្ជា​ឱ្យ​ផ្អាក ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ការសម្រេច​ជា​ក្រោយ​។ លុះ​ពេល​គាត់​បាន​ដើរ​ពី​សភា​រួចមក សមាជិកសភា និង ព្រឹទ្ធសភា មាន​ទំនោរ​ទៅរក​ក្រុម​អភិ​ក្ស​យោធានិយម បាន​បោះឆ្នោត មិន​អនុញ្ញាតឱ្យ​គាត់ ត្រូវ​តែងតាំង ជា​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត នៅ​ជុំ​ទី​២​។​

​ស្របគ្នា​នេះដែរ ក៏មាន​ហ្វូងមនុស្ស​មួយចំនួន បាន​ប្រមូល​ផ្តុំគ្នា នៅ​ជិត​សភា នា​ថ្ងៃ​ពុធ ហើយ​ពួកគេ​បានធ្វើ​ដំណើរ​ទៅកាន់​វិមាន​ប្រជាធិបតេយ្យ នៅវេលា​ម៉ោង​ប្រហែល​៥​ល្ងាច នា​ថ្ងៃ​ដដែល​នោះ​។ ក្រុមបាតុករ បាន​កាន់​បដា​ក្រណាត់​ធំ សរសេរ ថា នាយករដ្ឋមន្ត្រី លោក ភី​ថា ជា​ឆន្ទៈ​របស់​ប្រជាជន​។​

​ក្រុមបាតុករ​ខ្លះ បាន​អះអាង ថា តុលាការ​ធម្មនុញ្ញ កំពុងតែ​ក្លាយជា​យន្ដការ សម្លាប់​រដ្ឋាភិបាល ដែល​បានកើត ចេញពី​លទ្ធិប្រជាធិបតេយ្យ​។ ដោយឡែក ក្រុម​អ្នកធ្វើ​រដ្ឋប្រហារ​យោធា បែរជា​ត្រូវ​ដើរលេង​ដោយ​សេរី​។ ចាប់ពីពេលនេះ​តទៅ យើង​ត្រូវតែ​បន្ត​នូវ​ការតស៊ូ​ត​មិ​ត​គ្រប់​ទម្រង់ ពោលគឺ​ដើរទៅ​គោះ​តាម​ទ្វារផ្ទះ​របស់​សមាជិក​ព្រឹទ្ធសភា ឬ ចុច​កណ្ដឹង​នៅផ្ទះ​របស់​ពួកគេ ដើម្បី​ក្រើនរំឭក​ដល់​សមា​ជិ​សភា​ទាំងនោះ ត្រូវតែ​ដឹងគុណ ចំពោះ​ជាតិ​មាតុភូមិ ហើយ​បង្វែរ​អារម្មណ៍ មករក​ស្លឹកឈើ​ថ្មីៗ​វិញ​»​។​
ពាណិជ្ជកម្ម


​លោក អា​ណុន ណា​ម​ផា (Anon Nampa) មេធាវី​សិទ្ធិមនុស្ស រួម​នឹង​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ផ្សេងៗ​ទៀត បាន​ជំរុញ​ឱ្យ​ក្រុមបាតុករ ធ្វើជា​សាក្សី ធានា ថា គណបក្ស​ភឿ​ថៃ ឥឡូវនេះ កំពុងតែ​ប៉ុនប៉ង បង្កើត​រដ្ឋាភិបាល មិនត្រូវ​ក្បត់​ជាមួយនឹង​ប្រជាជន ងាក​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេងទៀត ដែល​ខ្លួន​កំពុងតែ​ប្រឆាំង​នោះឡើយ​។ ស្របគ្នា​នេះដែរ ក្រុមបាតុករ ក៏បាន​ធ្វើ​ពិធី​បុណ្យសព​របស់​សមា​ជិ​ក​ព្រឹទ្ធសភា ដែល​ត្រូវបានតែងតាំង​ដោយ​ពួកយោធា ដាក់​ពេញ​មឈូស និង ធ្វើ​ពិធី​បូជាសព​។​



​ក្រុមបាតុករ បាន​អាន​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​គូសបញ្ជាក់ អំពី​ការទាមទារ​របស់​ពួកគេ ចំនួន​៣​ចំណុច រួមមាន​៖ ១-​សមាជិក​ព្រឹទ្ធសភា ត្រូវតែ​លាលែង​ពី​តំណែង ២-​គណបក្ស​ទាំង​៨​ស្ថិតក្នុង​សម្ពន្ធភាព​ត្រូវ​រួមគ្នា​ជា​ធ្លុង​មួយ និង ៣-​សម្ពន្ធភាព​គណបក្ស​ទាំង​៨​មិនត្រូវ​បោះបង់ចោល​នូវ​សំណើ​គោលនយោបាយ ដែល​បាន​សន្យា​ជាមួយនឹង​ប្រជាពលរដ្ឋ​។​

​ក្រោយ​ការ​ខក​ខាត មិនបាន​បោះឆ្នោត ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី នៅ​ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា​នោះ សភា​របស់​ប្រទេស​ថៃ នឹងត្រូវ​បន្ដ​នីតិវិធី​របស់ខ្លួន ជ្រើសរើស​តំណែង​កំពូល​របស់​ស្ថាប័ន​នីតិ​ប្រតិ​ប​ត្ដិ​មួយ​នេះ នៅ​ថ្ងៃទី​២៧ ខែកក្កដា ខាងមុខ​៕​