មហាសេដ្ឋី​តៃវ៉ាន់ ប្ដេជ្ញា​ផ្ដល់​លុយ​ជាង​៣០​លាន ហ្វឹកហ្វឺន​ទាហាន​ដល់​ជន​ស៊ីវិល ទប់ទល់​ចិន​

ព័ត៌មានអន្តរជាតិ
0
96



​ទីក្រុង​តៃប៉ិ​៖ សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​តៃវ៉ាន់ មានការ​ព្រួយបារម្ភ កាន់តែខ្លាំង ពី​ការ​លុយ​លុយ​របស់​ចិន មកលើ​ដែន​កោះ​របស់ខ្លួន ប៉ុន្ដែ​ដោយសារ​ការភ័យខ្លាច​នេះ ក៏​កំពុងតែ​ជំរុញ​ឲ្យ​មហាសេដ្ឋី ផ្នែក​បច្ចេកវិទ្យា​ម្នាក់ បានសម្រេច​ចិត្ត បោះបង់ចោល​សញ្ជាតិ​សិង្ហ​បុរី ហើយ​ចាប់យក​សញ្ជាតិ​តៃវ៉ាន់​តែមួយគត់ ជាមួយនឹង​ការប្ដេជ្ញា ផ្ដល់​លុយ រហូតដល់​ជាង​៣០​លាន​ដុល្លារ សម្រាប់​បណ្ដុះបណ្ដាល​ជំនាញ​ទ័ព ដល់​ជន​ស៊ីវិល ចំនួន​៣​លាន​នាក់ នៅក្នុង​ចំណោម​ប្រជាជន សរុប​ជាង​២៣,៥​លាន​នាក់ ដើម្បី​ត្រៀមខ្លួន​ជាមុន សម្រាប់​ការធ្វើ​សង្គ្រាម ទប់ទល់​នឹង​ការវាយលុក​របស់​ចិន​។​

​បណ្ដាញ​ទូរទស្សន៍​របស់​ចក្រភព​អង់គ្លេស BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ថា មហាសេដ្ឋី ផ្នែក​បច្ចេកវិទ្យា​ចូលនិវត្តន៍​ម្នាក់ រស់នៅ​ទីក្រុង​តៃប៉ិ មាន​សក់ស និង​ពាក់​វ៉ែនតា បាន​ហៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កោះ​តៃវ៉ាន់ ទៅ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ប្រាប់​ពួកគេ ថា គាត់​សន្យា​ផ្ដល់​លុយ ចំនួន​១​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ ឬ​ស្មើនឹង​៣២​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​បង្កើត​កងទ័ព​ស៊ីវិល​។ គាត់ នឹង​ទាក់ទាញ​ជន​ស៊ីវិល រស់នៅ​តៃវ៉ាន់ រហូតដល់​ន​៣​លាន​នាក់ ចូល​ហ្វឹកហ្វឺន​ជំនាញ​កងទ័ព ហើយ​មាន​ក្តីសង្ឃឹម ថា កងទ័ព​ស៊ីវិល​ទាំងនោះ នឹង​អាច​ចូលរួម ទប់​ទល់នឹង​កម្លាំង​ទាហាន​ចិន​។​

​ជាមួយនឹង​ការបង្ហាញ​អត្ដ​សញ្ញាណ​ប័ណ្ណ​ថ្មី​របស់​តៃវ៉ាន់ នោះ លោក រ៉ូ​ប៊ឺ​ត សាវ (Robert Tsao) ក៏ បានប្រកាស អំពី​ការងារ​ប្រកបដោយ​មហិច្ឆតា​ខ្ពស់ ក្រោយពេល​គាត់​បាន​បោះបង់ចោល​លិខិតឆ្លងដែន​របស់​សិង្ហ​បុរី​។

​មហាសេដ្ឋី​ចូល​និ​វត្ដ៍ លោក Tsao បានបញ្ជាក់ ថា គាត់​មាន​គោលបំណង បណ្ដុះបណ្ដាល​ជំនាញ​ទាហាន ដល់​ជនជាតិ​តៃវ៉ាន់ ចំនួន​៧​ភាគរយ នៃ​ប្រជាជន សរុប ប្រហែល ជា ២៣,៥​លាន​នាក់ នៅក្នុង​រយៈពេល​៣​ឆ្នាំ រួមទាំង​អ្នកបាញ់​កាំភ្លើង ចំនួន ៣០០ ០០០​នាក់​។​

​លោក​មហាសេដ្ឋី រ៉ូ​ប៊ឺ សាវ បានកើត នៅក្នុង​ប្រទេស​ចិន ហើយ​ធំ​ដឹងក្ដី នៅ​តៃវ៉ាន់ និង បាន​រកស៊ី​មានបាន តាមរយៈ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​គាត់ គឺ United Microelectronics Corp Semiconductor Company​។ ឥឡូវនេះ គាត់​ក៏​ស្ថិតក្នុង​ចំណោម​ប្រជាជន​តៃវ៉ាន់ ដែលមាន​ការព្រួយបារម្ភ អំពី​ការឈ្លានពាន​របស់​ចិន​។ ប៉ុន្ដែ​ជាមួយនឹង​ផ្នែក​មួយ នៃ​ចំនួន​ទឹកប្រាក់​ទាំងនោះ លោក​មហាសេដ្ឋី នឹង​សន្យា ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ការពារ​យន្តហោះ​គ្មាន​មនុស្ស​បើក​យោធា​ដ៏​សំខាន់​។​

​បណ្ដាញ​ទូរទស្សន៍ BBC បាន​ដកស្រង់​សម្ដី​របស់លោក​មហាសេដ្ឋី មាន​លុយ​រាប់ពាន់​លាន​រូបនេះ យកមក​ផ្សាយ ថា «​បច្ចុប្បន្ន សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា ដូច​អ្វីដែល​យើង​ឃើញ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន មិនមែន ជាការ​ប្រៀបធៀប ចំនួន​ទាហាន ឬ ចំនួន​រថក្រោះ​នោះឡើយ​។ ប៉ុន្ដែ​វា​ជា​សង្គ្រាម ត្រូវបាន​សម្រេចចិត្ត ដោយ​បញ្ញា​»​។​

​ចិន បានធ្វើ​សមយុទ្ធ​យោធា នៅ​ជុំវិញ​កោះ​តៃវ៉ាន់ កាលពី​ខែសីហា ដើម្បី​បង្ហាញ អំពី​ការខឹង​សម្បា​របស់ខ្លួន ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី មកកាន់​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃទី​២ ខែសីហា​។ ចាប់តាំងពី​ពេលនោះ​មក ក្រុង​ប៉េកាំង នៅតែ​បន្ដសកម្មភាព​យោធារ បើទោះជា​មាន​កម្រិត​ថយចុះ​យ៉ាងណាក្ដី​។​

​តៃវ៉ាន់ កំពុងតែ​ពង្រឹង​កិច្ចការ​ការពារ​របស់​ខ្លួន សម្រាប់​ប្រឈមមុខ​ជាមួយនឹង​សកម្មភាព​របស់​ចិន ដែល​កំពុងតែ​កើនឡើង ហើយ​មេបញ្ជាការ​កងទ័ពជើងទឹក​តៃវ៉ាន់ លោក ឈៀង ចេង​គួ (Chiang Cheng-kuo) បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ ថា ដោយ​បូក​បញ្ចូល​នឹង​នាវា​ពិឃាត​ជំនាន់​ថ្មី អាចធ្វើ​ឲ្យ​កង​នាវាចម្បាំង​ដ៏​ខ្លាំង​របស់​តៃវ៉ាន់ កើន​ដល់​ចំនួន​២៦​គ្រឿង​។​

​លោក​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​តៃវ៉ាន់ បានបញ្ជាក់ ថា ការគំរាមកំហែង​ផ្នែក​យោធា​របស់​ចិន បាន​បង្កើន​នូវ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក និង សម្ពន្ធមិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន មកលើ​កោះ​តៃវ៉ាន់ ដើម្បី​ធានាថា អ្វីដែល​បានកើត​ឡើង ចំពោះ​អ៊ុយ​ក្រែ​ន នឹងមិន​កើតមានឡើង​ម្តងទៀត នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ នោះឡើយ​។​

​ក្រុង​ប៉េកាំង តែងតែ​អះអាង ថា តៃវ៉ាន់ ដែល​គ្រប់គ្រង ដោយ​ខ្លួនឯង តាមបែប​លទ្ធិប្រជាធិបតេយ្យ គឺជា​ផ្នែក​មួយ នៃ​ទឹកដី​ចិន​។ ប៉ុន្ដែ​ក្រុង​តៃប៉ិ បាន​ច្រានចោល ចំពោះ​ការអះអាង អំពី​អធិបតេយ្យភាព​របស់​ចិន ហើយ​ថែមទាំង​បញ្ជាក់​យ៉ាងច្បាស់ ថា មានតែ​ប្រជាជន​ដែន​កោះ​តៃវ៉ាន់ តែមួយគត់ ទើប​អាច​សម្រេច លើ​ជោគវាសនា​អនាគត​របស់​ពួកគេ​បាន​។​

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ចិន ក៏​មិនដែល​បោះបង់ចោល​នូវ​ការប្រើប្រាស់​កម្លាំងយោធា ដើម្បី​ដណ្ដើម កាន់កាប់​កោះ​តៃវ៉ាន់ មក​ដាក់​ឲ្យ​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុង​ប៉េកាំង នោះឡើយ​។ នៅក្នុង​អំឡុង​ឆ្នាំ​២០០៥ ក្រុង​ប៉េកាំង បានអនុម័ត​នូវ​ច្បាប់​មួយ ដោយ​អនុញ្ញាត ឲ្យ​ប្រទេស​ចិន មាន​មូលដ្ឋាន​ផ្លូវច្បាប់ សម្រាប់​ប្រើប្រាស់​សកម្មភាព​យោធា ប្រឆាំងនឹង​តៃវ៉ាន់ ប្រសិនបើ​ក្រុង​ប៉េកាំង ចង់​ដណ្ដើមយក​ដែន​កោះ​នេះ​។​

​ដោយឡែក រដ្ឋាភិបាល​តៃវ៉ាន់ បញ្ជាក់ ថា ដោយសារតែ​ដែន​កោះ​មួយ​នេះ មិន​ធ្លាប់​ស្ថិតនៅក្រោម​គ្រប់គ្រង​រប​ស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដូច្នេះ​ការទាមទារ​អធិបតេយ្យភាព​របស់ ក្រុង​ប៉េកាំង ត្រូវ​ទុកជា​មោ​ឃៈ​៕​