ហ្សេ​ឡែ​ន​ស្គី នឹង​តាម​ទារ​រថក្រោះ​ទំនើបៗ​ពី​អាល្លឺម៉ង់

ព័ត៌មានអន្តរជាតិ
0
35


​រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ រហូតមកដល់​ពេលនេះ អាល្លឺម៉ង់ ទើបនឹង​បានប្រគល់​រថក្រោះ​ដ៏​ទំនើប​របស់ខ្លួន ចំនួន​១០​ភាគរយ​ប៉ុណ្ណោះ តាម​អ្វីដែល​ក្រុង​ប៊ែ​រ​ឡាំង បាន​សន្យា ផ្ដល់​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​ផ្នែក​មួយ នៃ​ជំនួយ​យោធា មាន​ទំហំ​ទឹកប្រាក់​៣​ពាន់​លាន​ដុល្លារ​។​

​សារព័ត៌មាន Insider បានចេញ​ផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែសីហា ថា រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​អាល្លឺម៉ង់ ទើបតែ​បញ្ចេញ​រថក្រោះ Leopard 1 ចំនួន​១០​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ចំណោម​រថក្រោះ​ដ៏​ទំនើប​ប្រភេទ​នេះ​ជាង​១០០​គ្រឿង បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​មហា​សេដ្ឋកិច្ច​លេខ​១ នៅ​តំបន់​អឺរ៉ុប​មួយ​នេះ បាន​សន្យា​ផ្ដល់​រថក្រោះ ដល់​រដ្ឋាភិបាល​ក្រុង​កៀវ តាម​កិច្ចព្រមព្រៀង​ជំនួយ​យោធា កាលពី​អំឡុង​ខែឧសភា ដោយមាន​ទំហំ​ទឹកប្រាក់​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​សារព័ត៌មាន​របស់​អា​ល្លឺ​ម៉​ង់ Die Welt បាន​រាយការណ៍ ថា អាល្លឺម៉ង់ បាន​សន្យា ផ្ដល់​រថក្រោះ Leopard 1 ចំនួន​១១០​គ្រឿង ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​។ ប៉ុន្ដែ​គិត​ត្រឹម​ពេលនេះ រដ្ឋាភិបាល​ក្រុង​ប៊ែ​រ​ឡាំង ទើបតែ​បាន​បញ្ជូន​រថក្រោះ​របស់​ខ្លួន ចំនួន​១០​ភាគរយ​ប៉ុណ្ណោះ ទៅកាន់​ដល់​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។​

​ប្រទេស​អាល្លឺម៉ង់ ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​១​របស់​អឺរ៉ុប បានប្រកាស អំពី​កញ្ចប់​ជំនួយ​យោធា​របស់ខ្លួន មាន​ទំហំ​ទឹកប្រាក់​៣​ពាន់​លាន​ដុល្លារ ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ( Volodymyr Zelenskyy) កាលពីដើមឆ្នាំ​២០២៣ នៅក្នុង​រដ្ឋធានី​ប៊ែ​រ​ឡាំង​។​
ពាណិជ្ជកម្ម

​សេចក្ដីរាយការណ៍​ដដែល បាន​រកឃើញ ថា នៅក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ប៊ែ​រ​ឡាំង បាន​បញ្ជូន​រថ​ចម្បាំង ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ចំណោម​រថក្រោះ Leopard 1 ចំនួន​១១០​គ្រឿង ហើយ​រថក្រោះ​ប្រឆាំងនឹង​យន្ដហោះ​ចំនួន​១២​គ្រឿង ក្នុងចំណោម​រថក្រោះ ប្រភេទ Gepard ចំនួន​១៨​គ្រឿង តាម​អ្វីដែល​មេដឹកនាំ​របស់​អាល្លឺម៉ង់ បាន​សន្យា​។

​បើទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ អាល្លឺម៉ង់ ក៏​នៅ​មិនទាន់​បានប្រគល់​ប្រព័ន្ធ​ការពារ​ដែនអាកាស IRIS-T ទាំង​៤​គ្រឿង ដែល​អ្វី​បាន​សន្យា ជួយ​ដល់​អ៊ុយ​ក្រែ​ន ក៏ដូចជា ការប្រគល់​រថពាសដែក Marder ចំនួន​២០​គ្រឿង ខណៈ​ទើបនឹង​បញ្ជូន​គ្រាប់កាំភ្លើង​ធំ ប្រហែល ៨៥០​គ្រាប់ នៅក្នុង​ចំណោម​គ្រាប់កាំភ្លើង​ផ្លោង ទំហំ​១៥៥​មិល្លីម៉ែត្រ ចំនួន ២៦ ៣៥០​គ្រាប់ ដែល​បាន​សន្យា​ត្រូវបាន​ប្រគល់ជូន​។ កញ្ចប់​ជំនួយ​យោធា​របស់​អាល្លឺម៉ង់ ក៏​រួមបញ្ចូល​ទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន រាប់រយ​គ្រឿង រ៉ា​ដា​ឃ្លាំមើល​អាកាស នាវា​ដឹក​ប្រេង រថយន្ត​សង្គ្រោះ និង រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ផងដែរ​។​

​ប្រទេស​អាល្លឺម៉ង់ ក្រោយពេល​រង​សម្ពាធ អស់​រយៈពេល​ជាច្រើន​ខែ​រួចមក ទើប​នៅ​ទីបំផុត កាលពីដើមឆ្នាំ​២០២៣ បាន​យល់ព្រម​បញ្ជូន​រថក្រោះ Leopard 1 ចំនួន​៨៨​គ្រឿង និង រថក្រោះ Leopard 2 ប្រហែល​៨០​គ្រឿង ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ​ចំនួន​រថក្រោះ​តាម​ការសន្យា​របស់​អាល្លឺម៉ង់ នៅ​មិនទាន់បាន​ទៅដល់​អ៊ុយ​ក្រែ​ន ទាំងអស់​នៅឡើយ ស្របពេល​រដ្ឋាភិបាល​ក្រុង​កៀវ កំពុងតែ​បង្កើន​យុទ្ធនាការ វាយបក​ទៅលើ​កម្លាំង​ទាហាន​របស់​រុស្ស៊ី រំដោះទឹកដី​របស់ខ្លួន ត្រឡប់មកវិញ​៕​