មី​ស៊ី​ល​រុស្ស៊ី អាច​អស់លក្ខណ៍ ក្រោម​ប្រព័ន្ធ​ការពារ IRIS-T របស់​អាល្លឺម៉ង់​?

ព័ត៌មានអន្តរជាតិ
0
85


​រដ្ឋធានី​កៀវ​៖ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ រុស្ស៊ី បាន​បន្ដ​បាញ់​មី​ស៊ី​ល មិន​រើស​គោលដៅ ស្រោច​ទៅលើ​ទីក្រុង​នានា នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រហូត​ធ្វើ​ឲ្យ​អាល្លឺម៉ង់ នៅ​ស្ងៀម​លែង​សុខ ត្រូវតែ​បង្កើនល្បឿន​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ទំនើប ទៅ​ការពារ​ប្រជាជន​រស់នៅ​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​អាល្លឺម៉ង់ DW បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១២ ខែតុលា ថា លោកស្រី​រដ្ឋមន្ដ្រីក្រសួង​ការពារជាតិ​អាល្លឺម៉ង់ បានបញ្ជាក់ ថា ការបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស IRIS-T ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយពេល​រុស្ស៊ី បាន​បាញ់​មី​ស៊ី​ល​យ៉ាងខ្លាំង​ទៅលើ​ទីក្រុង​នានា​របស់​ប្រទេស​នេះ ដោយ​រួមទាំង​រដ្ឋធានី​កៀវ ផងដែរ​។ ចំណែក​ប្រព័ន្ធ​ការពារ​ចំនួន​៣​ផ្សេងទៀត នឹងត្រូវ​បញ្ជូន​ឲ្យ​អ៊ុយ​ក្រែ​ន នៅ​ឆ្នាំក្រោយ​។​

​លោកស្រី គ្រីស្ទី​ន ឡា​ម​ប្រ៊ី​ច (Christine Lambrecht) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ប្រទេស​អាល្លឺម៉ង់ បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ថា «​ការបាញ់​មី​ស៊ី​ល​ជាថ្មី ទៅលើ​ទីក្រុង​កៀវ (Kyiv) និង ទីក្រុង​ជាច្រើន​ទៀត បានបង្ហាញ អំពី​សារៈសំខាន់ សម្រាប់​ការផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ចំណែក​ការវាយប្រហារ​របស់​រុស្ស៊ី ដោយ​មី​ស៊ី​ល និង យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន កំពុងតែ​ធ្វើ​ឲ្យ​ជន​ស៊ីវិល មានការ​ភ័យខ្លាច​កាន់​តែ​ខ្លាំង​ឡើង​បន្ថែមទៀត​»​។​

លោក អូ​ឡែក​ស៊ី រេ​ស្នី​កូវ (Oleksii Reznikov) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានប្រកាស តាម​បណ្ដាញ​សង្គម​ធ្វី​ត​ធើរ ថា អាល្លឺម៉ង់ បាន​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ទំនើប ប្រភេទ IRIS-T SLM ចំនួន​៤​គ្រឿង មកដល់​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ពីថ្ងៃ​អង្គារ​។ ការប្រកាស ពី​ការមកដល់​របស់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អាល្លឺម៉ង់ បានកើត​ឡើង ចំពេល​មានការ​វាយប្រហារ ដោយ​មី​ស៊ី​ល ពី​កម្លាំង​ទាហាន​រុស្ស៊ី ជា​បន្ដបន្ទាប់ ចាប់ពី​ថ្ងៃ​ចន្ទ រហូតមក​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានបញ្ជាក់ ថា «​អាល្លឺម៉ង់ បានផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស IRIS-T ព្រោះ​វា​មានការ​ចាំបាច់​ផ្នែក​សីលធម៌ ត្រូវតែ​ការពារ​ផ្ទៃមេឃ​របស់​អ៊ុយ​ក្រែ​ន ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​របស់​យើង​។ បន្ថែម​ពីលើ​នេះ ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS ផលិត​នៅ​សហរដ្ឋអាមេរិក ក៏​កំពុងតែ​បង្កើនល្បឿន បញ្ជូន​មកកាន់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ដទៀត​។ បើ​និយាយ​ពី​ប្រព័ន្ធ​គ្រឿងយុទ្ធោបករណ៍​ទាំងនេះ នឹងត្រូវ​ប្រើប្រាស់ នៅក្នុង​យុគសម័យ​ថ្មី ដើម្បី​ការពារ​ដែនអាកាស​»​។​

​អាល្លឺម៉ង់ បាន​សន្យា​ផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស អស់​រយៈពេល​ជា​យូរ​មកហើយ ហើយ IRIS-T ទាំងនេះ មាន​សមត្ថភាព អាច​ការពារ​ទីក្រុង​ទាំងមូល​បាន​។ បើតាម​ការគ្រោងទុក​ពីដំបូង នឹងត្រូវ​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទាំង​នេះ មកកាន់​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ដំណាច់​ឆ្នាំនេះ​។ ប៉ុន្ដែ​ដោយសារតែ​មានការ​វាយប្រហា​រ​យ៉ាង​សាហាវ ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍ រហូតមក ទើប​នាំ​ឲ្យ​មានការ​បង្កើនល្បឿន នៅក្នុង​ការបញ្ជូន មក​ឲ្យ​មុន​កាលកំណត់​។​

ប្រព័ន្ធ​ការពារ​ដែនអាកាស IRIS-SLM អាច​នឹង​ការពារ បញ្ចៀស​ពី​ការវាយប្រហារ ដោយ​មី​ស៊ី​ល នៅក្នុង​រយៈកម្ពស់​២០​គីឡូម៉ែត្រ និង ចម្ងាយ​រហូតដល់​៤០​គីឡូម៉ែត្រ​។ ជាមួយនឹង​ការវាយប្រហារ ដោយ​មី​ស៊ី​ល មិន​រើស​គោលដៅ ពី​ទាហាន​រុស្ស៊ី នេះ បានធ្វើ​ឲ្យ​សម្ពន្ធមិត្ត ជាង​៥០​ប្រទេស ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ដែល​គេ​ស្គាល់ ថា ក្រុម​ទំនាក់ទំនង​ការពារ​អ៊ុយ​ក្រែ​ន បាន​ជួបប្រជុំគ្នា នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍ ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក កាលពី​ថ្ងៃ​ពុធ នៅ​ខាងក្រៅ​កិច្ចប្រជុំ​របស់​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រប​ស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ (​តាម​ភាសា​អង់គ្លេស​) ឬ អូតង់ (​តាម​ភាសា​បារាំង​)​។​

​លោកស្រី ជូ​លៀន​ណេ ស្មី​ត (Julianne Smith) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​អង្គការ​ណា​តូ បាន​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters ថា កិច្ចប្រជុំ​ទាំងនេះ នឹង​ផ្ដោតទៅលើ​ការផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស កាន់តែ​ច្រើ ន​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បាន​រំពឹងទុក អំពី​ការឆ្លើយតប​ជា​វិជ្ជមាន ពី​កិច្ចប្រជុំ​របស់​សម្ពន្ធមិត្ត​លោកខាងលិច កាលពី​ថ្ងៃ​ពុធ នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍ ចំពោះ​សំណើ​របស់គាត់ ដើម្បី​បង្កើន​ជំនួយ​យោធា​ឲ្យ​បាន​លឿន​បំផុត​។

​ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក បានបញ្ជាក់​យ៉ាងច្បាស់ ថា ក្រុង​វ៉ាស៊ីនតោន កំពុងតែ​បង្កើនល្បឿន លើ​ការដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស ប្រភេទ NASAMS ជាច្រើន​គ្រឿង មកកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​៕​