សហរដ្ឋអាមេរិក រកឃើញ​អ៊ីរ៉ង់ ផ្គត់ផ្គង់​ដ្រូ​ន​អត្ដ​ឃាត​ដល់​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
151


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល​កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ បាន​ប្រើប្រាស់​ដ្រូ​ន វាយប្រហារ​ទៅលើ​ទីក្រុង​នានា របស់​អ៊ុយ​ក្រែ​ន នោះមក ក្រុង​កៀវ បានកំណត់​អត្ដ​សញ្ញាណ​ដ្រូ​ន នោះ ត្រូវបាន​ផលិត នៅ​អ៊ីរ៉ង់ ហើយ​ឥឡូវនេះ បណ្ដា​ប្រទេស​បស្ចិម​លោក បាន​ចោទប្រកាន់​ទៅលើ​ទីក្រុង​តេ​អ៊ីរ៉ង់ បំពារបំពាន លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ​២០១៥ រវាង​អ៊ីរ៉ង់ និង ប្រទេស​មហាអំណាច នៅលើ​ពិភពលោក​។​

​សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១៨ ខែតុលា ថា ក្រុង​វ៉ាស៊ីនតោន បាន​អះអាង ថា សហរដ្ឋអាមេរិក បាន​ព្រមព្រៀង​ជាមួយនឹង​សម្ពន្ធមិត្ត​លោកខាងលិច ថា ការ​ផ្គត់​ផ្គត់​ដ្រូ​ន​អត្ដ​ឃាត​របស់​អ៊ីរ៉ង់ ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី បាន​រំលោភ​ទៅលើ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​កម្លាំង​ទាហាន​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ បាន​វាយប្រហារ​យ៉ាង​សន្ធាប់ ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន រួមទាំង រដ្ឋធានី​កៀវ ដោយ​ការប្រើប្រាស់​មី​ស៊ី​ល ការវាយប្រហារ​តាម​អាកាស និង យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន ដែល​គេ​ជឿ ថា ត្រូវបាន​ផលិត នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​

​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បានបញ្ជាក់ ថា ក្រុង​វ៉ាស៊ីនតោន ឯកភាព​ជាមួយនឹង​ការវាយតម្លៃ​របស់​បារាំង និង ចក្រភព​អង់គ្លេស ថា ដ្រូ​ន​នោះ រំលោភ​លើ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ លេខ​២២៣១​។ ដំណោះស្រាយ​នេះ ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង ដោយ​ហាមឃាត់​ដល់​ប្រទេស​អ៊ីរ៉ង់ ផ្ទេរ​បច្ចេកវិទ្យា​យោធា​។​

​អ៊ុយ​ក្រែ​ន បានកំណត់​អត្តសញ្ញាណ​ដ្រូ​ន ឬ យានអវកាស​គ្មាន​មនុស្ស​បើក (UAV) ជា​អាវុធ​របស់​អ៊ីរ៉ង់ ឈ្មោះ សា​ហេ​ដ​-១៣៦ (Shahed-136)​។ យន្ដហោះ​គ្មាន​មនុស្ស​បើក​ទាំងនោះ ត្រូវគេ​ហៅថា ដ្រូ​ន​កា​មី​កា​ហ្សេ (Kamikaze) តាម​យកតាម​អាកាសយានិក​យន្ដហោះ​ចម្បាំង​របស់​ជប៉ុន ហោះ​បំពេញបេសកកម្ម​អត្ដ​ឃាត នៅក្នុង​សង្គ្រាមលោកលើកទី​២​។​

​លោក វេ​ដិ​ន ផា​ថែ​ល (Vedant Patel) អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ថា «​នៅមុននេះ​បន្តិច សម្ពន្ធមិត្ត​របស់​យើង រួមមាន បារាំង និង ចក្រភព​អង់គ្លេស បាន​សន្និដ្ឋាន​ជា​សាធារណៈ​ថា ការផ្គត់ផ្គង់​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន​របស់​ឱ្យ​អ៊ីរ៉ង់ ទៅឱ្យ​ប្រទេស​រុ​ស្ស៉ី ជាការ​បំពាន​លើ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លេខ ២២៣១...​ហើយ​នេះ​ជា​អ្វី ដែល​យើង​ឯកភាព​»​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​វាយតម្លៃ ថា រុ​ស្ស៉ី​បាន​ប្រើ​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​អ៊ីរ៉ង់ សម្រាប់​វាយប្រហារ ទៅលើ​ទីក្រុង​កៀវ កាលពី​ថ្ងៃ​ចន្ទ ខណៈ​ក្រុង​តេ​អ៊ីរ៉ង់ បាន​អះអាង ថា​ខ្លួន មិនបាន​លក់ ឬ ផ្ដល់​ដ្រូ​ន ប្រភេទ​នេះ ទៅឱ្យ​ក្រុង​មូ​ស្គូ​៕​