រុស្ស៊ីរ​ត់ទៅ​ទិញ​ដ្រូ​ន​ពី​អ៊ីរ៉ង់ ហើយ​អ៊ុយ​ក្រែ​ន ងាក​ទៅសុំ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អ៊ីស្រាអែល​

ព័ត៌មានអន្តរជាតិ
0
132



​រដ្ឋធានី​កៀវ​៖ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ កម្លាំង​ទាហាន​រុស្ស៊ី បាន​បង្កើន​ការវាយប្រហារ ដោយ​មី​ស៊ី​ល និង យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន បំផ្លិចបំផ្លាញ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល អគារ​លំនៅឋាន និង ស្ថានីយ​ថាមពល​អគ្គិសនី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ឥឡូវនេះ ក្រុង​កៀវ បាន​ងាក​ទៅ​ស្នើសុំ​ប្រព័ន្ធ​ការពារ​ដែនអាកាស ពី​ប្រទេស​អ៊ីស្រាអែល​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែតុលា ថា លោក ឌី​មី​ត្រូ គូ​ឡេ​បា (Dmytro Kuleba) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា គាត់​បាន​និយាយ​ទៅកាន់​លោក យែ​រ ឡា​ភី​ដ (Yair Lapid) នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល និង បាន​ពិភាក្សាគ្នា អំពី​សំណើ​របស់​ក្រុង​កៀវ សុំ​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល និង ប្រព័ន្ធ​ការពារ​ដែនអាកាស ហើយ​បច្ចេកវិទ្យា​យោធា​ផ្សេងៗ​ទៀត​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​ធ្វី​ធើរ ថា «​ខ្ញុំ​បាន​ប្រាប់​ដល់​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល អំពី​ការឈឺចាប់​មិនអាច​នឹង​ថ្លែង​កើត ការបាត់បង់​អាយុជីវិត និង ការបំផ្លិចបំផ្លាញ ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី និង ដ្រូ​ន​ផលិត នៅក្នុង​ប្រទេស​អ៊ីរ៉ង់​»​។​

​អ៊ីស្រាអែល បានបញ្ជាក់ ថា អ៊ីស្រាអែល បាន​ស្ដីបន្ទោស​ដល់​ការឈ្លានពាន​របស់​រុស្ស៊ី ប៉ុន្ដែ​ក្រុង​តែ​ល​អា​វីវ មិនបាន​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដល់​ក្រុង​កៀវ នោះឡើយ​។ អ៊ីស្រាអែល បានកំណត់​ជំនួយ​របស់ខ្លួន ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្ដិ​ស​មនុស្សធម៌ ដោយ​ថែមទាំង​បានលើកឡើង អំពី​គោលបំណង ចង់​បន្ដ​កិច្ចសហប្រតិបត្ដិការ​ជាមួយនឹង​ក្រុង​មូ​ស្គូ ជុំវិញ​ស៊ី​រី ជា​ប្រទេសជិតខាង ដែល​ហែកហួរ​ដោយសារ​សង្គ្រាម និង ដើម្បី​ធានា​សុខុមាលភាព​របស់​ជន​ជាតិ​ជ្វី​ហ្វ នៅ​រុស្ស៊ី ផងដែរ​។​

​ទោះជា​យ៉ាងណា កាលពីពេល​ថ្មីៗ​នេះ អ៊ីស្រាអែល បាន​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​បង្កើត​សំឡេង​ប្រកាសអាសន្ន​វាយប្រហារ​តាម​អាកាស សម្រាប់​ជន​ស៊ីវិល រួចមកហើយ​ដែរ​។​

​កា​រិ​យ​ល័យ​របស់​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល បានបញ្ជាក់ ថា មេដឹកនាំ​អ៊ីស្រាអែល បាន​ថ្លែង​ជា​ដដែលៗ ទៅកាន់​លោក​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន ថា ការគាំទ្រ​របស់​អ៊ីស្រាអែល សម្រាប់​អ៊ុយ​ក្រែ​ន និង បាន​សម្ដែង​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​របស់គាត់ អំពី​ទំនាក់ទំនង​យោធា រវាង អ៊ីរ៉ង់ និង រុស្ស៊ី​។​

​កម្លាំង​ទាហាន​រុស្ស៊ី បាន​ប្រើប្រាស់​ដ្រូ​ន​អត្ដ​ឃាត វាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​បំផ្លិចបំផ្លាញ ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​នេះ យ៉ាងដំណំ​។ មេដឹកនាំ​ក្រុង​កៀវ បាន​អះអាង ថា ដ្រូ​ន​អត្ដ​ឃាត​ទាំងនោះ ជា​ដ្រូ​ន​វាយប្រហារ ប្រភេទ Shahed-136 ផលិត នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។

​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ក្រុង​តេ​អ៊ីរ៉ង់ នៅតែ​បន្ដ​ច្រានចោល​ការចោទប្រកាន់ អំពី​ការផ្គត់ផ្គង់​ដ្រូ​ន ដល់​ក្រុង​មូ​ស្គូ​។ ចំណែក​វិមាន​ក្រឹម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​អង្គារ ក៏បាន​បដិសេធ ថា កម្លាំង​ទាហាន​របស់ខ្លួន មិនបាន​ប្រើប្រាស់​ដ្រូ​ន​អ៊ីរ៉ង់ ដើម្បី​វាយប្រហារ ទៅលើ​អ៊ុយ​ក្រែ​ន នោះឡើយ​។ ប៉ុន្ដែ​ក្រុង​វ៉ាស៊ីនតោន បាន​អះអាង ថា ការបដិសេធ​របស់​ក្រុង​តេ​អ៊ីរ៉ង ជាការ​កុហក​៕​