ចក្រភព​អង់គ្លេស រកឃើញ​នាយករដ្ឋមន្ដ្រី​ថ្មី ចូលខ្លួន​មក​ដឹកនាំ​បន្ដ​

ព័ត៌មានអន្តរជាតិ
0
92


​រាជធានី​ឡុង​ដ៍​៖ នៅ​ទីបំផុត បុរស​អង់គ្លេស​ម្នាក់ មាន​ឪពុកម្ដាយ ជា​ជនជាតិ​ឥណ្ឌា នឹង​ក្លាយ​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស ក្រោយពេល​អតីត​នាយករដ្ឋមន្ដ្រី លោក បូរី​ស ច​ន​សុន (Boris Johnson) បាន​ដកខ្លួន​ចេញ ហើយ​រដ្ឋាភិបាល​របស់​គាត់ ក៏​នឹងត្រូវ​ប្រកាស នៅ​ថ្ងៃ​អង្គារ បន្ទាប់ពី​ការចូលគាល់​ព្រះមហាក្សត្រ ឆា​លស៍​។​

​ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែតុលា ថា លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ចន្ទ (​វេលា​ក្នុង​តំបន់​) បាន​ក្លាយជា​នាយករដ្ឋមន្ដ្រី នៃ​ប្រទេស​មហាអំណាច​បស្ចិម​លោក​មួយ​នេះ ក្រោយពេល​បេក្ខជន​ផ្សេងៗ​ទៀត នៅក្នុង​គណបក្ស​អភិរក្សនិយម​របស់គាត់ បាន​បោះបង់ចោល​ការប្រកួតប្រជែង សម្រាប់​តំណែង​មេបក្ស​មួយ​នេះ ខណៈ​ប្រទេស​កំពុង​បែកបាក់​គ្នា​យ៉ាងខ្លាំង បង្កឡើង​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់មាន​ពីមុនមក​។​


​បុរស​ដើមកំណើត​ឥណ្ឌា​រូបនេះ នឹង​ចូលគាល់​ព្រះមហាក្សត្រ ចក្រភព​អង់គ្លេស ឆា​លស៍ (Charles) នៅក្នុង​ព្រះបរមរាជវាំង​បាក់​ឃី​ង​ហាម (Buckingham Palace) នា​ព្រឹក ថ្ងៃ​អង្គារ មុននឹង​ឡើងកាន់តំណែង ជា​នាយករដ្ឋមន្ដ្រី​។ ចំណែក​រដ្ឋាភិបាល​រប​ស់គា​ត់ ក៏​នឹងត្រូវ​បានប្រកាស នៅ​ថ្ងៃ​អង្គារ​នេះ ដែរ ក្រោយពេល​គាត់​ធ្វើដំណើរ ទៅ​ចូលគាល់​ព្រះមហាក្សត្រ Charles ។​

ស្របគ្នា​នេះដែរ លោកស្រី លី​ស ត្រាស់ (Liz Truss) ក៏​នឹង​ធ្វើជា​អធិបតី នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ នៃ​គណៈរដ្ឋមន្ដ្រី​របស់លោក​ស្រី នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​អង្គារ (​វេលា​នៅក្នុង​តំបន់​) រួចហើយ​លោកស្រី នឹង​ថ្លែង​សុន្ទរកថា នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល Downing Street ។ បន្ទាប់មក លោកស្រី លី​ស ត្រាស់ នឹង​អញ្ជើញ​ទៅកាន់​ព្រះបរមរាជវាំង​បាក់​ឃី​ង​ហាម (Buckingham Palace) ដើម្បី​ធ្វើ​សវនាការ​ជាមួយនឹង​ព្រះមហាក្សត្រ ផងដែរ​។​

​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស លោក រី​ស៊ី សូ​ណាក់ (Rishi Sunak) កើត​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​១៩៨០​។ គាត់​ជា​អ្នកនយោបាយ​របស់​អង់គ្លេស មាន​ដើមកំណើត​ឥណ្ឌា ធ្លាប់​បម្រើ​ការងារ ជា​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ ចន្លោះ​ពី​ឆ្នាំ​២០១៩ រហូតដល់​ឆ្នាំ​២០២០ និង ជា​សមាជិកសភា ចាប់តាំងពី​ឆ្នាំ​២០១៥ រហូតមក​។​

​លោក Sunak ជា​អ្នកនយោបាយ​ដ៏​មាន​បំផុត​ម្នាក់ នៅក្នុង​តំបន់ Westminster នឹងត្រូវ​បានស្នើ​សុំ ដោយ​ព្រះមហាក្សត្រ Charles ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ ជំនួស​មេដឹកនាំ ដែល​បាន​ចាកចេញ គឺ​លោកស្រី Liz Truss ក្រោយ​ការ​កាន់តំណែង​បានត្រឹមតែ​៤៥​ថ្ងៃ​ប៉ុណ្ណោះ​។​

​លោក Sunak បាន​ចាញ់​លោកស្រី Liz Truss នៅក្នុង​ការ​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី សម្រាប់​ការ​ស្នង​តំណែង ពី​លោក បូរី​ស ច​ន​សុន (Boris Johnson) ក្រោយ​ការប្រកាស​លាលែង​ពី​តំណែង កាលពី​ខែកញ្ញា​កន្លងទៅ​។ ប៉ុន្ដែ​ក្រោយពេល​ទទួលបាន​ជ័យជម្នះ នៅក្នុង​ការប្រកួតប្រជែង​រួចមក លោកស្រី Liz Truss បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ត្រឹមតែ​រយៈពេល​ដ៏​ខ្លី​ជាងគេ​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស ក៏ត្រូវ​ប្រកាស​លាលែង​ពី​តំណែង ដោយសារតែ​វិបត្ដិនយោបាយ និង សេដ្ឋកិច្ច​៕​