ប្រ​ធាន​គណៈកម្មាធិការ​ការពា​រ​ជាតិ​អង់គ្លេស​៖ បស្ចិម​លោក មិនត្រូវ​ខ្លាច​ពូ​ទីន គំរាមកំហែង​អាវុធ​ប្រល័យ​លោក​

ព័ត៌មានអន្តរជាតិ
0
117



​រាជធានី​ឡុង​ដ៍​៖ ដោយសារតែ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បង្កើន​ការគំរាមកំហែង អំពី​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក ស្របពេល​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស ទើបនឹង​ឡើងកាន់​អំណាច​ថ្មី​នោះ ប្រធាន​គណៈកម្មាធិការ​ការពារជាតិ នៃ​ប្រទេស​មហាអំណាច​បស្ចិម​លោក បាន​អះអាង ថា មហាអំណាច​លោកខាងលិច មិនត្រូវ​បិទ​ភ្នែក​មើល​ការគំរាមកំហែង​ពី​វិមាន​ក្រឹម​ឡាំង​នោះឡើយ​។​

​សារព័ត៌មាន Metro បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែតុលា ថា សមាជិកសភា​ចក្រភព​អង់គ្លេស បាន​ព្រមាន​ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី បាន​បង្កើន​ការគំរាមកំហែង អំពី​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក កាន់តែខ្លាំង​ឡើង ខណៈ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន អាច​នឹង​ធ្វើឱ្យ​គាត់ ទទួល​បរាជ័យ​។​

​លោក តូ​ប៊ៀ​ស អែល​វូដ (Tobias Ellwood) ប្រធាន​គណៈកម្មាធិការ​ការពារជាតិ នៃ​រដ្ឋសភា​ចក្រភព​អង់គ្លេស បានចេញ​ការព្រមាន​ចំៗ ថា បណ្ដា​ប្រទេស​បស្ចិម​លោក មិនត្រូវ​បិទ​ភ្នែក ចំពេល​មាន​ហានិភ័យ​កាន់តែ​កើនឡើង ដោយសារតែ​ក្ដី​អស់សង្ឃឹម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អំពី​ការគំរាមកំហែង អាច​នឹង​បំផ្ទុះ​អាវុធ​នុយក្លេអ៊ែរ​។​

​លោក អែល​វូដ បាន​ថ្លែង​ទៅកាន់​សារព័ត៌មាន​របស់​ចក្រ​ភព​អង់គ្លេស Metro ក្រោយពេល​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង បារាំង បានចេញ​នូវ​សេចក្ដីថ្លែងការណ៍​រួមគ្នា​ដ៏​កម្រ​មួយ ឆ្លើយតប​ទៅនឹង​ក្រុង​មូ​ស្គូ អះអាង​ដោយ​គ្មាន​ភស្ដុតាង ថា អ៊ុយ​ក្រែ​ន កំពុងតែ​រៀបចំ​គម្រោង​ប្រើប្រាស់​គ្រាប់បែក​កខ្វិក (Dirty Bomb) ដែលជា​គ្រាប់បែក​មាន​ផ្ទុក​វិទ្យុសកម្ម​។​


​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​បស្ចិម​លោក​ទាំងនេះ ជឿ ថា វា​ជា​ប្រតិបត្តិការ ក្រោម​«​ទង់​ក្លែងក្លាយ​» នៅក្នុង​គោលបំណង​បង្កើត​លេស ជួយ​ឱ្យ​វិមាន​ក្រឹម​ឡាំង​របស់​ប្រធានាធិបតី​រុស្ស៊ី បង្កើន​ការវាយប្រហារ​យ៉ាងខ្លាំង ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ទោះជា​យ៉ាងណា ពួកគេ​មិនបាន​បញ្ជាក់ថា តើ​ការធ្វើ​បែបនេះ អាច​នឹង​កើតឡើង​បែបណា​នោះដែរ​។ ប៉ុន្តែ​ចំណុច​សំខាន់​ខាង​ការទូត ចុងក្រោយ​បំផុត បានកើត​ឡើង ក្រោយពេល រុស្ស៊ី បាន​បន្ត​លើកឡើង ថា ក្រុង​មូ​ស្គូ អាច​នឹង​ប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក​។​

​ប្រធាន​គណៈកម្មាធិការ​ការពារជាតិ នៃ​រដ្ឋសភា​ចក្រភព​អង់គ្លេស រូបនេះ បាន​សង្កត់ធ្ងន់ ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដឹង​ច្បាស់​ហើយ ថា គាត់​កំពុងតែ​ចាញ់​សង្គ្រាម​របស់គាត់ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ទាហាន​របស់គាត់ កំពុងតែ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់ នៅលើ​សមរភូមិ​នានា ហើយ​គាត់​ត្រូវតែ​បង្វែរ​សង្គ្រាម​នេះ ទៅជា​ជម្រើស​ផ្សេង​របស់គាត់​ឡើងវិញ ឬ អាចជា​ការចាប់ផ្តើម​អត្ដ​ឃាត​របស់គាត់​។ ដូច្នេះ គាត់​នឹងធ្វើ​អ្វី​ឲ្យ​ខុសពី​ប្រក្រតី ដើម្បី​ប្រឌិត​រឿង​ក្លែងក្លាយ ដើម្បី​បន្ទោស​ដល់​អ៊ុយ​ក្រែ​ន សម្រាប់​ការប្រើប្រាស់​អាវុធ​នុយ​ក្លែ​រ ដែល​នឹង​កើតឡើង នាពេលខាងមុខ​។​

​លោក ជែ​នស៍ ស្ដូ​ល​ថែ​ន​ប៊ឺ​ក (Jens Stoltenberg) អគ្គលេខាធិការ អង្គការ​ណា​តូ បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ ជុំវិញ​ការចោទប្រកាន់​របស់​រុស្ស៊ី ដែល​បានលើកឡើង ថា អ៊ុយ​ក្រែ​ន​អាច​ប្រើប្រាស់​ជាតិ​ផ្ទុះ​ធម្មតា ដែលមាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម នៅលើ​ទឹកដី​របស់ខ្លួន​។​

​ការបដិសេធ​របស់​ប្រមុខ​អង្គការ​ណា​តូ (​ឬ​អូតង់​) បានកើត​ឡើង ក្រោយពេល​លោក ស៊ើ​រ​ហ្គេ សូ​អ៊ី​ហ្គូ (Sergei Shoigu) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រុស្ស៊ី បានលើកឡើង ដោយ​គ្មាន​ភស្ដុតាង នៅក្នុង​ការហៅ​ទូរស័ព្ទ ទៅកាន់​សម​ភាគី​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក បារាំង និង តួ​ក​គី កាលពី​ថ្ងៃអាទិត្យ​មុននេះ​។ ការចោទប្រកាន់ អំពី​គ្រាប់បែក​កខ្វក់ ឬ គ្រាប់បែក​មាន​ផ្ទុក​វិទ្យុសកម្ម ជាស​កម្ម​ភាពជា​បន្ដបន្ទាប់ បង្កើតឡើង ដោយ​វិ​មា​ក្រឹម​ឡាំង ដែល​ក្រុមអ្នកវិភាគ​មួយចំនួន ជឿ ថា វា​ជាការ​បង្ហាញ អំពី​ការបង្កើន​នូវ​ការគំរាមកំហែង ពី​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក ប្រឆាំងនឹង​ប្រទេស​អ៊ុយ​ក្រែ​ន និង សម្ពន្ធមិត្ត​បស្ចិម​លោក​យ៉ាងពិត​ប្រាកដ​។​

​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង បារាំង បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ ថា ប្រទេស​មហាអំណាច​បស្ចិម (​បច្ឆិម​) លោក​ទាំងនេះ បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់​របស់​រុស្ស៊ី​។ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង បារាំង នៅតែ​បន្ដ​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុង​ការប្រឈមមុខ​ជាមួយនឹង​សង្គ្រាម​ឈ្លានពាន​ដ៏​សាហាវ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​៕​