នាយករដ្ឋមន្ដ្រី​អ៊ីតាលី អះអាង​ពី​វិធីសាស្ដ្រ​តែមួយគត់ ទើប​បញ្ចប់សង្គ្រាម​រប​ស់​រុស្ស៊ី នៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
130


​រដ្ឋធានី​រូ​ម​៖ គិត​ត្រឹម ថ្ងៃទី​២៧ ខែតុលា សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) បានអូសបន្លាយ អស់​រយៈពេល​២៤៦​ថ្ងៃ ហើយ​ការប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ ក៏​កំពុងតែបន្ដ រក​ទីបញ្ចប់​គ្មាន ប៉ុន្ដែ​លោកស្រី នាយករដ្ឋមន្ដ្រី​អ៊ីតាលី បែរជា​អះអាង​ទៅកាន់​សភា​ជាន់ខ្ពស់​របស់ខ្លួន ថា មាន​វិធីសាស្ដ្រ​តែមួយគត់ អូស​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង មក​ចូល​តុ​ចរចា​សន្ដិភាព​។​

​សារព័ត៌មាន BNN Bloomberg បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែតុលា ថា លោកស្រី ហ្គី​យ៉ូ​ជី​យ៉ា មេ​ឡូ​នី (Giorgia Meloni) នាយករដ្ឋមន្ដ្រី​អ៊ីតាលី កាលពី​ថ្ងៃ​ពុធ បានទទួល​នូវ​ការផ្ដល់​ទំនុកចិត្ត​ពី​ព្រឹទ្ធសភា​របស់​ប្រទេស​អឺរ៉ុប​មួយ​នេះ ដោយសារ​បញ្ចេញ​សារ​យ៉ាង​ធ្ងន់ គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោកស្រី នាយករដ្ឋមន្ដ្រី​ថ្មី​របស់​អ៊ីតាលី បាន​ថ្លែង​ទៅកាន់​ព្រឹទ្ធសភា ថា «​មធ្យោបាយ​តែមួយគត់ សម្រាប់​ជួយ​សម្រួល​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន មានតែ​ការជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ ឲ្យ​មានលទ្ធភាព​អាច​ពឹងផ្អែក លើ​សមត្ថភាព​អាច​ការពារជាតិ ដោយ​ខ្លួនឯងបាន​។​

​លោកស្រី នាយករដ្ឋមន្ដ្រី​អ៊ីតាលី បាន​សង្កត់ធ្ងន់ ថា «​សន្តិភាព​អាច​សម្រេច​ទៅបាន មានតែ​ការគាំទ្រ​ដល់​អ៊ុយ​ក្រែ​ន ឲ្យ​ពេញទំហឹង​... ព្រោះ​វា​ជា​ឱកាស​តែមួយគត់ ដែល​យើង​អាចធ្វើ​ទៅបាន សម្រាប់​ភាគី​ទាំងពីរ ចូលមក​កាន់​តុ​ចរចា​។ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ អ៊ីតាលី នៅតែ​មិនទាន់​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​អ៊ុយ​ក្រែ​ន ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ នៅក្នុង​សង្គ្រាម​នេះ​នៅឡើយ​។ អ៊ីតាលី បានផ្តល់​គ្រឿង​សឹក​ទាំងនេះ នឹងមាន​សារៈសំខាន់​ខ្លាំង សម្រាប់​អ៊ុយ​ក្រែ​ន ហើយនឹង​ទទួលបាន​ទំនុកចិត្ត ពី​អន្តរជាតិ មកលើ​ប្រទេស​របស់ខ្លួន​ថែម​ផងដែរ​»​។​

​ស្របគ្នា​នេះដែរ បណ្ដា​ប្រទេស​បស្ចិម​លោក និង សម្ពន្ធមិត្ត​ផ្សេងៗ​ទៀត ក៏​កំពុងតែ​បង្កើន​ការគាំទ្រ និង ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ថែមទៀត ដើម្បី​ការពារ​ខ្លួន ទប់​ទល់នឹង​ការឈ្លានពាន​ពី​កម្លាំង​ទាហាន​រុស្ស៊ី​។ ការអះអាង​របស់លោក​ស្រី នាយករដ្ឋមន្ដ្រី​អ៊ីតាលី បានកើត​ឡើង ក្រោយពេល លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​អង្គារ បាន​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ថ្មី​មួយ ត្រូវបាន​រៀបចំឡើង ដើម្បី​បង្កើនល្បឿន​ការផលិត និង បញ្ជូន​គ្រឿង​សព្វាវុធ នាំទៅ​ផ្គត់ផ្គង់​ដល់​កម្លាំង​ទាហាន​រុស្ស៊ី នៅ​គ្រប់​សមរភូមិ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស បាន​រាយការណ៍ កាលពី​ថ្ងៃ​អង្គារ ថា «​រុស្ស៊ី ទំនងជា​នឹង​ងាក​ទៅរក​ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​ច្រើន សម្រាប់​ព្យាយាម​វាយលុក ទៅលើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​កងទ័ព​ការ​ពរ​ទឹកដី​អ៊ុយ​ក្រែ​ន​។ ចំណែក​គ្រាប់កាំភ្លើង​ធំ​របស់​ទាហាន​រុស្ស៊ី កំពុងតែ​នៅ​សេសសល់​តិច​តូច​»​។​

​ដោយឡែក វិទ្យាស្ថាន​សិក្សា​ពី​សង្គ្រាម មាន​មូលដ្ឋាន នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​អះអាង ថា «​រុស្ស៊ី យឺតយ៉ាវ​វាយប្រហារ​តាមផ្លូវ​អាកាស ឬ​ប្រើប្រាស់​កាំជ្រួច និង យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន អាច​ឆ្លុះបញ្ចាំង ពី​ការថយចុះ នៅក្នុង​ឃ្លាំង​ស្តុក​មី​ស៊ី​ល និង ដ្រូ​ន ហើយ​ការវាយប្រហារ កំណត់​ពី​ប្រសិទ្ធភាព​លើ​ការសម្រេច​គោលដៅ​យោធា ជា​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​»៕​