សហរដ្ឋអាមេរិក​៖ ចិន ទាត់ចោល​ឋានៈ​ជា​រដ្ឋ​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
107



​រដ្ឋធានី​វ៉ាស៊ីនតោន​៖ រហូតមកដល់​ពេលនេះ ក្រុង​ប៉េកាំង នៅតែ​មិនបាន​ទទួលស្គាល់ អំពី​រដ្ឋការ​របស់​តៃវ៉ាន់ ដដែល ហើយ ចិន ថែមទាំង​ទាមទារ​ឲ្យ​ក្រុង​តៃប៉ិ ទទួលស្គាល់​អធិបតេយ្យ​ភាព​របស់​ចិន ប៉ុន្ដែ​រដ្ឋាភិបាល​របស់​លោកស្រី សៃ អ៊ីង​វ៉ិ​ន (Tsai Ing-wen) ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ដោយ​លើក​ហេតុផល ថា មានតែ​ប្រជាជន នៅលើ​ដែន​កោះ​មួយ​នេះ​តែប៉ុណ្ណោះ ទើប​អាច​សម្រេច​ជោគវាសនា​អនាគត​របស់​ពួកគេ​បាន​។​

​សារព័ត៌មាន CNA បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែតុលា ថា លោក អេ​ន​តូ​នី ប្ល៊ី​ន​ខែ​ន (Antony Blinken) រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ ថា ចិន បានសម្រេច​ចិត្ត ច្រានចោល​ឋានៈ​ជា​រដ្ឋ​របស់​តៃវ៉ាន់ ហើយ​ក្រុង​ប៉េកាំង បានចាប់ផ្តើម ដាក់​សម្ពាធ ទៅលើ​ដែន​កោះ គ្រប់គ្រង​ដោយ​ខ្លួនឯង រួមទាំង​ការ​លទ្ធភាព អំពី​ការប្រើប្រាស់​កម្លាំងយោធា​ថែម​ទៀតផង​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក បាន​ថ្លែង នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ រៀបចំឡើង ដោយ Blooberg ថា ចិន បាន​ផ្លាស់ប្តូរ​ការយល់ដឹង​ជា​មូលដ្ឋាន ដែលមាន​អាយុកាល​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ រវាង​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង ដោយសារ​តែមាន​ភាពខុស​គ្នា​របស់​ចិន ជាមួយនឹង​តៃវ៉ាន់ គ្រប់គ្រង​ដោយ​សន្តិវិធី​។ ចំណែក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចង់​បង្កើនល្បឿន ស្វែងរក​ការបង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​ឡើងវិញ​។​

​លោក អេ​ន​តូ​នី ប្ល៊ី​ន​ខែ​ន បាន​បន្ថែម ថា ចិន បានសម្រេច​ចិត្ត ដាក់​សម្ពាធ​បន្ថែមទៀត ទៅលើ​កោះ​តៃវ៉ាន់ និង រក្សា​នូវ​លទ្ធភាព ពី​ការប្រើប្រាស់​កម្លាំងយោធា ដើម្បី​សម្រេចបាន​នូវ​គោលបំណង​របស់​ក្រុង​ប៉េកាំង ប្រសិនបើ​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​នេះ មិនអាច​ប្រព្រឹត្ដទៅបាន​។​

​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក រូបនេះ បាន​បន្ដ ថា ជាការ​ពិតណាស់ ក្រុង​វ៉ាស៊ីនតោន មិន​ចង់​ឲ្យ​មាន​«​សង្គ្រាមត្រជាក់​» កើតឡើង​ជាថ្មី​នោះទេ ហើយ​គាត់​ក៏​មិនបាន​ព្យាយាម​រារាំង​ចិន​នោះដែរ ប៉ុន្តែ​គាត់​បាន​តាំងចិត្ត និង ក្រោកឈរឡើង ដើម្បី​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក និង សម្ពន្ធមិត្ត​។​

​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក រូបនេះ កាលពី​សប្ដាហ៍​កន្លងទៅ បាន​អះអាង ថា ក្រុង​ប៉េកាំង បានកំណត់​គោលដៅ បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់ ឲ្យ​បាន​លឿន​ជាង​ការកំណត់​ទុក​ពីមុន​។ ប៉ុន្ដែ​គាត់​មិនបាន​កំណត់ អំពី​កាលបរិច្ឆេទ​នោះដែរ​។

​ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក បាន​ព្រមាន ថា ចិន មាន​សមត្ថភាព នឹង​ដណ្ដើមយក​តៃវ៉ាន់ នៅក្នុង​ឆ្នាំ​២០២៧​។ ជាមួយនឹង​ការ​ប្រមើល​ឃើញ​ជាមុន ទើប​សហរដ្ឋអាមេរិក បាន​ពិចារណា អំពី​ការផលិត​គ្រឿង​សព្វាវុធ​របស់ខ្លួន រួមគ្នា​ជាមួយនឹង​តៃវ៉ាន់ នៅលើ​ដែន​កោះ​នេះ​តែម្ដង ដើម្បី​បង្កើន​លឿន​ការផ្គត់ផ្គង់​គ្រឿង​សឹក ដល់​រដ្ឋាភិបាល​តៃប៉ិ​របស់​លោកស្រី សៃ អ៊ីង​វ៉ិ​ន ប្រធានាធិបតី​តៃវ៉ាន់​៕​