សហរដ្ឋអាមេរិក បង្ក្រាប​ការរត់ពន្ធ​អាវុធ​ទៅ​ឲ្យ​ពួក​ឧទ្ទាម​ហ៊ូ​ធី ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​

ព័ត៌មានអន្តរជាតិ
0
24



​រដ្ឋធានី​តេ​អ៊ីរ៉ង់​៖ កងទ័ព​របស់លោក​ខាងលិច កំពុងតែ​ឆ្មក់​បង្ក្រាប​ទៅលើ​ទូក​នានា រត់ពន្ធ​អាវុធ ចេញពី​ប្រទេស​អ៊ីរ៉ង់ ឆ្ពោះទៅកាន់​ប្រទេស​យេ​មែន ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម ខណៈ​មេបញ្ជាការ​កណ្ដាល​របស់​សហរដ្ឋអាមេរិក បានបង្ហាញ អំពី​ការស្ទាក់ចាប់ និង រឹបអូស​គ្រឿង​សព្វាវុធ​បានជា​បន្ដបន្ទាប់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ​។​

​សារ​ព័ត​មាន Insider បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែកុម្ភៈ ថា កម្លាំង​ទាហាន​របស់​បស្ចិម​លោក កំពុងតែ​ឆ្មក់​ចាប់​ជា​អចិន្ដ្រៃយ៍ ទៅលើ​ទូក​នានា មាន​គោលបំណង រត់ពន្ធ​អាវុធ ចេញពី​អ៊ីរ៉ង់ នាំទៅ​ផ្គត់ផ្គង់ ដល់​ក្រុម​ឧ​ទ្ធា​ម​ហ៊ូ​ធី (Houthi) នៅក្នុង​ប្រទេស​យេ​មែន​។ សកម្មភាព​របស់​ទាហាន​លោកខាងលិច បាន​រឹបអូស​គ្រឿង​បំផ្ទុះ​ជាច្រើន​ប្រភេទ រួមមាន កាំភ្លើង និង​គ្រាប់រំសេវ​។​

​ក្រុម​អ្នកជំនាញ​កិច្ចការ​មជ្ឈិមបូព៌ា និង អ៊ីរ៉ង់ បានបញ្ជាក់ ថា ការ​ឆ្មក់​បង្ក្រាប​របស់លោក​ខាងលិច គឺជា​កិច្ចខិតខំ​ប្រឹងប្រែង សម្របសម្រួល​មួយ រៀបចំឡើង ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​អ៊ីរ៉ង់ និង បន្ទុក​បង្អាក់​ដល់​ផែនការ​ដ៏​អាក្រក់​របស់​ក្រុង​តេ​អ៊ីរ៉ង់ នៅក្នុង​តំបន់​។​

​ទីបញ្ជាការ​កណ្ដាល​រប​ស់​សហរដ្ឋអាមេរិក កាលពី​ប៉ុន្មាន​ខែ​មុននេះ បានបង្ហាញ អំពី​ការ​វាយឆ្មក់​បង្ក្រាប ទៅលើ​ទូក​នេសាទ​ជា​បន្តបន្ទាប់ ដែល​ត្រូវបាន​ធ្វើឡើង ដោយ​កងកម្លាំង​របស់​សហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត​។ ការបង្ក្រាប​ការរត់ពន្ធ​អាវុធ​នេះ ជារឿយៗ បាន​ដកហូត​នាវា​នេសាទ ដែល​ធ្វើដំណើរ​តាមផ្លូវ​ទឹក ធ្លាប់មាន​ប្រវត្តិ ធ្វើ​ចរាចរណ៍​ដឹក​អាវុធ​ខុសច្បាប់ ចេញពី​ប្រទេស​អ៊ីរ៉ង់ នាំទៅ​ឲ្យ​ក្រុម​ឧទ្ទាម Houthi ដែល​កំពុងតែ​ធ្វើសង្គ្រាម​ស៊ីវិល ប្រឆាំងនឹង​រដ្ឋាភិបាល​យេ​មែន ដែល​ទទួលស្គាល់ ជា​លក្ខណៈ​អន្ដរជាតិ នៅក្នុង​ប្រទេស​ចុង​ខាងត្បូង​ឧបទ្វីប​អារ៉ាប់​។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​ប្រយុទ្ធ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ប្រឆាំងនឹង​រដ្ឋាភិបាល​យេ​មែន គាំទ្រ​ដោយ​សម្ពន្ធមិត្ត ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ ការប្រយុទ្ធ​គ្នា​ដ៏​ឃោរឃៅ នៅក្នុង​ប្រទេស​យេ​មែន ធ្វើ​ឲ្យ​ក្រុម​អ្នកជំនាញ តែងតែ​ចាត់ទុក ជា​សង្គ្រាម​ប្រជែង​ឥទ្ធិពល​គ្នា រវាង​គូសត្រូវ នៅក្នុង​តំបន់ គឺ​អ៊ីរ៉ង់ និង អា​រ៉ា​ប៊ី​សា​អូឌីត​។ ចំណែក​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​មួយ បាន​ជំរុញ​ឲ្យ​មាន​ភាព​តានតឹង អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​សង្គ្រាម​បំផ្លិចបំផ្លាញ​នេះ បានធ្វើឱ្យ​មនុស្ស រាប់សែន​នាក់​ស្លាប់ និង រាប់លាន​នាក់​ផ្សេងទៀត ត្រូវការ​ជំនួយ​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​

​ទីបញ្ជាការ​កណ្ដាល​សហ​រដ្ឋ​អាមេរិក (CENTCOM) បានបញ្ជាក់ នៅ​ខែ​នេះ ថា កងទ័ព​សហរដ្ឋអាមេរិក បាន​ជួយ​គាំទ្រ ដល់​កងកម្លាំង​ជើង​ទឹក​របស់​ប្រទេស​ជា​ដៃគូ នៅក្នុង​ការ​ឆ្មក់​បង្ក្រាប កាលពី​ខែមករា នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​។ ការស្ទាក់ចាប់​ទូក​រត់ពន្ធ​អាវុធ​នេះ បាន​អនុវត្ដ ដោយ​កងកម្លាំង​ពិសេស​របស់​បារាំង នៅតាម​ផ្លូវទឹក ដែល​តែងតែ​រត់ពន្ធ​អាវុធ រវាង​ប្រទេស​អ៊ីរ៉ង់ និង យេ​មែន ដោយ​រឹបអូស​បាន គ្រាប់កាំភ្លើង ចំនួន​៣០០០​គ្រាប់​, គ្រាប់រំសេវ ៥៧៨ ០០០​គ្រាប់ និង មី​ស៊ី​ល​នាំ​ផ្លូវ​ប្រឆាំងនឹង​រថក្រោះ ចំនួន​២៣​ដើម​។​

​ទីបញ្ជាការ​កណ្ដាល​រប​ស់​សហរដ្ឋអាមេរិក បានបញ្ជាក់​ទៀត ថា ការ​វាយឆ្មក់​បង្ក្រាប​នេះ គឺជា ការរារាំង ដល់​ទំនិញ​ខុសច្បាប់​មួយ នៅក្នុង​ចំណោម​ទំនិញ​ខុសច្បាប់​ទាំង​៤​ប្រភេទ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ដោយ​រឹបអូស​បាន​អាវុធ​ជាង ៥ 000​ដើម និង គ្រាប់​ចំនួន ១,៦​លាន​គ្រាប់ មុនពេល​អាវុធ​ទាំងនោះ​ទៅដល់​ប្រទេស​យេ​មែន​។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ បានដាក់​ទណ្ឌកម្ម ទៅលើ​ការបញ្ជូន​អាវុធ ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ក្រុម​ហ៊ូ​ធី (Houthis)​។​

​លោក អា​ឡិច វ៉ា​តាន់​កា (Alex Vatanka) នាយក​កម្មវិធី​អ៊ីរ៉ង់ នៃ​វិទ្យាស្ថាន​មជ្ឈិមបូព៌ា បានបញ្ជាក់ ថា «​សកម្មភាព​របស់​កង​ទ័ព​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត​អឺរ៉ុប បង្ក្រាប​ទៅលើ​ការរត់ពន្ធ​អាវុធ គឺជា​ការដាក់​សម្ពាធ​ទៅលើ​លើ​អ៊ីរ៉ង់ ដើម្បី​បង្ខំ​រដ្ឋាភិបាល​តេ​អ៊ីរ៉ង់ ឱ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ដ៏​មាន​អត្ថន័យ ជុំវិញ​ការ​ស្តារឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នា​ឆ្នាំ ២០១៥​។ បញ្ហា​នេះ​មិនមែន​ត្រឹមតែ​ការពិភាក្សា ដើម្បី​ជា​ប្រយោជន៍ នៃ​កិច្ចពិភាក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការពិភាក្សា​យ៉ាងពិត​ប្រាកដ រារាំង​ដល់​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​តេ​អ៊ីរ៉ង់​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ មី​ឆែ​ល គូ​រី​ល​ឡា (Michael Kurilla) មេបញ្ជាការ CENTCOM បានបញ្ជាក់ ថា ការផ្ទេរ​គ្រឿង​សព្វាវុធ​ឆ្លងកាត់​ដែនទឹក​អន្តរជាតិ​មាន នាំ​ឲ្យ​មាន​អស្ថិរភាព នៅក្នុង​តំបន់​។ រីឯ​សហរដ្ឋអាមេរិក និង ដៃគូ​របស់ខ្លួន នឹង​បន្ត​រឹបអូស​យក​គ្រឿង​សព្វាវុធ​ដ៏​សាហាវ​ទាំងនោះ បើទោះជា​វា​មកពី​ប្រភព​ណាក៏ដោយ​៕​