កូរ៉េខាងជើង ចាប់ផ្ដើម​គំរាម​អាវុធ​នុយក្លេអ៊ែរ វាយប្រហារ​លើ​អាមេរិក និង កូរ៉េខាងត្បូង​

ព័ត៌មានអន្តរជាតិ
0
74


​រដ្ឋធានី​សេ​អ៊ូ​ល​៖ កូរ៉េខាងជើង បាន​គំរាមកំហែង​វាយប្រហារ ទៅលើ​សមយុទ្ធ​យោធា​រួមគ្នា​របស់​កងទ័ព​សហ​រដ្ឋ​អាមេរិក ជាមួយនឹង​កូរ៉េខាងត្បូង ជា​ប្រទេស​សម្ពន្ធមិត្ត​ដ៏​ជិតស្និទ្ធ នៅ​អាស៊ី​បូព៌ា ហើយ​ការព្រមាន​ពី​ក្រុង​ព្យុងយ៉ាង នេះ ក៏​មិនទាន់មាន​ការឆ្លើយតប ពី​ក្រុង​សេ​អ៊ូ​ល នោះដែរ​។​

​សារព័ត៌មាន AP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១ ខែវិច្ឆិកា ថា កូរ៉េខាងជើង កាលពី​ថ្ងៃ​អង្គារ បានបង្ហាញ​ការគំរាមកំហែង ដោយ​ឥត​លាក់លៀម អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ដើម្បី​ធ្វើឱ្យ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង «​ខាតបង់​ដ៏​អាក្រក់​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​»​។ ក្រុង​ព្យុងយ៉ាង បាន និង កំពុងតែ​បង្កើន​សង្គ្រាម​វោហារសាស្ត្រ​យ៉ាង​ក្ដៅគគុក សម្ដៅលើ​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​កងទ័ព​សហរ​ដ្ឋ​អាមេរិក និង កូរ៉េខាងត្បូង ដែល​កំពុងតែបន្ត​។​

​ភាព​រង្គោះរង្គើ នៅលើ​ឧបទ្វីប​កូរ៉េ បាន និង កំពុងតែ​កើនឡើង​យ៉ាងខ្លាំង នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ ដោយសារតែ​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង អនុម័ត​ច្បាប់​របស់ខ្លួន អនុញ្ញាត​ឱ្យមាន​ការប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ វាយប្រហារ​ជាមុន គ្រប់​ស្ថានភាព​។ ចំណែក​ក្រុម​អ្នកជំនាញ​មួយចំនួន នៅតែ​សង្ស័យ ថា កូរ៉េខាងជើង អាច​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ វាយប្រហារ​ជាមុន ខណៈ​មានការ​ប្រឈមមុខ​ជាមួយ​នឹង​កងទ័ព​សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង​។​


​កូរ៉េខាងជើង បាន​អះអាងថា ការសាកល្បង​អាវុធ​របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ មានន័យថា ជា​សារ​ព្រមាន​ទៅដល់​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​សេ​អ៊ូ​ល ជុំវិញ​សកម្មភាព​ធ្វើ​សមយុទ្ធ​យោធា​ជា​បន្ដបន្ទាប់ រវាង​ប្រទេស​សម្ពន្ធមិត្ត​ទាំង​២​នេះ​។ ក្រុង​ព្យុងយ៉ាង បាន​ចាត់ទុកថា នេះ​ជាការ​ធ្វើ​សមយុទ្ធ​យោធា ហាត់​សម​ឈ្លានពាន រួមទាំង​សមយុទ្ធ នៅ​សប្តាហ៍​នេះ មានការ​ពាក់ព័ន្ធ​នឹង​យន្តហោះ​ចម្បាំង​របស់​សម្ពន្ធមិត្ត​ទាំង​២ ប្រហែល​២៤០​គ្រឿង ផងដែរ​។​

​លោក ប៉ាក ជុង ចុន (Pak Jong Chon) លេខា​បក្ស​ពលករ កំពុងតែ​កាន់អំណាច ហើយ​ត្រូវបាន​គេ​ចាត់ទុក ថា ជាម​នុស្ស​ស្និទ្ធស្នាល​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន (Kim Jong Un) បាន​ហៅ​ការធ្វើ​សមយុទ្ធ​របស់​ទ័ពអាកាស​សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ថា ជាការ​«​ឈ្លានពាន និង បង្កហេតុ​»​។​

​មន្ដ្រី​ស្និទ្ធស្នាល​នឹង​មេដឹកនាំ​កូរ៉េខាងជើង រូបនេះ បាន​ចោទប្រកាន់​មន្ទីរ​បញ្ច​កោណ​របស់​សហរដ្ឋអាមេរិក អំពី​ការធ្វើ​ឲ្យ​ដួលរលំ​របប​កូរ៉េខាងជើង ដោយសារ​តែមាន​ទិសដៅ​គោលនយោបាយ​ដ៏​សំខាន់​មួយ នៅក្នុង​សេចក្តី​យោង​ជាក់ស្តែង​មួយ ជុំវិញ​របាយការណ៍​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​មន្ទី​រ​បញ្ច​កោណ បានចេញ​ផ្សាយ កាល​ពពេល​ថ្មីៗ​នេះ​។ របាយការណ៍ បានបញ្ជាក់ ថា ការវាយប្រហារ​នុយក្លេអ៊ែរ​ណាមួយ​របស់​កូរ៉េខាងជើង ប្រឆាំងនឹង​សហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត និង ដៃគូ​របស់ខ្លួន «​នឹង​នាំឱ្យមាន​ការបញ្ចប់​រប​ប​នេះ​»​។​

​ស្របពេល​មាន​ភាព​តានតឹង នៅក្នុង​តំបន់​នោះ នាវា​ផ្ទុក​យន្ដហោះ​របស់​សហរដ្ឋអាមេរិក ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Ronald Reagan កាលពីដើម​ខែតុលា កន្លងទៅនេះ ក៏បាន​ទៅ​ចូលរួម ធ្វើ​សមយុទ្ធ​យោធា នៅលើ​ដែនទឹក​របស់​កូរ៉េខាងត្បូង ផងដែរ​។ ការធ្វើ​សមយុទ្ធ​យោធា​របស់​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅ​អាស៊ី​បូព៌ា ជា​ញឹកញាប់​នេះ បានកើត​ឡើង ចំពេល​កូរ៉េខាងជើង បាញ់​ផ្លោង​មី​ស៊ី​ល ជា​ញឹកញាប់ បង្ក​អសន្ដិសុខ និង ស្ថិរភាព នៅក្នុង​តំបន់ និង សហគមន៍​អន្ដរជាតិ​៕​