ក្រុម​មន្ដ្រី​យោធា​កំពូលៗ​របស់​រុស្ស៊ី ចាប់ផ្ដើម​ពិភាក្សា ពី​អាវុធ​នុយក្លេអ៊ែរ​

ព័ត៌មានអន្តរជាតិ
0
56


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ បរាជ័យ​យ៉ាងធ្ងន់ធ្ងរ នៅលើ​សមរភូមិ​របស់​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​ក្រុម​ឧត្ដមសេនីយ៍​យោធារ​ស្ស៊ី មានការ​ខកចិត្ត​យ៉ាងខ្លាំង ទើប​ពួកគេ​នាំគ្នា ជជែក​ពិភាក្សា អំពី​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​លោក​យុទ្ធសាស្ដ្រ ហើយ​សកម្មភាព​បែបនេះ កំពុងតែ​បង្ក​ឲ្យ​បណ្ដា​ប្រទេស​បស្ចិម​លោក មានការ​ព្រួយបារម្ភ កាន់តែខ្លាំង​ឡើង​បន្ថែមទៀត​។​

​សារព័ត៌មាន CBS News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២ ខែវិច្ឆិកា ថា មន្ដ្រីជាន់ខ្ពស់​របស់​ស​ហ​រដ្ឋ​អាមេរិក ចំនួន​២​រូប បាន​ប្រាប់​ដល់​បណ្ដាញ​ទូរទស្សន៍ CBS News កាលពី​ថ្ងៃ​ពុធ ថា កាលពី​អំឡុង​ពាក់កណ្ដាល ខែតុលា ក្រុមមន្ដ្រី​យោធា​កំពូលៗ​របស់​រុស្ស៊ី បាន​ជជែក​ពិភាក្សាគ្នា អំពី​របៀប និង ពេលវេលា ដែល​ពួកគេ អាច​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ដ្រ នៅលើ​សមរភូមិ នៅ​អ៊ុយ​ក្រែ​ន​។ ព័ត៌មាន​សម្ងាត់​នេះ បានធ្វើ​ឲ្យ​ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក​មានកា​រ​ព្រួយបារម្ភ កាន់តែខ្លាំង​ឡើង ដោយសារតែ​ការពិភាក្សា​ពាក់ព័ន្ធ​នេះ បានកើត​ឡើង មិនយូរប៉ុន្មាន ក្រោយពេល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) កំពុងតែ​មើលឃើញ​កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដណ្ដើមបាន​ដែនដី​រប​ស់​ពួកគេ ពី​កម្លាំង​ទាហាន​របស់គាត់ ត្រឡប់​ទៅវិញ​។​

​ភាព​តានតឹង ជុំវិញ​ការប្រើ​អាវុធ​នុយក្លេអ៊ែរ បាន​កើន​ឡើងជា​លំដាប់ ចាប់តាំងពី​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បានទទួល​ជោគជ័យ នៅក្នុង​ការវាយលុក ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី ចាប់តាំងពី​ដើមខែ​កញ្ញា រហូតមក​។​

​មន្ដ្រីជាន់ខ្ពស់​បស្ចិម​លោក បាន​អះអាង​ទៀត ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី មិនបាន​ចូលរួម នៅក្នុង​កិច្ចពិភាក្សា កាលពី​អំឡុង​ខែតុលា នោះឡើយ​។ សកម្មភាព​បែបនេះ បានធ្វើ​ឡើង ប្រឆាំងនឹង​សង្គ្រាម​វោហារសាស្ត្រ​នុយក្លេអ៊ែរ និង បរាជ័យ​យ៉ាងខ្លាំង​របស់​រុស្ស៊ី នៅលើ​សមរភូមិ​។ ការពិភាក្សា​របស់​ក្រុម​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​រុស្ស៊ី កំពុងតែ​បង្កក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ដល់​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន ដោយសារតែ​ពួក​ឧ​ត្ត​ម​សេនីយ៍​របស់​រុ​ស្ស៉ី មានការ​ខកចិត្ត​យ៉ាងខ្លាំង ក្រោយពេល​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ នៅលើ​សមរភូមិ​របស់​អ៊ុយ​ក្រែ​ន​។​

​កិច្ចពិភាក្សា​របស់​ពួក​មន្ដ្រី​យោធា​កំពូល​របស់​រុស្ស៊ី អាច​បាន​សន្ម​ត់ ថា វា​ជាការ​គំរាមកំហែង ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ពី​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន អាច​នឹង​មិនមែន គ្រាន់តែ​ជាការ​គំរាមកំហែង ដោយ​ប្រើប្រាស់ ត្រឹមតែ​ពាក្យសម្ដី​ប៉ុណ្ណោះ​ទេ​។​

​ទោះជា​យ៉ាងណា ក្រុមមន្ត្រី​កំពូលៗ​របស់​សហរដ្ឋអាមេរិក នៅតែ​បញ្ជាក់ ជា​ដដែលៗ ថា រហូតមកដល់​ពេលនេះ ក្រុង​វ៉ាស៊ីនតោន នៅតែ​រក​មិនទាន់​ឃើញ​មាន​ភស្តុតាង​ណាមួយ​បង្ហាញ ថា រុ​ស្ស៉ី កំពុងតែ​ចល័ត​អាវុធ​មហា​ប្រល័យ​លោក ទៅកាន់​ទីតាំង សម្រាប់​ការរៀបចំ​ត្រៀមលក្ខណៈ​វាយប្រហារ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នោះដែរ​៕​