ចក្រភព​អង់គ្លេស ព្រមាន​ខ្លាំងៗ​ដាក់​ពូ​ទីន ក្រោយ​ដឹងថា​អាមេរិក នឹង​បញ្ជូន​កង​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ទៅកាន់​ទឹកដី​របស់ខ្លួន​

ព័ត៌មានអន្តរជាតិ
0
73


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ប្រមុខ​ការទូត​របស់​ចក្រ​ភ​អង់គ្លេស បាន​ព្រមាន​អំពី​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​រុស្ស៊ី ប្រសិនបើ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ហ៊ាន​សម្រេចចិត្ត​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ហើយ​ការព្រមាន​ដល់​ក្រុង​មូ​ស្គូ​នេះ បានកើត​ឡើង ស្របពេល​សហរដ្ឋអាមេរិក គ្រោង​នឹង​បញ្ជូន​កង​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ថ្មី និង ធំ​បំផុត​របស់​ពិភពលោក ជា​លើកដំបូង ទៅកាន់​ប្រទេស​មហាអំណាច នៅ​តំបន់​អឺរ៉ុប​។​

​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស UKDJ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែតុលា ថា សហរដ្ឋអាមេរិក គ្រោង​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ថ្មី​ដ៏​ធំ​ប​ផុត​របស់​ពិភពលោក ប្រភេទ USS Gerald R. Ford អមដំណើរ ដោយ​កង​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៀត ទៅ​ចូល​សំចត នៅក្នុង​កំពង់ផែ ទីក្រុង​ផត​ស្មៅ (Portsmouth) ស្ថិតនៅ​ភាគខាងត្បូង ចក្រភព​អង់គ្លេស​។ នេះ​ជា​ដាក់ពង្រាយ​កង​នាវា​ប្រយុទ្ធ ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្ដហោះ​ដ៏​ធំ​បំផុត​របស់​ពិភពលោក USS Gerald R. Ford មានតម្លៃ​១៣​ពាន់​លាន​ដុល្លារ ជា​លើកដំបូង នៅ​តំបន់​អឺរ៉ុប ខណៈ​បច្ចុប្បន្ន កង​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក មួយក្រុម​ទៀត ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS George H. W. Bush (CVN-77) កំពុងតែ​ដាក់ពង្រាយ នៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​។ នេះ​ជាការ​ដាក់ពង្រាយ​កង​នាវាចម្បាំង​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក នៅ​តំបន់​អឺរ៉ុប ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក​។​

​សេចក្ដីរាយការណ៍​ដដែល​នេះ មិនមាន​បានបញ្ជាក់ អំពី​ពេលវេលា​ទៅដល់​របស់​កង​នាវាចម្បាំង​សហរដ្ឋអាមេរិក សរុប​ទាំង​៨​គ្រឿង​នោះឡើយ ព្រោះ​វា​ជា​កិច្ច​ការសំខាន់ ពាក់ព័ន្ធ​ដល់​សន្តិសុខ​របស់​កង​នាវាចម្បាំង​ទាំងនេះ ដោយសារតែ​ស្ថានភាព នាពេល​បច្ចុប្បន្ន​។ នាវាចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក មួយចំនួន នឹង​ចូល​សំចត នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​ស្ថិតក្នុង​ទីក្រុង Portsmouth ចក្រភព​អង់គ្លេស ខណៈ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Gerald R. Ford គ្រាន់តែ​ចត នៅក្បែរនោះ ព្រោះ​ទំហំ​របស់​វា​។​

​សហរដ្ឋអាមេរិក បានដាក់​ឲ្យ​ដំណើរការ​នាវា​ផ្ទុក​យន្ដហោះ​ដ៏​ធំ​បំផុត​របស់​ពិភពលោក USS Gerald R. Ford ជា​លើកដំបូង នៅក្នុង​អំឡុង​ឆ្នាំ​២០១៧ ហើយ​ចាប់​ផ្ដើមធ្វើ​នាវាចរណ៍ ទៅ​ក្រៅប្រទេស ជា​លើកដំបូង កាលពីដើម​ខែតុលា ឆ្នាំ​២០២២​។ នាវា​ផ្ទុក​យន្ដហោះ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ មាន​បណ្ដោយ​ប្រវែង​៣៣៣​ម៉ែត្រ ហើយ​អាច​ផ្ទុក​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប F-35 និង ឧទ្ធម្ភាគចក្រ សរុប​៩០​គ្រឿង​។​

​បើតាម​គម្រោង​របស់​ក​ង​ទ័ពជើងទឹក​របស់​សហរដ្ឋអាមេរិក គឺ​នាវា​ផ្ទុក​យន្ដហោះ USS Gerald R. Ford នឹង​ក្លាយជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទី​២ ចូលទៅ​ធ្វើ​ប្រតិបត្តិការ នៅលើ​ដែនទឹក​របស់​អឺរ៉ុប​។ បច្ចុប្បន្ន នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក USS George H. W. Bush (CVN-77) អមដំណើរ​ដោយ​កង​នាវាចម្បាំង​ផ្សេងៗ​ទៀត កំពុងតែ​ស្ថិតក្នុង​សមុទ្រ​អា​ឌ្រី​យ៉ា​ទិច (Adriatic Sea) បន្ទាប់ពី​ចូលរួម​សមយុទ្ធ​យោធា​របស់​អង្គការ NATO នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ កាលពី​ចន្លោះ​ថ្ងៃទី​១៤-២៨ ខែតុលា​។​

​សកម្មភាព​របស់​កង​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក នាពេលនេះ បានកើត​ឡើង ស្របគ្នា​នឹង​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ចន្ទ បាន​ព្រមាន​ដល់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) អំពី​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​ក្រុង​មូ​ស្គូ ហ៊ាន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​

​លោក ជែ​ម​ស៍ ក្លេ​វឺ​លី (James Cleverly) រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស បានបញ្ជាក់ នៅក្នុង​សភា​អង់គ្លេស ថា រុ​ស្ស៉ី មិនត្រូវ​បង្ក​ឲ្យ​មាន​ឧបសគ្គ​ណាមួយ ដល់​ការនាំចេញ គ្រាប់​ធញ្ញជាតិ ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន តាម​ច្រក​សមុទ្រ​ខ្មៅ នោះឡើយ​។​

​លោក​ប្រមុខ​ការទូត​ចក្រភព​អង់គ្លេស បាន​បន្ថែម ថា សេចក្ដីថ្លែងការណ៍​គំរាមកំហែង​របស់​វិមាន​ក្រឹម​ឡាំង នាពេល​កន្លងមក គ្រាន់តែ​ជាការ​បង្វែរ​ចំណាប់អារម្មណ៍ កើតចេញពី​បរាជ័យ​របស់​ទាហាន​រុស្ស៊ី នៅលើ​សមរភូមិ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន តែប៉ុណ្ណោះ​។ ប៉ុន្ដែ​វា​មិនមាន​ប្រទេស​ណាមួយ កំពុងនិយាយ អំពី​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​នោះដែរ ហើយក៏​មិនមាន​ប្រទេស​ណាមួយ គំរាមកំហែង​ពី​អាវុធ​ដ៏​គ្រោះថ្នាក់ ទៅលើ​ប្រទេស​រុ​ស្ស៉ី ឬ លោក ពូ​ទីន នោះឡើយ​។​

​លោក​ប្រមុខ​ការទូត រូបនេះ បាន​បន្ដថា មេដឹកនាំ​វិមាន​ក្រឹម​ឡាំង គួរ​ណាស់​តែ​ដឹង​ឱ្យ​ច្បាស់ ថា ចក្រភព​អង់គ្លេស និង សម្ពន្ធមិត្ត​បស្ចិម​លោក នឹងធ្វើ​ឲ្យ​រុស្ស៊ី ប្រឈមមុខ​នឹង​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ហ៊ាន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ អាច​នឹង​ផ្លាស់ប្ដូរ​ធម្មជាតិ​ជម្លោះ​នេះ​។​

​ប្រមុខ​ការទូត​ចក្រភព​អង់គ្លេស រូបនេះ បាន​ព្រមាន​ដល់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង ក្រោយពេល​ក្រសួងការពារជាតិ​រុ​ស្ស៉ី បាន​ចោទប្រកាន់​ចក្រភព​អង់គ្លេស ជា​អ្នក​បំផ្ទុះ​បំផ្លាញ បំពង់​ឧស្ម័ន Nord Stream កាលពី​ខែតុលា​កន្លងទៅ និង ជា​អ្នក​ជួយ​ជ្រោមជ្រែង ដល់​ការវាយប្រហារ ដោយ​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន ប្រឆាំងនឹង​មូលដ្ឋាន​កងទ័ព​រុ​ស្ស៉ី នៅ​ឧបទ្វីប​គ្រី​មៀ​។ ទោះជា​យ៉ាងណា ការចោទប្រកាន់​របស់​រុស្ស៊ី ក៏ត្រូវ​បាន​ចក្រភព​អង់គ្លេស ច្រានចោល​ទាំងស្រុង​៕​