ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ រក​មិនឃើញ​មាន​គ្រាប់បែក​វិទ្យុសកម្ម ដូច​រុស្ស៊ី​ចោទប្រកាន់​

ព័ត៌មានអន្តរជាតិ
0
75


​រដ្ឋធានី​កៀវ​៖ អ៊ុយ​ក្រែ​ន បាន​អញ្ជើញ​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ (Watchdog) របស់​អង្គការសហប្រជាជាតិ បាន​ចុះទៅ​ត្រួត​ពិនិត្យមើល​ទីតាំង ដែល​រុស្ស៊ី បាន​ចោទប្រកាន់​ក្រុង​កៀវ អំពី​ការរៀបចំ​បង្កើត​គ្រាប់បែក​វិទ្យុសកម្ម ហើយ​ពេល​ក្រុម​ជំនាញ ចុះទៅ​ដល់ រក​មិនឃើញ​មាន​ភស្ដុតាង​ណាមួយ ដូច​អ្វីដែល​ក្រុង​មូ​ស្គូ លើកឡើង​នោះឡើយ​។​

​សារព័ត៌មាន DW បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែវិច្ឆិកា ថា ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា ការធ្វើ​អធិការកិច្ច​របស់ខ្លួន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បា​នរក​មិនឃើញ​មាន​ភស្ដុតាង​ណាត​មួយ ពាក់​ព័​ន្ធឹ​ង​សកម្មភាព​វិទ្យុសកម្ម ដូច​ករ​ចោទប្រកាន់​របស់​រុស្ស៊ី នោះឡើយ​។​

​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ហៅ​កាត់ IAEA បានបញ្ជាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា ការត្រួតពិនិត្យ​នេះ ត្រូវបាន​ស្នើឡើង ដោយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ហើយ​ខ្លួន​មិនបាន​រកឃើញ​មានការ​ចង្អុលបង្ហាញ​ណាមួយ ពាក់​សកម្មភាព និង​សម្ភារ​នុយក្លេអ៊ែរ ដែល​មិនបាន​ប្រកាស​នោះទេ​។ ក្រុម​អ្នកជំនាញ​របស់ខ្លួន បាន​ត្រួតពិនិត្យ នៅក្នុង​ទីតាំង​ចំនួន​៣ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ត្រូវ​បានផ្តល់​សិទ្ធិ​ចូលទៅ​កាន់​ទីតាំង​ទាំងនោះ ដោយ​មិនមាន​ការរំខាន រួមមាន វិទ្យាស្ថាន សម្រាប់​សិក្សា​ស្រាវជ្រាវ​នុយក្លេអ៊ែរ ស្ថិតក្នុង​ទីក្រុង​កៀវ​, រោងចក្រ​រុករក​រ៉ែ និង កែច្នៃ ភាគ​ខាងកើត ស្ថិតនៅ​ទីក្រុង​ហ្សូ​វ​ទី វូ​ឌី (Zhovti Vody) និង រោងចក្រ​សាងសង់​ម៉ាស៊ីន​ភី​វ​ដែន​នី (Pivdennyi) សមាគម​ផលិតកម្ម នៅក្នុង​ឌី​នី​ប្រូ នោះឡើយ​។​

​អង្គការ​មាន​មូលដ្ឋាន នៅ​ទីក្រុង​វី​យ៉ែ​ន មួយ​នេះ បានបញ្ជាក់ ថា «​ដោយ​ផ្អែកលើ​ការវាយតម្លៃ អំពី​លទ្ធផល ដែលមាន រហូតមកដល់​បច្ចុប្បន្ន និង ព័ត៌មាន​ផ្តល់​ឲ្យ ដោយ​អ៊ុយ​ក្រែ​ន គឺ​ទីភ្នាក់ងារ​អន្ដរជាតិ​មួយ​នេះ មិនបាន​រកឃើញ អំពី​ការចង្អុលបង្ហាញ​ណាមួយ ពាក់ព័ន្ធ​នឹង​សកម្មភាព​នុយក្លេអ៊ែរ និង សម្ភារ​ដែល​មិនបាន​ប្រកាស នៅ​ទីតាំង​ទាំង​នោះឡើយ​»​។​

​សេចក្ដីថ្លែងការណ៍ ដដែល​នោះ បាន​បន្ថែម ថា ក្រុមអធិការកិច្ច​រប​ស់​អង្គការសហប្រជាជាតិ ក៏បាន​យក​សំណាក​បរិស្ថាន ដែល​នឹងត្រូវ​បញ្ជូន​ចេញ សម្រាប់​ការវិភាគ នៅក្នុង​មន្ទីរពិសោធន៍ ហើយ IAEA នឹង​រាយការណ៍​ឡើងវិញ អំពី​លទ្ធផល​នេះ​។​

​ទីតាំង​ទាំង​៣​នោះ ធ្លាប់​ត្រូវបាន​រុស្ស៊ី លើកឡើង ថា មានការ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​របស់​ក្រុង​មូ​ស្គូ ថា អ៊ុយ​ក្រែ​ន គ្រោង​នឹង​ប្រើប្រាស់​គ្រាប់បែក​កខ្វក់ ដែលជា​ឧបករណ៍​បំផ្ទុះ​ធម្មតា មាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម ជីវសាស្ត្រ ឬ​សារ​ធាតុគីមី​។​

​លោក វ៉ាស​ស៊ី​លី ណេ​បេន​ហ្ស៊ី​យ៉ា (Vassily Nebenzia) ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​អះអាង នៅក្នុង​លិខិត​មួយ បញ្ជូន​ទៅកាន់​សមាជិក ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ កាលពី​សប្ដាហ៍​មុន ថា សម្ភារ​ស្រាវជ្រាវ​នុយក្លេអ៊ែរ និង ក្រុមហ៊ុន​រុករក​រ៉ែ​របស់​អ៊ុយ​ក្រែ​ន បានទទួល​បញ្ជា ដោយផ្ទាល់ ពីរ​បប​គ្រប់គ្រង​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ដើម្បី​បង្កើត​គ្រាប់បែក​វិទ្យុសកម្ម​នេះ​ឡើង​។ ប៉ុន្ដែ​ក្រុង​មូ​ស្គូ មិនបាន​ផ្ដល់​ភស្ដុតាង សម្រាប់​ការអះអាង​របស់ខ្លួន​នោះឡើយ ហើយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ក៏បាន​ទាត់ចោល​ការចោទប្រកាន់​របស់​រុស្ស៊ី ផងដែរ​។​

​ដោយឡែក ក្រុមមន្ដ្រី​អ៊ុយ​ក្រែ​ន និង បណ្ដា​ប្រទេស​បស្ចិម​លោក បាន​ចោទប្រកាន់ ដល់​ក្រុង​មូ​ស្គូ អំពី​ការ​ប្រឌិត​រឿង​គ្រាប់បែក​វិទ្យុសកម្ម​នេះ​ឡើង ដើម្បី​ជា​លេស វាយប្រហារ​ដោយ​នុយក្លេអ៊ែរ និង ស្ដីបន្ទោស ទៅលើ​ក្រុង​កៀវ ខណៈ​កម្លាំង​ទាហាន​រុស្ស៊ី កំពុងតែ​ចាញ់​ប្រៀប​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​៕​