បាញ់ប្រហារ​លើ​អតីត​នាយករដ្ឋមន្ដ្រី កំពុង​ទាមទារ​ឲ្យ​បោះឆ្នោត​មុន​អាណ​ត្ដិ​

ព័ត៌មានអន្តរជាតិ
0
58


​រដ្ឋធានី​អ៊ិ​ស្លាម​បាដ​៖ អតីត​នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan) កំពុងតែ​ដឹកនាំ​ការតវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល បោះឆ្នោត មុន​អាណ​ត្ដិ ស្រាប់​តែមាន​ខ្មាន់កាំភ្លើង បើក​ការបាញ់ប្រហារ បណ្ដាល​ឲ្យ​គាត់​រងរបួស ខណៈ​អ្នកគាំទ្រ​របស់គាត់​ម្នាក់​បាត់បង់​ជីវិត និង ១៤​នាក់​ផ្សេងទៀត​រងរ​បួ​។​

​សារព័ត៌មាន Business Recorder បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​៤ ខែវិច្ឆិកា ថា លោក អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan) អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន បាន​រងរបួស​ជើង ប៉ុន្ដែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។ ការបាញ់ប្រហារ​នេះ​បានកើត​ឡើង ខណៈ​កំពុងតែ​ជួបជុំ​នយោបាយ​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​គណបក្ស​របស់គាត់ បាន​ហៅ​សកម្មភាព​នេះ ជាការ​ប៉ុនប៉ង​ធ្វើឃាត ដែល​បានសម្លាប់​មនុស្ស​ម្នាក់ និង ជាច្រើន​នាក់​ផ្សេងទៀត បាន​រងរបួស​។

​ក្រុម​វេជ្ជបណ្ឌិត បានបញ្ជាក់ ថា ការបាញ់ប្រហារ កាលពី​វេលា​ម៉ោង​៤ និង​៤១​នាទី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែវិច្ឆិកា នោះ បាន​បណ្ដាល​ឲ្យ​លោក ខាន់ រងរបួស​ជើង​ខាងស្ដាំ​។ ចំណែក​អ្នកគាំទ្រ​របស់គាត់​ម្នាក់ បាន​បាត់​បង់ជីវិត និង ១៤​នាក់​ផ្សេងទៀត រងរបួស​។​

​វីដេអូ បាញ់ប្រហារ​នោះ បានឃើញ​លោក ខាន់ គ្រវី​ដៃ នៅលើ​រថយន្ដ​ធំ នៅ​ខាងក្រៅ​ទីប្រជុំជន ហ្គូ​ច​រ៉ា​ន់​វ៉ា​ឡា (Gujranwala) ស្ថិតក្នុង​ខេត្ត​ពុន​ចាប (Punjab) ខណៈនោះ ក៏មាន​ការបាញ់ប្រហារ​ឡើង​តែម្ដង​។​

​លោក អាសាដ អ៊ូ​ម៉ា (Asad Umar) មន្ដ្រីជាន់ខ្ពស់​គណបក្ស Tehreek-e-Insaf (PTI) បាន​អះអាង ថា គ្រាប់កាំភ្លើង​បាន​ហោះ មក​ត្រូវ​ជើង​របស់លោក ខាន់ (Khan) ហើយ​ឆ្អឹង​ជើង​របស់គាត់ ទំនងជា​ប្រេះ​។ ការវាយប្រហារ​នេះ បានកើត​ឡើង នៅក្នុង​ស្រុក​វ៉ា​ហ្ស៊ី​រា​បាដ (Wazirabad) ខេត្ត Punjab នា​ភាគ​ខាងកើត ខណៈ​លោក Khan កំពុងតែ​ធ្វើដំណើរ​តាម​ក្បួន​រថយន្ត ឆ្ពោះទៅកាន់​រដ្ឋធានី​អ៊ិ​ស្លាម​បាដ (Islamabad) ដែលជា​ផ្នែក​មួយ នៃ​យុទ្ធនាការ​របស់គាត់ នៅក្នុង​គោលបំណង​បង្ខំ​ឱ្យ​រដ្ឋាភិបាល រៀបចំ​ការបោះឆ្នោត នៅមុន​កាលកំណត់​។​

​លោក អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan) ត្រូវបាន​បណ្តេញ​ពី​តំណែង នៅក្នុង​ការបោះឆ្នោត ដក​ទំនុកចិត្ត​ពី​រដ្ឋសភា កាលពី​ខែមេសា ឆ្នាំ​២០២២ ដោយសារតែ​វិបត្ដិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ អតីត​នាយករដ្ឋមន្ដ្រី​រូបនេះ បាន​ចោទប្រកាន់ ថា ការបណ្តេញ​គាត់ ចេញពី​តំណែង ក៏​ជាការ​សមគំនិត បង្កើតឡើង ដោយ​អ្នក​ស្នង​តំណែង​បន្ទាប់ពី​គាត់ គឺ​លោកនាយក​រដ្ឋមន្ត្រី សា​បាស សារី​ហ្វ (Shahbaz Sharif) និង សហរដ្ឋអាមេរិក​៕​