​តំណាងរាស្ដ្រ​របស់​គណ​បក្ស MFP ព្រមាន​ពី​គណបក្ស​ភឿ​ថៃ អំពី​ការ​ចាញ់​បញ្ឆោត​របស់​ក្រុម​អភិរក្សនិយម​

ព័ត៌មានអន្តរជាតិ
0
11


​រាជធានី​បាងកក​៖ ប្រទេស​ថៃ បាន​ជាប់​គាំទ្រ​ខាង​នយោបាយ ចាប់តាំងពី​ការបោះឆ្នោត​សកល កាលពី​ថ្ងៃទី​១៤ ខែឧសភា រហូតមក ដោយ​មិនអាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន ព្រោះតែ​សមាជិកសភា និង ព្រឹទ្ធសភា ប្រឆាំងនឹង​បេក្ខជន​នាយករដ្ឋមន្ដ្រី មកពី​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP ហើយ​ឥឡូវនេះ សមាជិកសភា​មកពី​គណបក្ស​ឈ្នះឆ្នោត​មួយ​នេះ បាន​ព្រមាន​ដល់​គណបក្ស​ភឿ​ថៃ អំពី​ការ​ចាញ់​បញ្ឆោត​របស់គេ ស្របពេល​គណបក្ស​ជា​ដៃគូ​ដំបូង​មួយ​នេះ ចង់ទៅ​ចង​សម្ពន្ធភាព​ជាមួយនឹង​គ​ណ​បក្ស​ផ្សេងៗ​ទៀត ដែល​មេដឹកនាំ​របស់​ពួកគេ មាន​តំណែង​ខ្ពង់ខ្ពស់ នៅក្នុង​ជួរ​គណៈរដ្ឋមន្ដ្រី នៃ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ដ្រី លោក ប្រា​យុទ្ធ ចាន់​-​អូ​-​ចា (Prayut Chan-o-cha) ។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៦ ខែសីហា ថា សមាជិកសភា មកពី​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party ហៅ​កាត់ MFP កំពុងតែ​ជំរុញ​ឲ្យ​គណបក្ស​ភឿ​ថៃ (PT) ពិចារណា​ឡើងវិញ ចំពោះ​ការបញ្ចប់​នូវ​សម្ពន្ធភាព​នយោបាយ​ដំបូង​របស់ខ្លួន ដែលមាន​គោលបំណង​រួបរួមគ្នា បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី​។​

​លោក វី​រ៉ូ ឡាក់​ខា​ណា​អា​ឌី​សន (Wiroj Lakkhanaadisorn) សមាជិកសភា​មួយរូប មកពី​គណបក្ស MFP បាន​សរសេរ​សារ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយនិយាយ​សំដៅ​ទៅលើ​គណបក្ស​ភឿ​ថៃ ថា «​មិត្ត​អើយ​! សូមកុំ​ឡើង​រថយន្ដ ជាមួយនឹង​ពួកគេ​អី ។ ពួកគេ​បញ្ឆោត​អ្នក​ឱ្យធ្វើ​ដំណើរ​ឡើង​ទៅលើ​កំពូលភ្នំ រួចហើយ​នៅ​ទីបំផុត រុញ​ទម្លាក់​អ្នក​មកវិញ​ទេ​។ អ្នក​បាន​ខិតខំរ​ត់ទៅ​ឆ្ងាយ​ពី​ក្រុម​អភិរក្សនិយម​រួចហើយ បែរជា​ត្រឡប់ មក​ឡើងក​ប៉ាល់​របស់​គេ​វិញ​យ៉ាង​លឿន​។ យើង​កំពុងតែ​រង់ចាំ​អ្នក​នៅទីនេះ​។ ដំបូង​ឡើយ គណបក្ស MFP និង គណបក្ស​ភឿ​ថៃ បាន​ខិតខំ​ព្យាយាម​រួបរួមគ្នា ចង​សម្ពន្ធភាព​ចម្រុះ ចំនួន​៨​គណបក្ស ដោយមាន​សមាជិកសភា សរុប​៣១២​នាក់ កាន់​នៅក្នុង​ដៃ ស្របពេល​ក្រុម​អភិរក្សនិយម មាន​សមាជិកសភា ត្រឹមតែ​១៨៨​នាក់​ប៉ុណ្ណោះ នៅក្នុង​សភា​ជាន់​ទាប​»​។​
ពាណិជ្ជកម្ម

​សមាជិកសភា មកពី​គណបក្ស​ឆ្ពោះទៅមុខ រូបនេះ បាន​បន្ដ ថា បើ​រាប់​ត្រឹមតែ​សមាជិកសភា មកពី​គណបក្ស​ឆ្ពោះទៅមុខ និង គណបក្ស​ភឿ​ថៃ ទាំង​២​តែ​២​គណបក្ស​ប៉ុណ្ណោះ ក៏មាន​អាសនៈ នៅក្នុង​រដ្ឋសភា រហូតដល់​ចំនួន​២៩២​នាក់​ផងដែរ​។ ដូច្នេះ គណបក្ស​ទាំង​២​នេះ នឹងមាន​ឱកាសល្អ យកឈ្នះ​លើ​ក្រុម​អភិរក្សនិយម គ្រប់ពេលវេលា​។ បើទោះជា​បច្ចុប្បន្ន គណបក្ស MFP និង បក្ស​ភឿ​ថៃ ទាំង​២​នេះ ពិបាក​នឹង​យកឈ្នះ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី ក៏ដោយ ព្រោះ​ត្រូវការ​សំឡេងគាំទ្រ ភាគច្រើន មកពី​សមាជិក​ព្រឹទ្ធសភា ដែល​លើក​បន្ដុប​ដោយ​ពួកយោធា ប៉ុន្ដែ​គណបក្ស​ធំ​ទាំងពីរ​នេះ នឹង​នៅតែមាន​កម្លាំង​ពិសេស សម្រាប់​ប្រយុទ្ធ​ជាមួយនឹង​ក្រុម​អភិរក្សនិយម នៅក្នុង​សភា ប្រសិនបើ​គណបក្ស​ទាំង​២ នៅតែ​បន្ដ​រួបរួមគ្នា​យ៉ាងរឹងមាំ​។​

​លោក វី​រ៉ូ ឡាក់​ខា​ណា​អា​ឌី​សន សមាជិកសភា មកពី​គណបក្ស MFP ជឿ ថា គណបក្ស​ភឿ​ថៃ អាច​នឹងត្រូវ​បាន​គេ​ផ្តល់ជូន​នូវ​កិច្ចព្រមព្រៀង តាម​ការបញ្ចុះ​បញ្ចូល នៅមុន​ពេល​ពួកគេ​បានសម្រេច​ចិត្ត ទៅតាម​ផ្លូវ​របស់​ពួកគេ កាលពី​ថ្ងៃ​ពុធ​មុន (​ទី​២ ខែសីហា​)​។ បច្ចុប្បន្ន គណបក្ស​ភឿ​ថៃ និង គណបក្ស​MFP បាន​ឃ្លាតឆ្ងាយ​ពីគ្នា​។ បក្ស​ភឿ​ថៃ គួរតែ​គិតពិចារណា​ឡើងវិញ ថា ភឿ​ថៃ មាន​សមាជិកសភា ត្រឹមតែ ១៤១​នាក់​ប៉ុណ្ណោះ នៅក្នុង​ដៃ ខណៈ​ក្រុម​អភិរក្សនិយម មាន​សមាជិកសភា រហូតដល់​១៨៨ នាក់​។ ដូច្នេះ​មានន័យ ថា អំណាច​ចរចា​របស់​គណបក្ស​ភឿ​ថៃ នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង សម្រាប់​គណបក្ស​មួយ​នេះ ដែល​កំពុងតែ​ស្វែងរក​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។​

​សមាជិកសភា មកពី​គណបក្ស​ឆ្ពោះទៅមុខ រូបនេះ បាន​បន្ថែម ថា ទ្វារ​នៅតែ​ទុក​ចំហ រង់ចាំ​គណបក្ស​ផា​ឡាំង ប្រា​ឆា​រ៉ា​ត (Palang Pracharath Party) ហៅ​កាត់ (PPRP) ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ ប្រា​វីត វង់​ស៊ូ​វ៉ាន់ (Prawit Wongsuwan) និង គណបក្ស​រួបរួម​ជាតិ​ថៃ (United Thai Nation) ហៅ​កាត់ UTN របស់លោក​នាយករដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​-​អូ​-​ចា នឹង​ក្លាយជា​សម្ពន្ធភាព​ចម្រុះ ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ ជាពិសេស ដោយសារតែ​គណបក្ស​គាំទ្រ​ដោយ​យោធា​ទាំង​២​នេះ មាន​ឥទ្ធិពល ទៅលើ​សមាជិក​ព្រឹទ្ធសភា ដែល​ត្រូវបានតែងតាំង​។ ឥឡូវនេះ គណបក្ស​ភឿ​ថៃ ក៏​កំពុងតែ​បាត់បង់​ការគាំទ្រ ពី​រណសិរ្ស​រណសិរ្ស​ក្រហម​ដើម្បី​ប្រជាធិបតេយ្យ (UDD) ដែល​តែងតែ​គាំទ្រ​គណបក្ស​នេះ អស់​រយៈពេល​យូរ​មកហើយ រហូតដល់​ពួកគេ​ចាកចេញ ពី​ជំរំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

​លោក វី​រ៉ូ ឡាក់​ខា​ណា​អា​ឌី​សន បាន​បន្ដ ថា គាត់​បានកើត​ងឿងឆ្ងល់ ថា​តើ​គណបក្ស​ភឿ​ថៃ ខ្លាច​បាត់បង់​យុត្តិកម្ម​របស់ខ្លួន សម្រាប់​ការបន្ត​ដឹកនាំ​ការបង្កើត​រដ្ឋាភិបាល​ថ្មី ប្រសិនបើ​បរាជ័យ នៅក្នុង​ការគាំទ្រ​របស់​សមាជិក​ព្រឹទ្ធសភា ហើយ​ការ​ចាញ់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។ គេ​មិន​ឆ្ងល់​នោះឡើយ ថា នៅលើ​កំពូលភ្នំ​ដែល​គេ​នាំទៅ​នោះ តាមពិត​ជាទី​ត្រូវ​នាំទៅ​ប្រហារជីវិត​ទេ​ឬ​?

​សមាជិកសភា មកពី​គណបក្ស​ឆ្ពោះទៅមុខ រូបនេះ បាន​បន្ដទៀត ថា នៅក្នុង​សេណា​រី​យ៉ូ​ដ៏​ល្អ​បំផុត បើទោះជា​គណបក្ស​ភឿ​ថៃ បានទទួល​ជោគជ័យ នៅក្នុង​ការបង្កើត​សម្ពន្ធភាព​ថ្មី​យ៉ាងណាក៏ដោយ ក៏​គណបក្ស​ភឿ​ថៃ នឹងមិន​មានអំណាច​ច្រើន ហើយ​វា​ដូចជា​គណបក្ស​ភឿ​ថៃ នឹង​ស្ថិតនៅក្នុង​កណ្ដាប់ដៃ​រប​ស់​ក្រុម​អភិរក្សនិយម​។​
​ជាមួយគ្នានេះ លោក អា​នុសន អៀម​សា​-​អាដ (Anusorn Iamsa-ard) សមាជិកសភា មកពី​គណបក្ស​ភឿ​ថៃ បាន​អះអាង អំពី​ពី​បច្ចុប្បន្នភាព​ចុងក្រោយ ពី​ក្រុម​ចរចា​របស់ខ្លួន ថា គណបក្ស​ភឿ​ថៃ នៅតែ​រឹងមាំ​។ ការបង្កើត​រដ្ឋាភិបាល​ចម្រុះ គឺ​មិន​ងាយស្រួល​នោះឡើយ ហើយ​គណបក្ស​ភឿ​ថៃ នឹងមិន​ត្រូវបាន​គេ​បង្ខំ ឱ្យ​ទទួលយក​លក្ខខណ្ឌ​ណាមួយ ដែល​គណបក្ស ពិតជា​មិនអាច​សម្រេចបាន​នោះឡើយ​។​

​លោក អា​នុសន អៀម​សា​-​អាដ បាន​បន្ដ ថា «​គណបក្ស​ភឿ​ថៃ នៅតែមាន​គោលជំហរ​រឹងមាំ ថា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​-​អូ​-​ចា និង លោក​ឧ​ត្ត​ម​សេនីយ ប្រា​វីត វង់​ស៊ូ​វ៉ាន់ មិនត្រូវ​ក្លាយជា​ផ្នែក​ណាមួយ នៃ​សម្ពន្ធភាព​ចម្រុះ​ថ្មី ខណៈ​គណបក្ស​ភឿ​ថៃ កំពុងតែ​បង្កើតឡើង​នោះទេ​។​

​ដោយឡែក​ការ​វិវឌ្ឍន៍​ស្ថានការណ៍​នយោបាយ​ថ្មី​មួយ​ផ្សេងទៀត លោក រួ​ង​ក្រៃ លី​គីត​វ៉ាត​តា​ណា (Ruangkrai Leekitwattana ) ជា​សកម្មជន​នយោបាយ និង ជា​អតីត​សមាជិក​ព្រឹទ្ធសភា បាន​អះអាង ថា គាត់​នឹងដាក់​ញត្តិ​មួយ ទៅកាន់​ព្រឹទ្ធសភា ស្នើសុំ​ឲ្យ​ពិនិត្យមើល លើ​ការចោទប្រកាន់ អំពី​ការ​គេចពន្ធ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Sansiri កាលពី​ខែសីហា ឆ្នាំ​២០២១៩ ស្របពេល​លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) កំពុងតែ​ស្ថិតនៅ​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ​នេះ នៅក្នុង​ប្រទេស​ថៃ​។​

​លោក ឈូ​វីត កា​ម៉ូ​ល​វី​ស៊ីត (Chuvit Kamolvisit) សកម្មជន​នយោបាយ បានចង្អុលបង្ហាញ កាលពី​សប្តាហ៍​មុន ថា ក្រុមហ៊ុន​អចលនទ្រព្យ Sansiri បាន​បង់ពន្ធ​ត្រឹមតែ ៥៩,២​លាន​បាត (​លុយ​ថៃ​) ស្មើនឹង​ប្រហែល​ជាង ១,៧​ដុល្លារ​អាមេរិក ខណៈ​ប្រតិ​ប​ត្ដិ​ការ​នេះ ត្រូវ​បង់ រហូតដល់​៥២១​លាន​បាត ឬ​ស្មើនឹង​ប្រហែល​ជាង​១៥​លាន​ដុល្លារ​។ បច្ចុប្បន្ន លោក ស្រេ​ត​ថា កំពុងតែ​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ភឿ​ថៃ ហើយនឹង​ត្រូវ​តែងតាំង សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី នៅក្នុង​សភា នាពេល​ខាងមុខនេះ​៕