ពូ​ទីន បញ្ជា​ឲ្យ​ទាហាន​រុស្ស៊ី វាយប្រហារ​សងសឹក លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
95



​រដ្ឋធានី​កៀវ​៖ ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​កងទ័ពជើងទឹក​រុស្ស៊ី ប្រចាំ​នៅ​សមុទ្រ​ខ្មៅ ធ្វើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ខឹងសម្បា​យ៉ាងខ្លាំង ហើយ​បាន​បញ្ជា​ឲ្យ​កងទ័ព​របស់ខ្លួន បាញ់​មី​ស៊ី​ល​យ៉ាង​សន្ធាប់ ស្រោច​ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១ ខែវិច្ឆិកា ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី បាន​ញ្ជា​ក់ ថា ការវាយប្រហារ​របស់​រុស្ស៊ី ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន និង ការសម្រេចចិត្ត​បង្កក​ការចូលរួម នៅក្នុង​កម្មវិធី​នាំចេញ​គ្រាប់​ធញ្ញជាតិ តាម​ច្រក​សមុទ្រ​ខ្មៅ គឺជា​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន មកលើ​កង​នាវា​ប្រចាំ​សមុទ្រ​ខ្មៅ​របស់​ក្រុង​មូ​ស្គូ គ្រប់គ្រង នៅ​មូលដ្ឋាន​ទីក្រុង​សេ​វ៉ា​ស្ដូ​ប៉ូល (Sevastopol) នៅ​ឧបទ្វីប​គ្រី​មៀ​។ លោក ពូ​ទីន បាន​ស្ដីបន្ទោស​ដល់​អ៊ុយ​ក្រែ​ន ជុំវិញ​ការវាយប្រហារ មកលើ​មូលដ្ឋាន​កងទ័ពជើងទឹក​របស់ខ្លួន​។​

​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង រូបនេះ បាន​បន្ថែ ថា «​អ្វី​គ្រប់យ៉ាង មិនមែន​យើង​អាចធ្វើ​បាន​ទាំងអស់​នោះដែរ​»​។ រុស្ស៊ី បានចាប់ផ្តើម​វាយប្រហារ ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ នៅក្នុង​តំបន់​ចំនួន​១០​របស់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ចន្ទ បណ្តាល​ឱ្យដាច់​ចរន្តអគ្គិសនី និង ទឹកស្អាត នៅ​ទូទាំងប្រទេស​។​

​ប្រធានាធិបតី​រុស្ស៊ី បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ចន្ទ ថា ការវាយប្រហារ​ថ្មីៗ អាច​នឹង​ធ្វើឡើង​បន្ថែមទៀត ខណៈ​អ៊ុយ​ក្រែ​ន នៅតែ​បដិសេធ ថា ក្រុង​កៀវ មិនមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ នៅ​តំបន់​គ្រី​មៀ ហើយក៏​មិនបាន​ប្រើប្រាស់​ផ្លូវទឹក ត​តាម​នៅ​ច្រក​សមុទ្រ​ខ្មៅ សម្រាប់​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ ក្លាយជា​បុព្វហេតុ​យោធា​នោះដែរ​។​

​កម្លាំង​ទាហាន​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ បាន​បន្ដ​បាញ់ស្រោច​គ្រាប់​មី​ស៊ី​ល ទៅលើ​តំបន់​ចំនួន ៦ របស់​អ៊ុយ​ក្រែ​ន ដោយបាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ជាច្រើន រហូត​ធ្វើ​កាត់ផ្ដាច់​ចរន្តអគ្គិសនី និង ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​។

​អាជ្ញាធរ​អ៊ុយ​ក្រែ​ន បានបញ្ជាក់ ថា ប្រជាជន ប្រហែល​១៤០ ០០០​នាក់ មិនមាន​អគ្គិសនី​ប្រើប្រាស់ ក្រោយពេល​រុស្ស៊ី បាន​វាយប្រហារ មកលើ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សំខាន់ៗ​របស់ខ្លួន​។ ជាមួយគ្នានេះ អ៊ុយ​ក្រែ​ន ក៏បាន​អះអាងថា កងទ័ព​ការពារ​ទឹកដី​ក្រុង​កៀវ ក៏បាន​បាញ់​ទម្លាក់​មី​ស៊ី​ល ចំនួន​៤៤​គ្រាប់ នៅក្នុង​ចំណោម​៥០​គ្រាប់​របស់​រុស្ស៊ី​៕​